ស្ទូឌីយោលេខ៧

តំណក់​ញើស​ដណ្ដើម​គ្នា​ហូរ​មក​ផ្សើម​រាង​កាយ​ខ្ញុំ​ជោកជាំ​កណ្ដាល​ចំហាយ​ម៉ាស៊ីន​ត្រជាក់​ដែល​កំពុង​តែ​បញ្ចេញ​អនុភាព​ត្រជាក់​ស្រេង។ ខ្ញុំ​សន្លឹង​ផ្ដោត​ទៅ​សាកសព​ឆវីវីន​ ពិធីការ នី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​របស់​ស្ថានីយ​វិទ្យុ​ ហើយ​ដែល​មុន​ប្រមាណ​ជា​១០នាទី ខ្ញុំ​ទើប​តែ​លឺ​សូរ​សំឡេង​ស្រទន់​ពីរោះ​របស់​នាង​បង្ហើរ​តាម​រលក​ធាតុ​អាកាស​នៅ​ឡើយ។ សាកសព​នៅ​ស្រស់​ញញឹម​ ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ការ​រឹត​ក​ផ្ដាច់​ដង្ហើម ហើយ​ឧបករណ៍​ដែល​ឃាតក​ប្រើ​ប្រាស់​សម្រាប់​អំពើ​ឃាតកម្ម​នេះ គឺ​ជា​ខ្សែ​ភ្លើង​មួយ​ខ្សែ​ដែល​វា​បន្សល់​ទុក​ក្បែរ​ជើង​កៅអី។ ឆវីវីន​ស្លាប់​នៅ​លើ​កៅអី​ក្បែរ​មីក្រូហ្វូន​ បាន​ន័យ​ថា នាង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ពេល​ដែល​នាង​កំពុង​បំពេញ​ការងារ…។
ខ្ញុំ​ឈរ​ផ្អែក​ជញ្ជាំង​ដោយ​ហេងហាង​ក្នុង​ចិត្ត… ខ្ញុំ​គិត​ហើយ​គិត​ទៀត គិត​រហូត​ស្ទើរ​តែ​ងងឹត​មុខ​ដួល ដោយ​គិត​មិន​យល់​ថា​ ហេតុ​អ្វី​រឿង​នេះ​កើត​ឡើង​នៅ​កន្លែង​ខ្ញុំ?ហេតុអ្វី​បាន​ជា​គេ​សម្លាប់​នាង? ហើយ​គេ​នោះ​ជា​អ្នក​ណា?
លោក​នាយក!
សំឡេង​ហៅ​មួយ​ឃ្លា​នេះ​ ថ្វី​ត្បិត​តែ​លាន់​ឮ​តិចៗ​មែន តែ​វា​មាន​ឥទ្ធិពល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ដូច​គេ​កន្ត្រាក់ ព្រោះ​ស្មារតី​របស់​ខ្ញុំ​ កំពុង​ត្រូវ​បាន​រវើរវាយ​ទៅ​តាម​ការ​ស្លាប់​យ៉ាង​ទាន់​ហន់​របស់​ឆវីវីន ស្ទើរ​តែ​អស់​រលីង​ពី​រាង​កាយ​ទៅ​ហើយ…។
ខ្ញុំ​ងាក​មក​រក​ម្ចាស់​សំឡេង​ដែល​នៅ​ឈរ​កៀក​នឹង​ខ្ញុំ​ ពី​ពេល​ណា​មក​ក៏​មិន​ដឹង​ ។​ក្រសែ​ភ្នែក​ភ្លឺ​មុត​ ដែល​ជះ​សម្លឹង​មក​ខ្ញុំ ខ្ញុំ​រឹត​តែ​បង្កើត​អោយ​ខ្ញុំ​នូវ​​អារម្មណ៍​មិន​ស្រួល​​ទ្វេ​ឡើង ។
ខ្ញុំ​តាំង​ស្មារតី​​តប​ទៅ​វិញ​៖
បាទ?
នាយ​ប៉ូលិស​វ័យ​ក្មេង តប​មក​កាន់​ខ្ញុំ​ដោយ​ទឹក​មុខ​ស្មើ​ធេង៖
ដោយ​សារ​តែ​ជន​រង​គ្រោះ​ត្រូវ​ធ្វើ​ឃាត​ក្នុង​បន្ទប់​ផ្សាយ​ ហើយ​នៅ​ស្ថានីយ​វិទ្យុ​ដែល​លោក​គ្រប់គ្រង​ដោយ​ផ្ទាល់​ ដូច្នេះ​សូម​លោក​​ជួយ​សម្រួល​ដល់​ប៉ូលិស​ក្នុង​ការ​អង្កេត​ផង…!
ខ្ញុំ​ពោល​សួរ​បន្ថែម​ទាំង​គ្មាន​អារម្មណ៍​នឹង​ន​បន្តិច​សោះ ៖
ថា​មក​ចុះ!ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?
នាយ​ប៉ូលិស​រូប​នេះ​តប​មក​វិញ​ដោយ​អាការៈ​មាំទាំ ៖
ប៉ូលិស​សូម​ឃាត់​ខ្លួន​មនុស្ស​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ​ដើម្បី​សួរ​ចម្លើយ​ រួម​ទាំង​លោក​ផង !មុន​ពេល​មាន​ការ​អនុញ្ញាត អត់មាន​​អ្នក​ណា​អាច​ចេញ​បានទេ !
ក្រោម​ពន្លឺ​ម៉ាស៊ីន​ថត​ដែល​ក្រុម​អ្នក​សារព័ត៌មាន​កំពុង​ប្រជ្រៀត​ចុច​​ពី​មាត់​ទ្វារ​បន្ទប់​ទោះ​បី​ប៉ូលិស​ព្យាយាម​រារាំង​យ៉ាង​ណា​ក្ដី​នោះ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​គ្មាន​លទ្ធភាព​អ្វី​ដើម្បី​រារាំង​កិច្ចការ​របស់​ប៉ូលិស​បាន​ឡើយ បាន​ត្រឹម​តែ​ឈរ​ទ្រឹង​សម្លឹង​សព​ឆវីវីន សហ ការិនី​ដ៏​ល្អ​ដែល​កំពុង​ត្រូវ​បាន​ក្រុម​ជំនាញ​លើក​បញ្ជូន​ចាក​ចេញ​ពីស្ទូឌីយោលេខ៧ ទី​ដែល​នាង​នឹង​មិន​ត្រឡប់​មក​វិញ​ជា​រៀង​រហូត។
ខ្ញុំ​ងាក​ទៅ​រក​សហការី​ក្រោម​បង្គាប់​ផ្សេង​ទៀត ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ទាំង​អស់​គ្នា ខ្ញុំ​ឃើញ​នាង​ម៉ាណា​កំពុង​ឈ្ងោក​មុខ​យំ​សស្រាក់​ ក្បែរ​នោះ​ម៉ានិត​ដេត ភ្នែក​ក្រហម​ស្ទើរ​ស្រក់​ឈាម ហើយ​នាយ​ថូនី​វិស្វករ ដែល​ទើប​នឹង​អញ្ជើញ​មក​ពី​អាមេរិក​បាន​ប្រមាណ​មិន​ដល់​៣​ខែ​ផង​នោះ​ ក៏​កំពុង​មុខ​ខ្មៅ​ប៉ែ​ឈរ​ស្ងៀម​លែង​និយាយ​ស្ដី​ដែរ។ ងាក​ទៅ​ម្ខាង​ទៀត​ នាង​ទុំ​ក្មេង​ស្រី​ជំទង់​កូន​អ្នក​ជនបទ​ម្នាក់​ដែល​ខ្ញុំ​ជួល​ឲ្យ​មក​ធ្វើ​ការ​ជា​អ្នក​លើក​ទឹក​ និង​បោស​សម្អាត​នៅ​ស្ថានីយ​វិទ្យុ​នេះ កំពុង​សសៀរ​ខ្លួន​រក​ចាកចេញ​ពី​បន្ទប់​ផ្សាយ​ដោយ​ដើរ​តិចៗ​សំដៅ​ទៅ​រក​មាត់​ទ្វារ​ទាំង​មុខ​ស្លាំង​ ប៉ុន្តែ​អធិការ​ប៉ូលិស​វ័យ​ក្មេង​ ដែល​អម្បាញ់មិញ​ នៅ​ឈរ​ក្បែរ​ខ្ញុំ​នៅ​ឡើយ ស្ទុះ​ទៅ​រាំង​ពី​មុខ​ជាប់​ ដោយ​ពោល​ម៉ាត់ៗ​ទៅ​កាន់​នាង ៖
ប៉ូលិស​មិន​ទាន់​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​ទី​នេះ​ទេ​នាង !
