លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងជាមហាសេដ្ឋីលេខ ២០ ពិភពលោកឆ្នាំ ២០១៥
លោក Sergey Brin ជាសហគ្រិនលើវិស័យអ៊ីនធឺណិត និង ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ សញ្ជាតិរុស្សី កាត់អាមេរិក។ លោក Sergey Brin ទទួលបានភាពល្បីល្បាញតាមរយៈកេរ្តិ៍ឈ្មោះជាសហស្ថាបនិក ក្រុមហ៊ុន Google ជាមួយលោក Larry Page។ នៅចុងឆ្នាំ ២០១៥ នេះ លោកSergey Brin កំពុងឈរ ក្នុងចំណាត់ថ្នាក់លេខ ២០ ជាមហាសេដ្ឋីមានជាងគេលើលោក ជាមួយនឹងទ្រព្យសម្បត្តិ ៣៧,៩ ពាន់លានដុល្លារ នេះបើយោងតាមគេហទំព័រ Forbes គិតត្រឹមថ្ងៃទី ១៧ ធ្នូ ២០១៥។ តើមហាសេដ្ឋី Sergey Brin មានប្រវត្តិការសិក្សានិងបទពិសោធន៍ដូចម្តេចខ្លះ?
លោក Sergey Brin មានឈ្មោះពេញថា Sergey Mikhaylovich Brin កើតនៅថ្ងៃទី ២១ សីហា ឆ្នាំ ១៩៧៣ នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី ដោយមានឪពុកជាសាស្ត្រាចារ្យ គណិតវិទ្យា នៅក្នុងសាកលវិទ្យាល័យ University of Maryland និងម្តាយជាអ្នកស្រាវជ្រាវនៅអង្គការណាសា។ នៅពេលដែលលោក Sergey Brin មានវ័យ ៦ ឆ្នាំ គ្រួសាររបស់លោកបានសម្រេចចិត្តធ្វើចំណាក់ស្រុកទៅរស់នៅក្នុងទឹកដីអាមេរិក។ លោក Sergey Brin ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍មួយថាលោកបានបង្ខំចិត្តបោះបង់ចោលមហិច្ឆតាចង់ក្លាយជាអវកាសយានិក។
លោក Sergey Brin បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គណិតវិទ្យា និង វិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ Maryland។ បន្ទាប់មកទៀតលោកបានចូលរៀននៅក្នុងសាកលវិទ្យាល័យ Stanford ថ្នាក់អនុបណ្ឌិត វិទ្យាសាស្ត្រកុំព្យូទ័រ ដែលនៅទីនោះហើយដែលលោកបានជួបជាមួយនឹងលោក Larry Page ដោយអ្នកទាំងពីរបានបន្តការសិក្សារហូតដល់ថ្នាក់បណ្ឌិត វិទ្យាសាស្ត្រកុំព្យូទ័រ។
ក្នុងគម្រោងស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford លោក Sergey Brin និងលោក Larry Page បានបង្កើតកម្មវិធីស្រាវជ្រាវមួយ(Search Engine) ដែលផ្អែកលើឈ្មោះគេហទំព័រណាដែលមានប្រជាប្រិយជាងគេ ឲ្យឈរនៅមុខគេ ដោយគេហៅកម្មវិធីនោះថា Google ដោយផ្នែកតាមពាក្យបច្ចេកទេសក្នុងគណិតវិទ្យា Googol ដែលសំដៅទៅលើលេខ ១ ដែលតាមពីក្រោយដោយលេខ ១០០ ផ្សេងទៀត។
ដើម្បីធ្វើឲ្យគម្រោងរបស់ខ្លួនលេចចេញជារូបរាងពិតប្រាកដអ្នកទាំងពីរបានដើរប្រមូលប្រាក់ពីគ្រួសារ មិត្តភ័ក្ដិ និង វិនិយោគិនមួយចំនួនទៀតបាន ១ លានដុល្លារដោយអ្នកទាំងពីរបានសម្រេចចិត្តបើកក្រុមហ៊ុន Google ជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៨ ដោយបានដាក់ទីស្នាក់ការកណ្តាលក្នុងតំបន់ Silicon Valley រដ្ឋ California។ នៅក្នុងឆ្នាំ ២០០៤ ក្រុមហ៊ុន Google បានចេញដំណើរការជាផ្លូវការដល់សាធារណៈជនដែលចាប់ផ្តើមធ្វើឲ្យលោក Sergey Brin និងលោក Larry Page ចាប់ផ្តើមលេចមុខមាត់ជាមហាសេដ្ឋី មកទល់ចុងឆ្នាំ ២០១៥ នេះកម្មវិធី Google ទទួលបានការប្រើច្រើនជាមធ្យមច្រើនជាង ៦ ពាន់លានក្នុងមួយថ្ងៃ។
0 comments:
Post a Comment