ក្មេង​ស្រី​លើក​ទឹក​ មុខ​ស្លាំង​លើស​ដើម នាង​ងាក​មក​សម្លឹង​មុខ​ខ្ញុំ របៀប​សុំ​ជំនួយ ខ្ញុំ​ក៏​ពោល​ទៅ​កាន់​ប៉ូលិស​នោះ ៖
លោក​ប៉ូលិស ! ក្មេង​ស្រី​នេះ​ឆាប់​ស្លុត​ណាស់ សូម​អនុញ្ញាត​ឲ្យ​នាង​ទៅ​ផ្ទះ​វិញ​សិន​បាន​ទេ​លោក ?
ប៉ូលិស​រូប​នេះ ងាក​មក​សម្លឹង​ខ្ញុំ​ថ្មែ គេ​ពោល​មួយៗ​ តែ​វាចា​មួយ​ម៉ាត់ៗ​មុត​ដូច​កាំបិត ៖
លោក​នាយក​ អ្នក​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​នៅ​ទីនេះ ឥលូវ​អ្នក​ណា​ជា​ឃាតក ក៏​មិន​ទាន់​រក​ឃើញ ហេតុ​នេះ​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នេះ​ទាំង​ប៉ុន្មាន​ គឺ​សុទ្ធ​សឹង​តែ​ត្រូវ​ជាប់​សង្ស័យ​ទាំង​អស់ បើ​មិន​ទាន់​ឆ្លង​កាត់​ការ​សួរ​ចម្លើយ​ទេ អ្នក​ណា​ក៏​ចេញ​មិន​បាន​ដែរ។
ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​ដូច​កំពុង​ដឹង​ថា ខ្លួន​ជិត​ត្រូវ​គេ​ចាប់​បោះ​ទម្លាក់​ក្នុង​សមុទ្រ​ដូច្នេះ​ដែរ បាន​ន័យ​ថា ខ្ញុំ​និង​សហ​ការី​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នេះ កំពុង​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​ហើយ? ដែល​ប្រការ​នេះ​ ខ្ញុំ​មិន​ធ្លាប់​គិត​ដល់​សោះ​ថា ក្នុង​ចំណោម​ពួក​យើង​ទាំង​៥នាក់ មាន​នរណា​ម្នាក់​ជាតក​សម្លាប់​ឆវីវីន​នោះ?
ខ្ញុំ​សម្លឹង​ទៅ​នាង​ទុំ ក្មេង​អ្នក​លើក​ទឹក​ឃើញ​នាង​បើក​ភ្នែក​គ្រលួង​សម្លឹង​ទៅ​មានិតដេត​ភ្លៀកៗ រួច​យំ​ង៉ោង… ប្រហែល​ជា​សភាពការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​បែប​នេះ នាង​មិន​ធ្លាប់​ជួប​ប្រទះ​ពីមុន​មក​ទេ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ទប់​ស្មារតី​បាន ទ្រហោ​យំ​ឥត​អៀន​ខ្មាស​ដូច្នេះ។
សំឡេង​មួយផ្សេងទៀត​​​លាន់​មក​លាន់​ក្រអៅ ៖
បំបែក​មនុស្ស​សួរ​ចម្លើយ !
ខ្ញុំ​ងាក​ភ្លែត​ទៅ​រក​មាត់​ទ្វារ​ទាំង​អរ​ភើត​ក្នុង​ចិត្ត​ព្រោះ​ស្គាល់​ថា ជា​សំឡេង​របស់​វិចិត្រ​ប្អូន​ប្រុស​ជីដូន​មួយ​ខ្ញុំ។
ពិត​ណាស់​ស្ថានីយ​វិទ្យុ​​នេះ​ស្ថិតនៅ​ក្នុង​មូលដ្ឋាន​ដែល​ប្អូន​ប្រុស​ខ្ញុំ​គ្រប់​គ្រង … ដូច្នេះ​តាម​មើល​ ការ​អង្កេត​ករណី​ឃាតកម្ម​នេះ គឺ​ក្រុម​វិចិត្រ​ប្អូន​ប្រុស​ខ្ញុំ​មក​ធ្វើ​ ឃើញ​ថា​ខ្ញុំ​រាង​ធូរ​ចិត្ត​ជាង​មុន​បន្តិច។ វិចិត្រ​ជា​ប៉ូលិស​យូរ​ឆ្នាំ​មក​ហើយ… ក៏​អាស្រ័យ​ដោយ​បញ្ញា​វាងវៃ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការងារ​នេះ​ដែរ ដែល​គេ​អាច​ទទួល​ឋានៈ​ជា​​នាយ​ប៉ុស្តិ៍​វ័យក្មេង​ជាមួយ​នឹង​ស្នាដៃ​ក្រាស់​ក្រែល​រួច​មក​ហើយ​ ។លើ​ករណី​ឃាតកម្ម​នៅ​ស្ទូឌីយោ​លេខ៧​​​លើក​នេះ បើ​ប្អូន​ខ្ញុំ​គេ​ចុះ​ធ្វើ​ផ្ទាល់​ហើយ​ ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​វែក​មុខ​ឃាតក។
ពួក​យើង​ត្រូវ​ប៉ូលិស​បំបែក​នាំ​ទៅ​សួរ​ចម្លើយ​នៅ​បន្ទប់​ផ្សេងៗ​ពី​គ្នា សំណាង​ល្អ​ដោយ​វិចិត្រ​ប្អូន​ប្រុស​ខ្ញុំ​ គឺ​ជា​អ្នក​សួរ​ចម្លើយ​ខ្ញុំ​ដោយ​ផ្ទាល់​ ដូច្នេះ​អារម្មណ៍​ខ្ញុំ​មិន​អាក្រក់​ដូច​ពេល​មុន​នេះ​ប៉ុន្មាន​ទេ។
៥នាទីកន្លងដែលខ្ញុំលង់ក្នុងភាពខ្វល់ខ្វាយ សំឡេង​គ្រហែម​របស់​គេ​ធ្វើ​អោយ​ខ្ញុំ​ងើប​មុខ​ឡើង​វិញ​ប្រឈម​ទៅ​នឹង​ការពិត​ដែល​ទាមទារ​អោយ ខ្ញុំ​ត្រូវតែ​រួម​ចំណែក​ដោះស្រាយ។ខ្ញុំ​ក្រឡេក​​ទៅរក​​ទឹកមុខ​ស្មើ​ធេង​ដែល​វិចិត្រ​កំពុង​ឈ្ងោក​សម្លឹង​ឯកសារ​មួយ​សំណុំ​ក្នុង​ដៃ… ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ទ្រាំ​រក្សា​ការ​ស្ងៀមស្ងាត់​ត​ទៅ​ទៀត​បាន​ឡើយ… ខ្ញុំ​ពោល​សួរ​គេ​ទាំង​ច្របូក​ច្របល់​ចិត្ត​ ៖
រក​ឃើញ​ដាន​អី​ខ្លះ​ទេ?
ប្អូន​ប្រុស​ជីដូន​មួយ​ខ្ញុំ​ជ្រួញ​ចិញ្ចើម​ទាំង​គូ​ចូល​គ្នា​​ បង្ហាញ​ភាព​ស្មុគស្មាញ​ ខ្ញុំ​ឃើញ​គេ​បន្ត​ពិនិត្យ​ឯក​សារ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ស្ងៀមស្ងាត់ … ខុស​ប្លែក​ពី​ចិត្ត​ខ្ញុំ​ ដែល​កំពុង​ពុះ​កញ្ជ្រោល​ចង់​ដឹង​ការ​ពិត​ក្នុង​រឿង​នេះ..។
ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង១០​និងង១៦នាទី ខ្ញុំ​ផ្អែក​ខ្នង​លើ​បង្អែក​កៅអី​ទាំង​ធ្ងន់​ពាប់​ក្នុង​អារម្មណ៍​ ។ផ្លាកស្ទូឌីយោលេខ៧​ដែល​នៅ​ឆ្ងាយ​ពីនេះ​មិនដល់៣ជំហ៊ាន លេច​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ។ហេតុអ្វី?ហេតុ អី​គេ​រើស​យក​ទីនេះ​សម្រាប់​សម្លាប់​នាង ហេតុ អី​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​ចំពោះ​ទីតាំង​អាជីវកម្ម​របស់ខ្ញុំ ?
សំឡេង​វិចិត្រ​បន្លឺ​មក​កាន់​ខ្ញុំ​នូវ​ឃ្លា​ដំបូង​បង្អស់៖
បង​វិសុទ្ធ ! កន្លង​មក​បង​ធ្លាប់​ដឹង​ទេ​ថា​ ឆវីវីន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ខ្លះ?
ខ្ញុំ​លើក​ដៃ​ច្បូត​មុខ​ទាំង​តប់​ប្រមល់​ ខ្ញុំ​ពិត​ជា​រក​នឹក​មិន​ឃើញ​នូវ​តម្រុយ​ណា​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​ប្អូន​ជីដូន​មួយ​ខ្ញុំ​សោះ ខ្ញុំ​ពោល​ប្រាប់​គេ​វិញ​ត្រង់​ៗ​តែ​ម្ដង ៖
វិចិត្រ ! មិនមែន​បង​ចង់​កាន់​ជើង​បុគ្គលិក​ទេ តែ​ពី​មុន​មក អាវីន​ក្រៅ​ពី​មាន​សមត្ថភាព​ស័ក្ដិសម​ជា​បុគ្គលិក​គំរូ​ ឯង​ឃើញ​ហើយ​ នាង​ស្អាត សំឡេង​ពីរោះ​គេ​​ចូល​ចិត្ត​ទៀត បើ​និយាយ​តាម​ពិត​ទៅ​ មាន​តែ​មនុស្ស​ស្រលាញ់​​ប៉ុណ្ណោះ មិន​ដែល​ឃើញ​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ !
វិចិត្រ​ញាក់​ស្មា​តប​មក​វិញ​ភ្លាម​ដោយ​ទឹក​មុខ​ស្មើ ៖
​ឬ​មួយ​គុណ​សម្បត្តិ​ទាំង​អស់​នេះ​ទេ​ដឹង ដែល​ធ្វើ​ឲ្យ​នាង​មាន​គ្រោះថ្នាក់?
​អធិការ​វ័យ​ក្មេង​ប្អូន​ប្រុស​ខ្ញុំ​តប​វិញ​ដោយ​លើក​សំណុំ​ឯកសារ​ក្នុង​ដៃ​បង្ហាញ​ខ្ញុំ​ផង ៖
​ប៉ូលិស​​គេ​បាន​កត់​ត្រា​មក​ថា … ស្ថានភាព​ឆវីវីន​គឺ​ត្រូវ​ឃាតក​រឹត​ក​សម្លាប់​លើ​កៅអី​អង្គុយ​ទល់​មុខ​ម៉ាស៊ីន​ចាក់​ផ្សាយ។ បាន​ន័យ​ថា ពេល​នោះ​នាង​កំពុង​ត្រៀម​លក្ខណៈ​ ឬ​ស្ថិត​ក្នុង​ពេល​បំពេញ​ការងារ…
ខ្ញុំ​ពោល​កាត់ ៖
​ត្រូវ​ហើយ តាម​ធម្មតា​នៅ​ម៉ោង​៨ រហូត​ដល់​ម៉ោង​១០ព្រឹក​ គឺ​ជា​កម្មវិធី​របស់​នាង ..
វិចិត្រ​បន្លឺ​បន្ត​ដោយ​សម្លឹង​មុខ​ខ្ញុំ​ជាប់ ៖
ហេតុ អី​នៅ លើ​ទ្វារ​បន្ទប់ ផ្សាយ​នោះ​មាន​ដាក់​ស្លាក​ថា ស្ទូឌីយោលេខ៧?បង​មាន​បន្ទប់​ចំនួន​ប៉ុន្មាន​ទៅ?
ខ្ញុំ​ដក​ដង្ហើម​ឃូរ​មុន​តប​នឹង​សំនួរ​គេ​បន្ត ៖
ស្ទូឌីយោ​មាន​តែ​ពីរ​ទេ មួយ​ទុក​ថត​និង​មួយ​ទៀត​ផ្សាយ​ផ្ទាល់​ចេញ?
នៅ​ពេល​ចិញ្ចើម​នាយ​ប៉ូលិស​មិនទាន់​រសាយ​ចេញ​ពី​ចម្ងល់ ខ្ញុំ​ចាំបាច់​ត្រូវ​អធិប្បាយ​បញ្ចប់​ចម្ងល់​របស់​គេ៖
បង រើស​យកលេខ៧​មក ដាក់​លើ​បន្ទប់ ផ្សាយ​ដោយសារ​គ្រូ ខាង​ហុងស៊ុយ​ប្រាប់ ថា​លេខ​នេះ​តំណាង​អោយ​ភាព​ត្រជាក់ ភោគទ្រព្យ​និង​ជោគជ័យ។
ហាក់​បី​​ដូចជា​អៀនប្រៀន​បន្តិច ដែរ​នៅ​ពេល​ដែល​លើក​យក​ជំនឿ​របៀប​នេះ​មក​បរិយាយ​ប្រាប់​ប៉ូលិស​តែ​សំណាង​ល្អ វិចិត្រ​ជា​ប្អូន​ខ្ញុំ​ស្រាប់​ ណា​មួយ​មិន ឃើញ​គេ​មាន​ប្រតិកម្ម​អី​ដែរ។ផ្ទុយ​ទៅវិញ​គេ​នៅតែ​បន្ត​ចូល​សំនួរ​បន្ទាប់​ដោយ​នឹងន៖
ហើយ​នៅ​លើ​ទ្វារ​បន្ទប់​ផ្សាយ​ យើង​បាន​ឃើញ​ប្រអប់​សោ​កូដ​​ម្យ៉ាង​ដែល​បើក​ ឬ​បិទ​ទ្វារ​ដោយ​លេខ​សម្ងាត់​ អញ្ចឹង​​ប៉ូលិស​សង្ស័យ​ជា​ជំហាន​ដំបូង​ថា ឃាតក​គឺ​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គលិក​ទាំង​អស់​របស់​បង​ដែល​ធ្វើ​ការ​ក្នុង​ស្ថានីយវិទ្យុ​នេះ​ខ្ញុំ សំដៅ​អ្នក​ដែល​មាន​លេខ​សំងាត់​សម្រាប់​ចូល​ស្ទូឌីយោ​លេខ​៧។
​ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក… ម៉េច​ក៏​ខ្ញុំ​ភ្លេច​គិត​ដល់​ចំណុច​នេះ?ពិត​មែន​ហើយ សោ​ពិសេស​ប្រើ​លេខ​សម្ងាត់​សម្រាប់​ការពារ​បន្ទប់​ផ្សាយ​នេះ​គឺ​វិស្វករ​ថូនី នាំ​យក​មក​ពី​សហរដ្ឋ​អាមេរិក​ ជា​អំណោយ​ថ្ងៃ​សម្ពោធ​ស្ថានីយ​ដំបូង។ បន្ទាប់​មក​គេ​បាន​បង្រៀន​នូវ​របៀប​បើក​ និង​បិទ​ទ្វារ​ដែល​ក្រៅ​ពី​បុគ្គលិក​វិទ្យុ គ្មាន​នរណា​អាច​មាន​លទ្ធភាព​បើក​ទ្វារ​បន្ទប់​ផ្សាយ​ចូល​ ឬ​ចេញ​នោះ​ឡើយ។ ឯ​ឆវីវីន​ក៏​មិន​ខុស​ពី​បុគ្គលិក​​ផ្សេង​ទៀត​ដែរ ពួក​គេ​តែង​តែ​បិទ​ទ្វារ​បន្ទប់​ផ្សាយ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​រំខាន​ណា​មួយ​នៅ​រាល់​ពេល​ពួក​គេ​កំពុង​ផ្សាយ​ផ្ទាល់​លើ​រលក​អាកាស។ ឬ​មួយ​ឃ្លា​ថា​ ឃាតក​ដែល​អាច​បើក​ទ្វារ​ចូល​ទៅ​សម្លាប់​ឆវីវីន គឺ​ជា​មនុស្ស​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្ញុំ​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ​មែន?
​សំឡេង​វិចិត្រ​បន្លឺ​មក​កាន់​ខ្ញុំ​សា​ជា​ថ្មី ៖
នៅ​មាន​ចំណុច​មួយ​ទៀត ដែល​យើង​ត្រូវ​ពិចារណា!បង​សាក​ល្បង​វិភាគ​ទៅ​មើល … ​ស្ថានភាព បន្ទប់​ផ្សាយ​របស់​វិទ្យុ​បង​មាន​លក្ខណៈ​បិទ​ជិត​ឈឹង​សូម្បី​បង្អួច​មួយ​ក៏​គ្មាន ដូច្នេះ​ចង់​ចូល​មក​ខាង​ក្នុង​ គឺ​ត្រូវ​ឆ្លង​កាត់​ទ្វារ​ជា​ចាំ​បាច់​… ឯ​ទី​តាំង​របស់​ម៉ាស៊ីន​ចាក​ផ្សាយ​ គឺ​បែរ​មុខ​មក​ចំ​ទ្វារ​… ដូច្នេះ​ពេល​ដែល​ឃាតក បើក​សោ​ចូល​ទៅ… ចង់​មិន​ចង់​ឆវីវីន​ ត្រូវ​តែ​មើល​ឃើញ​ឃាតក ចុះ​ហេតុ​អ្វី​នាង​មិន​រត់​គេច? ម៉េច​ក៏​នាង​នៅ​អង្គុយ​ស្ងៀម​លើ​កៅអី​បណ្ដោយ​ឲ្យ​ឃាតក​ចូល​មក​ក្នុង​បន្ទប់​ផ្សាយ​ ហើយ​ដើរ​មក​រឹត​ក​ពី​ក្រោយ​បាន?
ភាព​សង្ស័យ​លេច​ធ្លោ​ព្រម ៗ​គ្នា​ក្នុង​អារម្មណ៍​ខ្ញុំ… ខ្ញុំ​ភ្លាត់​មាត់​កាត់​សម្ដី​វិចិត្ត៖​
​បាន​ន័យ​ថា ?
វិចិត្រ​ងក់​ក្បាល​ផ្ងក់ៗ គេ​ពោល​បន្ត
​ឃាតក​ និង​ជន​រង​គ្រោះ​គឺ​ជា​មនុស្ស​ដែល​ស្គាល់​គ្នា អាច​ថា​ជិតស្និទ្ធ រឺ​ឃើញ​គ្នា​រាល់​ថ្ងៃ​ចេញ​ចូល​ស្ទូឌីយោ​នេះ​រឿយៗ​ ជា​ហេតុ​អោយ​​​ឆវីវីន​មិន​ចាប់​អារម្មណ៍​ថា… ឃាតក​ចូល​មក​លើក​នេះ… គឺ​មក​ធ្វើ​ឃាត​នាង​!
​កាន់​តែ​ស្ដាប់​ កាន់​តែ​វិល​វល់​ក្នុង​ចិត្ត​ ខ្ញុំ​ទទួល​ស្គាល់​ថា​ ការ​សន្និដ្ឋាន​របស់​វិចិត្រ​សម​ហេតុ​ផល​ល្មម​អាច​ទទួល​យក​បាន… តែ​ខ្ញុំ​នៅ​តែ​រក​នឹក​មិន​ឃើញ​សោះ​ថា អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ក្រោម​បង្គាប់​ខ្ញុំ​ទាំង​អស់​ដែល​ជា​ឃាតក​សម្លាប់​ឆវីវីន ។
ពួកយើងទាំង៥មកកាន់ក្រុងព្រះស៊ីហនុទើបតែប្រមាណពីរខែមែន តែ​យើង​មិន​ទើប​តែ​ស្គាល់​គ្នា​ទេ។មុន​ពេល​ដែល​ខ្ញុំ​មាន​ប្រាក់​វិនិយោគ​លើ​ស្ថានីយ​មួយ​នេះ ពួក ខ្ញុំ​បាន​ស្គាល់​គ្នា ជា​មុន​តាំងពី​នៅ​ភ្នំពេញ​ម្ល៉េះ ហើយ​ម៉ាណា ម៉ានិតដេត និង​ឆវិវីន​បានរួម​ការងារ​ជាមួយគ្នា​មិន​តិច​ជាង៥ឆ្នាំ​ហើយដែល​កាលពី​នៅ​ភ្នំពេញ។
ខ្ញុំ​ពោល​បន្ត​ទៅ​កាន់​វិចិត្រ​ដូច​គ្មាន​អារម្មណ៍​គ្រប់គ្រាន់​ក្នុង​ខ្លួន ៖
​បើ​ឃាតក​ស្ថិត​ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​នៅ​ទី​នេះ​មែន…ហេតុអ្វី​បាន​ជា​គេ​សម្លាប់​នាង? នាង​ជា​មនុស្ស​ចិត្ត​ល្អ​ហ្មត់ចត់​ និង​ការងារ​ផង ហើយ​ជួយ​យក​អាសា​អ្នក​ដទៃ​ណាស់ ម៉េច​ក៏​គេ​សម្លាប់​នាង? យើង​ជា​ស្ថានីយ ថ្មី តែ​នាង​មាន​ប្រជាប្រិយភាព​តាំងពី​នៅ​ភ្នំពេញ​មក​​ គេ​មិនមែន​ទើប​តែ​ដឹង​ហើយ​មក​ច្រណែន​នាង​ទេ​! អ្នក​ណា​ក៏​ចូល​ចិត្ត​ស្ដាប់​នាង​ដែរ ហេតុអ្វី​នាង​ត្រូវ​ស្លាប់​ដូច្នេះ?
វិចិត្រ​ប្រហែល​ជា​ទើស​ចិត្ត​ចំពោះ​ភាព​​រវើរវាយ​របស់​ខ្ញុំ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឮ​គេ​បន្លឺ​តប ៖
​ ក្រែង​បង​ថា​នាង​ជា​ស្រី​ស្អាត មា​ន​ប្រជាប្រិយភាព​ មាន​សមត្ថភាព មាន​គេ​ចូល​ចិត្ត​ច្រើន​អ្ហេស?មនុស្ស​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ពេក​មិន​ប្រាកដ​ថា…អ្នក​ដទៃ​ទៀត​សុទ្ធ​តែ​គេ​ពេញ​ចិត្ត​នោះ​ទេ​ណា៎​បង !
​ខ្ញុំ​ងាក​ភ្លែត​ទៅ​រក​វិចិត្រ​ បន្ទាប់​ពី​បាន​ឮ​ប្រយោគ​ស្ទើរ​លេង​ ស្ទើរ​មែន​របស់​គេ ខ្ញុំ​សួរ​ជា​បន្ទាន់ ៖
​ឯង​គិត​ថា​ មាន​គេ​ច្រណែន​នាង… ទើប…?
បើ​ឃាតក​ជា​មនុស្ស​ស្រី​… គេ​សម្លាប់​នាង​ព្រោះ​ច្រណែន… តែ​បើ​ឃាតក​ជា​ប្រុស​ គេ​សម្លាប់​ព្រោះ​ប្រច័ណ្ឌ ហើយ​តាម​សុំ​ស្នេហ៍​មិន​សម្រេច​ក៏​ថា​បាន​ តែ​អ្វីៗ​ទាំង​នេះ គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ទុក​តែ​ប៉ុណ្ណោះ​ រឿង​ពិត​រវាង​អ្នក​រង​គ្រោះ​ និង​ឃាតក​យ៉ាង​ណា​ទេ តាម​មើល​មាន​តែ​អ្នក​ទាំង​ពីរ​នោះ​ទេ ដែល​អាច​ដឹង​បាន ! …ឥលូវ​នេះ … សូម​បង​ជួយ​ពួក​ខ្ញុំ ក្នុង​ការ​អង្កេត​នេះ​ផង តាម​គំនិត​បង​ដែល​បង​ជា​អ្នក​គ្រប់​គ្រង​បុគ្គលិក​ទាំង​អស់​នៅ​ទី​នេះ… បង​មាន​សង្ស័យ​ចំពោះ​អ្នក​ណា​ម្នាក់​ទេ?
​ខ្ញុំ​ធ្មេច​ភ្នែក​សញ្ជឹង​គិត​ទាំង​ក្បាល​ណែន​ធ្ងន់​ដោយ​ការ​ស្មុគស្មាញ​…។ខ្ញុំ​ចង់​ឆ្លើយ​ណាស់ តែ​ការពិត​នៅតែ​ជា​ការពិត ខ្ញុំ​គិត​មិន​ឃើញ​មែន។ ខ្ញុំ​តប​ទៅ​កាន់​វិចិត្រ​មួយៗ ៖
​ឯង​ដឹង​ស្រាប់​ហើយ​ បុគ្គលិក​បង​គ្នា​មិន​ច្រើន​ទេ យើង​ទើប​តែ​មក​ដល់ សម្ពោធ​បាន​មិនដល់​២ខែ​ស្រួលបួល​។កាលពីមុន នៅ​ភ្នំពេញ ​យើង​មាន​គ្នា​៥នាក់​ជា​ពិធី​ករ​​៥នាក់ ឆវីវីន ម៉ាណា ផានី ម៉ានិតដេត និង​ឧត្តម​… តែ​ផានី​ និង​ឧត្តម​កាលណោះ​យើង​ជួល​ស្ថានីយ​គេ​ធ្វើការ​​។ពេល​បង​មាន​ស្ថានីយ​ខ្លួនឯង​នៅ​ទីនេះ ផានី​និង​ឧត្តម​បដិសេធ​មិន​មក​កំពង់សោម​ទេ​ អញ្ចឹង​យើង​មាន​តែ​បួន​នាក់​ទេ​ចេញ​ពី ភ្នំពេញ​មក។​ធ្វើការ​អត់​មាន​ចាត់​ទុក​គ្នា​ជា​មេ​ជា​ថៅកែ​អី​ទេ រាប់​អាន​ស្និទ្ធស្នាល​គ្នា​ដូច​បងប្អូន​​ធម្មតា​ បើ​ចង់​ឲ្យ​បង​សង្ស័យ​ថា​នាង​​ម៉ាណា ឬ​ម៉ានិតដេត ជា​ឃាតក​នោះ​ បង​គ្មាន​​យោបល់​ទេ ព្រោះ​វា​មិន​ទំនង​សោះ​មនុស្ស​ហូបបាយ​ជុំ​គ្នា​រាល់​ថ្ងៃ!បើ ពួកគេ​មាន​រឿង​អី​ហ្នឹង​គ្នា​គួរ​តែ​មាន​យូរ​ណាស់​ហើយ មិន​ចាំបាច់​ចាំ​មក​ដល់​វិទ្យុ ថ្មី​ទេ។
​វិចិត្រ​ សម្លឹង​មក​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហាក់​បី​ដូច​កំពុង​ប្រឹង​ផ្ទៀង​ស្ដាប់​មិន​ឲ្យ​បាត់​ពាក្យ​ខ្ញុំ​មួយ​ម៉ាត់​ណា​អីចឹង។​ ភ្លាម​នោះ​គេ​ចាក់​សំណួរ​មក​វិញ​៖​
​ចុះ​ក្រៅ​ពី​ម៉ាណា និង​ម៉ានិតដេត…មាន​អ្នក​ណា​មាន​លេខ​សម្ងាត់​បើក​ទ្វារ​បន្ទប់​ផ្សាយ​ទៀត​ដែរ​ទេ?
ខ្ញុំ​ឆ្លើយ​តប​ភ្លាម ៖
​គឺ​បង​ខ្លួន​ឯង​និង​ចុង​ក្រោយ​គឺ​វិស្វករ​ថូនី ម្ចាស់​សោ​តែ​ម្ដង! សោ​​នោះ​​គឺ​គេ​យក​ពី​អាមេរិក​មក​ជា​អំណោយ​ដល់​វិទ្យុ​យើង​ក្នុង​ថ្ងៃ​សម្ពោធ !
​ថូនី​ ជា​អ្នក​ណា?(គេ​សួរ​វិញ​ភ្លាម)
ខ្ញុំ​តប​ពន្យល់​តាម​ការ​ចោទ​សួរ​របស់​គេ ៖
​វិស្វករ​ថូនី គឺ​ជា​មិត្តល្អ​របស់​ម៉ានិតដេត។គេ​រស់នៅ​អាមេរិក ជា​កូនខ្មែរ​យើង តែ​ដឹងក្ដី​នៅ​ទីនោះ​​ ថូនី​គេ​មក​ទីនេះ​គឺ​ជួយ​បង្រៀន​បច្ចេកវិជ្ជា​ថ្មីៗ​ ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ផ្សាយ​ និង​បច្ចេកទេស​កាត់​ត​ផ្សេងៗ​ដល់​បុគ្គលិក​វិទ្យុ…គេ​ជា​អ្នក​បច្ចេកទេស​ជើង​ខ្លាំង​ម្នាក់ ! …
គេ​មក​ដល់​កម្ពុជា​តាំង​ពី​ពេលណា?
តាំងពី​យើង​ចាប់ ដំណើរ​ការ​សង់​អង់តែន​ដំបូង!គេ​ជួយ​យើង​មួយ​ចប់។(ខ្ញុំឆ្លើយ​ដោយ​គ្មាន​សង្ស័យ​)
​អីចឹង​ តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ឃើញ​សាកសព​ឆវីវីន​នៅ​ទីនេះមាន​វត្តមាន​បុគ្គលិក​ទាំង​៤នាក់​នោះ​ទេ?
​មាន​! (ខ្ញុំ​តប​វិញ) ព្រោះ​បង​ត្រូវ​ធ្វើ​ការ​ប្រជុំ​សរុប​ការងារ​ប្រចាំ​ខែ​ មិន​តែ​ប៉ុណ្ណោះ​ នាង​ទុំ​ក្មេង​លើក​ទឹក​ក៏​មក​ធ្វើ​ការ​ដែរ… បាន​ន័យ​ថា​ គ្នា​យើង​ទាំង​៦នាក់​ មក​ជួប​ជុំ​គ្នា​ទាំង​អស់… តែ​នាង​ទុំ​នៅ​រវល់​ការងារ​របស់​នាង​នៅ​ខាង​ក្រោម ​ឯ​ឆវីវីន​ក៏​ចូល​បន្ទប់​ផ្សាយ​ធ្វើ​កម្មវិធី​ស្នើ​សុំ​បទ​ចម្រៀង​តាម​ទូរស័ព្ទ … អីចឹង​ហើយ​អ្នក​ដែល​ចូល​ប្រជុំ​មាន​តែ​មានិត ម៉ាណា ថូនី និង​បង… ។នាង​ទុំ​ក្មេង​លើក​ទឹក​នោះ វា​ស្លូត​ណាស់ ហើយ​ក៏​មិន​ចេះ​បើក​ទ្វារ​បន្ទប់​ផ្សាយ​ដែរ ព្រោះ​មិន​ស្គាល់​លេខ​សម្ងាត់ ឯ​ម៉ាណា នាង​ជា​មនុស្ស​ស្រី នៅ​ទី​នេះ​មាន​តែ​នាង​ និង​ឆវីវីន​ ទេ​ដែល​ធ្វើ​ការ​វិទ្យុ​ផង​ និង​ចាត់​ចែង​កិច្ច​ការ​រដ្ឋបាល​ជាមួយ​គ្នា​ផង ពួក​គេ​រួម​ការងារ​ជាមួយ​គ្នា​យូរ​មក​ហើយ ហើយ​ក៏​ស្និទ្ធស្នាល​​គ្នា​ដែរ មិន​ដែល​ឃើញ​ទាស់​ពាក្យ​សម្ដី​គ្នា ឬ​អាប់អន់​ស្រពន់​ចិត្ត​គ្នា​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ … ចំណែក​ម៉ានិតដេត ជា​មនុស្ស​ម៉ត់ចត់​ យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ… ថូនី​នោះ​ទៀត​ជា​កូន​ខ្មែរ​មែន តែ​រស់​នៅ​បរទេស​តាំង​ពី​តូច ចរិត​របស់​គេ​ទូលាយ​របៀប​អឺរ៉ុប គ្មាន​ក្នុង​ក្រៅ​អី​ទេ… ពួក​គេ​ទាំង​៤​ ស្រលាញ់​រាប់​អាន​គ្នា​ ធ្វើ​ការ​រួម​គ្នា​ ពេល​ខ្លះ​ប្រឹង​ប្រែង​ហួស​យប់​ព្រលប់​ កម្សត់​កម្រ​នឹង​គ្នា ព្រោះ​ការងារ​ច្រើន​ ហើយ​បុគ្គលិក​តិច …​ មិន​ឃើញ​ថា មាន​ចន្លោះ​ណា​គួរ​ឲ្យ​យក​មក​គិត​ឃើញ​ថា ពួក​គេ​ត្រូវ​សម្លាប់​គ្នា​សោះ… បង​ពិត​ជា​ទាល់​តម្រិះ​មែន!
​វិចិត្រ​ញាក់​ស្មា​និយាយ​ទាំង​សើច​ស្រស់ស្រាយ ៖
បើ​មិនមែន​ពួក​គេ អីចឹង​មាន​តែ​បង​នេះ​​ហើយ​ដែល​សម្លាប់​នាង​!
ខ្ញុំ​ដឹង​ថា​ប្អូន​ខ្ញុំ​កំពុង​កំប្លែង​លេង​ ប៉ុន្តែ​ខ្ញុំ​គ្មាន​ចិត្ត​ណា​នឹង​សើច​សប្បាយ​ជាមួយ​គេ​ទៀត​នោះ​ទេ ខ្ញុំ​ផ្អែក​ខ្នង​សា​ជា​ថ្មី​ទៅ​លើ​បង្អែក​កៅអី ពោល​ទៅ​កាន់​គេ​បន្ត ៖
​ចាប់​តាំង​ពី​ម៉ោង​៨​កន្លះ​ម្ល៉េះ បង​និង​បុគ្គលិក​ទាំង​៣នាក់​នោះ​ ចូល​ប្រជុំ​ក្នុង​បន្ទប់​នេះ ឯកសារ​នៅ​រាត់រាយ​នៅ​ឡើយ ឯង​មើល​ចុះ​… (ខ្ញុំ​ចង្អុល​ទៅ​ឯក​សារ​ទាំង​ប៉ុន្មាន​ដែល​បន្សល់​ទុក​លើ​តុ​ប្រជុំ​ពី​មុន​នេះ​នៅ​ឡើយ…) ខ្ញុំ​ពោល​បន្ត៖
​រហូត​ដល់​ម៉ោង​៩​កន្លះ បង​នៅ​ឮ​សំឡេង​ឆវីវីន​តាម​វិទ្យុ​នៅ​ឡើយ… ព្រោះ​រហូត​មក​ បង​បើក​វិទ្យុ​ចោល​រហូត…
​ខ្ញុំ​ឃើញ​ប្អូន​ប្រុស​ខ្ញុំ​គេ​ងាក​សម្លឹង​ទៅ​វិទ្យុ​ដែល​បញ្ឈរ​ចោល​លើ​តុ​សាឡុង​ឯ​ជ្រុង​ម្ខាង​… គេ​ពោល​សួរ​មក​ខ្ញុំ​វិញ​ភ្លាម៖
​អីចឹង​នៅ​ពេល​ណា​ទើប​លែង​ឮ​សំឡេង​នាង? …
​គឺ​នៅ​ពេល​ភ្លើង​ដាច់​នោះ​ហើយ!
យ៉ាង​រហ័ស​ដូច​ផ្លេកបន្ទោរ ខ្ញុំ​ឃើញ​វិចិត្រ​បើក​ភ្នែក​សម្លឹង​មក​ខ្ញុំ​យ៉ាង​មុត ហាក់​បី​ដូច​ជា​កំពុង​សម្លឹង​ទៅ​រក​ហេតុការណ៍​ក្នុង​ពេល​នោះ​អីចឹង​ ៖
ភ្លើង ដាច់?
ខ្ញុំ​ងក់​ក្បាល​ផ្ងក់ៗ ហើយ​បន្ត​បញ្ចប់​ការសង្ស័យ​របស់គេ ៖
​យើង​ប្រជុំ​ដល់​ម៉ោង​ ៩កន្លះ​ ស្រាប់​តែ​ដាច់​ភ្លើង​… យើង​លែង​បាន​ឮ​សំឡេង​ឆវីវីន​ពី​ពេល​នោះ​មក … រយៈ​ពេល​ប្រហែល​មួយ​នាទី​ប៉ុណ្ណោះ… ក្រោយ​ពេល​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង… យើង​នៅ​តែ​​មិន​ឮ​ឆវីវីន​ផ្សាយ​កម្មវិធី​ទៀត​សោះ ពេល​នោះ​ហើយ​ដែល​យើង​រត់​ទៅ​រក​បន្ទប់​ផ្សាយ​ហើយ​ដឹង​ថា នាង​ត្រូវ​គេ​សម្លាប់។
​អ្នក​ណា​ឃើញ​សាកសព​មុន​គេ?(វិចិត្រ​សួរ​ដោយ​បើកភ្នែក​មូល​ក្លំ)
​គឺ​បង និង​ថូនី… នៅ​ពេល​ដែល​វិទ្យុ​យើង​ស្ងាត់​មិន​ឮ​សំឡេង​នោះ​ឯង​ដែល​យើង​ទាំង​ពីរ​ក្រោក​ទៅ​កាន់​បន្ទប់​ផ្សាយ​ព្រម​ៗ​គ្នា ឯង​ឃើញ​ហើយ​ បន្ទប់​ផ្សាយ​ និង​Office​បង​នេះ នៅ​ឆ្ងាយ​ពី​គ្នា​មិន​បាន​៣ម៉ែត្រ​ផង… ។
បង​ឃើញ​អី​មុន​គេ?ទ្វារ​ស្ទូឌីយោ​លេខ៧​បិទ​រឺ​បើក​?
អារម្មណ៍​ខ្ញុំ វិលខ្ញាល់​ទៅ រក​ព្រឹត្តិការណ៍​ជាង​មួយ​ម៉ោង​មុន​នេះ។ខ្ញុំ ឆ្លើយ​ដោយ​មិន​បាច់​គិត៖
គ្រប់​យ៉ាង​ធម្មតា!បង​ទៅ​ដល់​ភ្លាម​ ឆវីវីន ក្លាយ​ជា​សាកសព​​លែង​កម្រើក​ទៅ​ហើយ… ហ៊ឺ នេះ​ជា​ហេតុការណ៍​អកុសល​ដែល​បង​ទើប​តែ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ជីវិត​របស់​បង! ..
តែ​វិចិត្រ​នៅ​តែ​សង្ខើញ៖
ខ្ញុំ​ចង់​ដឹង​ថា​ទ្វារ​បិទ​រឺ​បើក?
គឺ​បិទ​ធម្មតា យើង​គិត​ថា​នាង​ប្រហែល​បើក​ម៉ាស៊ីន​មិន ចេញ រឹ​មួយErrorអ្វីមួយ បាន​ជា​បង​នឹង​ថូ នី​ស្ទុះ​ចូល​ទៅ!
នាយ​ប៉ូលិស​ជីដូន​មួយ​ខ្ញុំ​សើច​ស្ងួត៖
គឺ​អ្នក​ទាំងពីរ​បាន​ជួយ​សំអាត​ក្រយៅ​ដៃ​ឃាតក​ផង​ដែរ!
ខ្ញុំ គ្រវីក្បាល​តិចៗ​ជា​សញ្ញា​ថា​អត់​តម្រិះ​គិត​ដល់​រឿង​ហ្នឹង​ទេ។
ក្នុង​ពេល​ជាមួយគ្នា​នោះ វិចិត្រ​ជ្រួញ​ចិញ្ចើម​សារ​ជាថ្មី​ដើម្បី​ផ្ចង់​ក្នុង ការ​ត្រិះរិះ… មួយ​ខណៈ​ក្រោយ​គេ​ពោល​កាន់​ខ្ញុំ ៖
​រយៈ​ពេល​មួយ​នាទី​រវាង​ភ្លើង​ដាច់ វិទ្យុ​លែង​ដំណើរ​ការ​ផ្សាយ​រហូត​ដល់​ម៉ាស៊ីន​ភ្លើង​ត្រូវ​បាន​បញ្ឆេះ ឃាតក​ចង់​​សម្លាប់​មនុស្ស​រួច​គេច​ខ្លួន​ចេញ​ពី​ស្ទូឌីយោ​លេខ៧​​វិញ ឃើញ​ថា​គ្មាន​បញ្ហា​ចោទ​ទេ ប្រសិន​បើ​គេ​ចេះ​នូវ​វិធី​បើក​ទ្វារ​បន្ទប់​យ៉ាង​ស្ទាត់​ជំនាញ​ ហេតុ​នេះ​ ឃាតក​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ឧស្សាហ៍​​ចេញ​ចូល​បន្ទប់​ផ្សាយ​ដូច​ដែល​ខ្ញុំ​បាន​សន្និដ្ឋាន​ពី​ដំបូង… ។បង​គិត​ឡើង​វិញ​ទៅ​មើល​ មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ការិយាល័យ​ប្រជុំ​ដែរ​ទេ ក្នុង​ចំណោម​បុគ្គលិក​បង​ទាំង​៣នាក់​ ម៉ានិតដេត និង​ម៉ាណា និង​នាយ​ថូនី?
​ខ្ញុំ​ឆ្លើយ​តប​វិញ​តាម​ការ​ជជីក​សួរ​របស់​អធិការ​ប៉ូលិស​ប្អូន​ប្រុស​ខ្ញុំ
​មាន! ពេល​ដាច់​ភ្លើង​ភ្លាម… ម៉ានិតដេត​ ចេញ​ពី​បន្ទប់​ដើម្បី​ចុះ​ទៅ​ក្រោម​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង ហើយ​ម៉ាណា​នាង​ក្រោក​ចេញ​ទៅ​ក្រៅ​បន្ទប់​ដែរ…នៅ​ទី​នោះ​មាន​តែ​បង​ ហើយ​និង​ថូនី​ប៉ុណ្ណោះ។
​វិចិត្រ​ដំឡើង​សំឡេង បន្ទាប់​ពី​ការ​រៀបរាប់​របស់​ខ្ញុំ ៖
​ត្រូវ​ម៉ាច់! ម៉ានិតដេត និង​ម៉ាណា នេះ​គួរ​ឲ្យ​សង្ស័យ​បំផុត​ហើយ… ម៉ានិតដេត​ អាច​ឆ្លៀត​ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ផ្សាយ​រឹត​ក​​សម្លាប់​ឆវីវីន​ ហើយ​ទើប​ចុះ​ទៅ​បញ្ឆេះ​ម៉ាស៊ីន​ជា​ក្រោយ​ក៏​ថា​បាន…​ហើយ​មួយ​ទៀត… នាង​ម៉ាណា​សុខៗ​ម៉េច​ក៏​សុខ​ចិត្ត​ចេញ​ពី​បន្ទប់​ប្រជុំ​ភ្លាម​គ្រាន់​តែ​ដាច់​ភ្លើង​ប៉ុណ្ណឹង? ពីរ​នាក់​នេះ​គួរ​ឲ្យ​សង្ស័យ​ជាង​គេ​ហើយ…
​វិចិត្រ​ មិន​ទាន់​បាន​បញ្ចប់​ប្រយោគ​ស្រួល​បួល​ផង ភ្លើង​ត្រូវ​រលត់​​ភ្លឹប​ងងឹត​ស៊្លុប​ពេញ​ការិយាល័យ​របស់​ខ្ញុំ​សា​ជា​ថ្មី… ខ្ញុំ​ក្រោក​ពី​កៅអី​ដោយ​​មួហ្មង…
​ស្អី​គេ​ហ្នឹង?… ភ្លើង​ម៉ាស៊ីន​ហើយ​ក៏​នៅ​តែ​​រលត់​ទៀត​ហ្ន៎ សង្ស័យ​អស់​ប្រេង​ទេ​ដឹង?
មិន​ទាន់​ឈាន​ចេញ​ឆ្ងាយ​ពី​តុ​បាន​បី​ជំហាន​​ត្រឹម​ត្រូវ​ផង ភ្លើង​អំពូល​បំភ្លឺ​ពេញ​ផ្ទៃ​បន្ទប់​វិញ​ស្រេច​ទៅ​ហើយ ព្រម​ទាំង​ពេល​នឹង​សំរិប​​ជើង​អ្នក​ណា​ម្នាក់​ឈាន​ចូល​មក​ដល់​ក្នុង​ការិយាល័យ​របស់​ខ្ញុំ។
.. ខ្ញុំ​ងើប​មុខ សម្លឹង​ទៅ​មើល​ជន​ចំណូល​ថ្មី​ដែល​ទើប​នឹង​ចូល​មក​ដល់… ខ្ញុំ​ស្គាល់​ថា​ គេ​នោះ​គឺ​ជា​នាយ​ប៉ូលិស​មួយ​រូប​ដែល​ខ្ញុំ​ទើប​តែ​បាន​និយាយ​នៅ​នឹង​កន្លែង​ឃាតកម្ម​មុន​នេះ… ខ្ញុំ​មិន​ទាន់​ពោល​ទៅ​កាន់​គេ​នោះ​ថា​យ៉ាង​ណា​ផង​… នាយ​ប៉ូលិស​រូប​នោះ​បន្លឺ​មក​កាន់​ពួក​យើង​មុន​ទៅ​ហើយ ៖
​​មិនមែន​ម៉ាស៊ីន​ភ្លើង​អស់​ប្រេង​ទេ… តែ​ខ្ញុំ​បិទ​ភ្លើង​អម្បាញ់មិញ​ ព្រោះ​ចង់​ពិសោធន៍​អោយ​អ្នក​ទាំងពីរ​ចូល​រួម​វិភាគ​អំពី​បញ្ហា​មួយ។
​ខ្ញុំ​ទើប​នឹង​ដឹង​ថា ភ្លើង​ដែល​រលត់​ភ្លឹប​មួយ​ដង្ហើម​អម្បាញ់មិញ​ គឺ​នាយ​ប៉ូលិស​រូប​នេះ​បិទ​កុងតាក់​ពី​មាត់​ទ្វារ​បន្ទប់​ខាង​ក្រៅ​សោះ… ខ្ញុំ​ក៏​ងឿង​ឆ្ងល់​ដែរ​ថា គេ​ចង់​ពិសោធន៍​ពី​រឿង​អ្វី​… ខ្ញុំ​លើក​ដៃ​ចង្អុល​ទៅ​សាឡុង​ដែល​នៅ​ចំ​ពី​មុខ​តុ…៖
​អញ្ជើញ​អង្គុយ!
​នាយ​ប៉ូលិស​វ័យ​ក្មេង​ដាក់​បង្គុយ​នៅ​លើ​សាឡុង​តាម​ការ​អញ្ជើញ​របស់​ខ្ញុំ ភ្លាម​នោះ​​វិចិត្រ​បន្លឺ​ទៅ​កាន់​គេ ៖
រក​ឃើញ​អ្វី​ខ្លះ​ទេវិទូ? ពួក​គេ​ផ្ដល់​ចម្លើយ​យ៉ាង​ម៉េច​ខ្លះ?
​ខ្ញុំ​ខំ​ផ្ទៀង​ត្រចៀក​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​ខ្ញុំ​ចង់​ដឹង​​ណាស់​ថា​ប៉ូលិស​រក​ឃើញ​អ្វី​ខ្លះ​ហើយ… ប៉ូលិស​ឈ្មោះ​វិទូ បន្លឺ​​ដោយ​ភាព​ហ្មត់ចត់ ៖
​លោក​ម៉ានិតដេត ដែល​ជា​ពិធី ករ​ធ្លាប់​រួម​ការងារ​ជាមួយ​អ្នក​រង​គ្រោះ​ជាង៥ឆ្នាំ​បាន​និយាយ​ថា ព្រឹក​នេះ​គាត់​បាន​ចូល​ប្រជុំ​តាំង​ពី​ម៉ោង​៨កន្លះ​ ហើយ​បាន​ឮ​សំឡេង​នាង​ឆវីវីន​តាម​វិទ្យុ​ដែល​បើក​ចោល​ក្នុង​បន្ទប់​ប្រជុំ​រហូត​ដល់​ម៉ោង​៩កន្លះ​ ភ្លើង​ក៏​ដាច់ វិទ្យុ​ក៏​លែង​ឮ ហើយ​ខ្លួន​គាត់​បាន​ចាកចេញ​ពី​បន្ទប់​ប្រជុំ​ ចុះ​ទៅ​ជាន់​ខាង​ក្រោម​ ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ នៅ​ពេល​ដែល​គាត់​ឡើង​មក​វិញ ក៏​ឮ​សំឡេង​ឆោឡោ​របស់​លោក​នាយក​វិសុទ្ធ​ និង​លោក​ថូនី ពី​ការ​ស្លាប់​របស់​ឆវីវីន​ក្នុង​បន្ទប់​ផ្សាយ​តែ​ម្ដង!
​ខ្ញុំ​ងក់​ក្បាល​ផ្ងក់ៗ​ទទួល​ថា​ពាក្យ​ចម្លើយ​របស់​ម៉ានិតដេត​មាន​ភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ ឥត​មាន​បន្លំ​មួយ​ចំណុច​ណា​មែន… ភ្លាម​នោះ​នាយ​ប៉ូលិស​វិទូ​ ពោល​បន្ត៖
​ចំណែក​ម៉ាណា​បាន​ឲ្យ​ចម្លើយ​មក​ថា នាង​ក៏​បាន​​ទៅ​ចូល​រួម​ប្រជុំ​រហូត​ដល់​ម៉ោង​៩កន្លះ​ នៅ​ពេល​ភ្លើង​ដាច់​ នាង​ក៏​បាន​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​ដំណាល​គ្នា​ជាមួយ​ម៉ានិតដេត​ដែរ តែ​នាង​មិន​បាន​ចុះ​ទៅ​កន្លែង​ម៉ាស៊ីន​ភ្លើង​ជាមួយ​លោក​ម៉ានិតដេត​ទេ
​អីចឹង​នាង​ចេញ​ទៅ​ណា?(វិចិត្រ​សួរ​កាត់​យ៉ាង​រហ័ស​)
​វិទូ​ប៉ូលិស​វ័យ​ក្មេង​ឆ្លើយ​តប​វិញ​ភ្លាម ៖
​ម៉ាណា​អះអាង​ថា នាង​ចេញ​ពី​បន្ទប់​ប្រជុំ​នៅ​ពេល​នោះ​ដើម្បី​ទៅ​កាន់​បន្ទប់​កាត់​ត​ ត្រួត​ពិនិត្យ​File សំឡេង​​មួយ​ចំនួន​ដែល​ខ្លួន​បាន​ទុក​ថត​ចម្លង​ចោល​នៅ​ទី​នោះ… នាង​និយាយ​ថា នាង​នៅ​រង់​ចាំ​ក្នុង​បន្ទប់​កាត់​ត​រហូត​ដល់​ភ្លើង​ត្រូវ​បាន​បញ្ឆេះ​ឆេះ​ឡើង​វិញ រួច​នាង​រៀប​ចំ​ថត​​បន្ត​ទៀត​រួច​ទើប​ចេញ​មក​កាន់​បន្ទប់​ប្រជុំ​វិញ។ នាង​ជា​អ្នក​ដឹង​ក្រោយ​គេ​ថា​​ស្ទូឌីយោលេខ៧មានរឿង ​ធ្វើ​ឃាត​ ។ចំណែក​លោក​ថូនី វិស្វករ​មក​ពី​អាមេរិក​នោះ​គាត់​បាន​អះអាង​ថា តាំង​ពី​ពេល​ចូល​ប្រជុំ​រហូត​ដល់​ពេល​ឃើញ​សាកសព​ គឺ​គាត់​ចេញ​ពី​បន្ទប់​ប្រជុំ​តែ​ម្ដង​គត់ គឺ​​នៅ​ពេល​​ដែល​ភ្លើង​ត្រូវ​បាន​បញ្ឆេះ​ ហើយ​ឆវីវីន​ នៅ​តែ​មិន​ឮ​ផ្សាយ​បន្ត​ គាត់​ និង​លោក​នាយក​វិសុទ្ធ​ក៏​ចេញ​ពី​បន្ទប់​ប្រជុំ​ទៅ​បន្ទប់​ផ្សាយ​បើកទ្វារ​ចូល​ទៅ​​មើល​នាង ពេល​នោះ​គឺ​បាន​ឃើញ​ឆវីវីន​ស្លាប់​លើ​កៅអី​ស្រេច​ទៅ​ហើយ…
​​ខ្ញុំ​លើក​ដៃ​ច្បូត​មុខ​កម្ចាត់​ភាព​ស្មុគស្មាញ​ រួច​ពោល​ទៅ​កាន់​ប៉ូលិស​ទាំង​ពីរ​នាក់​ដែល​អង្គុយ​ចំពោះ​មុខ ៖
​​អីចឹង​មាន​តែ​​លេខ​កូដ​ស្ទូឌីយោ​លេខ៧​​ ក្រៅ​ពី​ពួក​បង​បួន​នាក់​នឹង​ នៅ​មាន​អ្នក​ផ្សេង​ដឹង​ទៀត?
ទោះ​និយាយ​ដូច្នេះ​មែន តែ​ខ្ញុំ​ប្រាប់​​ខ្លួន​ឯង​ស្ងាត់​ៗ​ហើយ​ថា លេខ​សម្ងាត់​សម្រាប់​បើក​ទ្វារ​បន្ទប់​ផ្សាយ​ក្រៅ​ពី​ខ្ញុំ ម៉ានិតដេត ម៉ាណា ថូនី និង​ឆវីវីន ផ្ទាល់​គឺ​គ្មាន​អ្នក​ណា​ដឹង​ទៀត​ទេ ដូច្នេះ​ឃាតក​គឺ​ពិត​ជា​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​នេះ​ឯង។
ខ្ញុំ និង​ថូនី នៅ​ក្នុង​បន្ទប់​ការិយាល័យ​ប្រជុំ​រហូត​ដល់​ពេល​ឃើញ​សាកសព ដូច្នេះ​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ​ជាង​គេ គឺ​មាន​តែ​ ម៉ានិតដេត និង​ម៉ាណា​ ដែល​ចេញ​ពី​បន្ទប់​ប្រជុំ​ទៅ​ក្រៅ​ក្នុង​អំឡុង​ពេល​ភ្លើង​ដាច់។
​ខ្ញុំ​ងាក​ទៅ​រក​វិចិត្រ​ទាំង​ស្មុគស្មាញ​ពេញ​ណែន​ក្នុង​គំនិត… ខ្ញុំ​សួរ​គេ ៖
​ឯង​គិត​ឃើញ​យ៉ាង​ម៉េច?
វិចិត្រ​ឆ្លើយ​តប​វិញ​ដោយ​អាការៈ​នឹង​ន ៖
​បង​គិត​ឃើញ​ហើយ​ទេ​តើ​ ថា​អ្នក​ណា​គួរ​ឲ្យ​សង្ស័យ​បំផុត​នោះ!
​​ខ្ញុំ​ទ្រោប​ក្បាល​នៅ​លើ​តុ​ទាំង​តប់​ប្រមល់​ បើ​មាន​លទ្ធភាព​ខ្ញុំ​សុំ​យ៉ាង​ណា​ឲ្យ​ឃាតក​ គ្មាន​ក្នុង​ចំណោម​បុគ្គលិក​ក្រោម​បង្គាប់​ខ្ញុំ​ទៅ​ចុះ ព្រោះ​ខ្ញុំ​បាន​បាត់​បង់​ឆវីវីន​ម្នាក់​ហើយ ខ្ញុំ​មិន​ចង់​ឲ្យ​បាត់​បង់​អ្នក​ណា​ម្នាក់​ទៀត​ទេ ខ្ញុំ​ពោល​សួរ​ទាំង​​ល្វើយ ៖
​ឯង​សង្ស័យ​ ម៉ានិតដេត និង​ម៉ាណា អ្ហេស?
វិចិត្រ​បន្លឺ​ទាំង​ញាក់​ចិញ្ចើម
​មនុស្ស​ពីរ​នាក់ នេះ​​ត្រូវ​ជាប់​សង្ស័យ​ធ្ងន់​ដូច​គ្នា ។តាម​សង្កេត​លើ​ចម្លើយ​ និង​ស្ថានការណ៍​រួម គឺ​នាយ​ម៉ានិតដេត… អាច​ឆ្លៀត​ពេល​ភ្លើង​ដាច់​ភ្លាម​ចេញ​ពី​បន្ទប់​ប្រជុំ​ ហើយ​យក​​លេស​ថា​ចុះ​ទៅ​ក្រោម​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង… តែ… នរណា​ហ៊ាន​ធានា​ថា​ គេ​នោះ​មិន​ចូល​ទៅ​បន្ទប់​ផ្សាយ​សម្លាប់​អ្នក​រង​គ្រោះ​ជា​មុន រួច​ទើប​ចុះ​ទៅ​បញ្ឆេះ​ម៉ាស៊ីន​ជា​ក្រោយ? … គេ​ចាំ​ឲ្យ​ភ្លើង​ឆេះ​បាន​បន្តិច​ ក៏​ឡើង​មក​កាន់​បន្ទប់​ប្រជុំ​សា​ជា​ថ្មី ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ទាំង​អស់
​ខ្ញុំ​ពោល​កាត់​ដោយ​មិន​ជឿជាក់ ៖
​បង​ដូច​ជា​មិន​ចង់​ជឿ គេ​ហ៊ាន​ប្រថុយ​ចូល​ទៅ​សម្លាប់​ឆវីវីន​ មុន​ពេល​ចុះ​ទៅ​បញ្ឆេះ​ម៉ាស៊ីន​នោះ​ទេ ព្រោះ​បន្ទប់​ផ្សាយ​នៅ​ឆ្ងាយ​ពី​បន្ទប់​ប្រជុំ​មិន​ដល់​៣ម៉ែត្រ​ផង​… គេ​មិន​ខ្លាច​បង ឬ​ថូនី ចេញ​ពី​បន្ទប់​មក​ទាន់​ទេ​ហ្អី?
​វិចិត្រ​ពោល​កាត់​វិញ​បញ្ចប់​ភាព​ងឿង​ឆ្ងល់​របស់​ខ្ញុំ ៖
​ឃាតក​តែង​មាន​ល្បិច​ច្រើន​ណាស់ រហូត​ដល់​រឿង​ខ្លះ​សុទ្ធ​តែ​យើង​ស្មាន​មិន​ដល់​ផង …
ខ្ញុំ​​ហៀប​នឹង​ពោល​បន្ត​ទៅ​ហើយ តែ​ភ្លាម​នោះ នាយ​វិទូ ប៉ូលិស​ក្មេង​ពោល​ឡើង​ម្ដង ៖
​​​​​​តែ​សម្រាប់​ខ្ញុំ​… មនុស្ស​ពីរ​នាក់​នេះ គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​សម្លាប់​អ្នក​រង​គ្រោះ​ទេ។
ខ្ញុំ​​អរ​ភើ ត ព្រោះ​នឹក​ថា ប្រហែល​ជា​នាយ​ប៉ូលិស​វិទូ​មាន​ទឡ្ហីករណ៍​អ្វី​ផ្សេង​ពី​វិចិត្រ ដែល​ហោច​ណាស់​ក៏ អាច​រំដោះ​ម៉ាណា​និង​ម៉ានិតដេត​ចេញ​ពី​ចំណោម​ជន​សង្ស័យ​ដែរ​។
ខ្ញុំ សម្លឹង​ទៅ​គេ​រង់ចាំ​ស្ដាប់​ដោយ​អន្ទះសា ខណៈ​នោះ​គេ​បន្លឺ មួយៗ៖
មុន​នឹង​ខ្ញុំ​អះអាង​ចំពោះ​បញ្ហា​នេះ ខ្ញុំ​ចង់​អញ្ជើញ​អ្នក​ទាំង​ពី​ទៅ​កាន់​ស្ទូឌីយោ​លេខ៧​ដើម្បី​ពិនិត្យ​មើល​សភាព​នៅ​ទី​នោះ…
ពួក​យើង​នាំ​គ្នា​ចេញ​ពី​ការិយាល័យ​របស់​ខ្ញុំ​ ដែល​កាល​ពី​ព្រឹក​ ខ្ញុំ​ និង​សហការី​បាន​ប្រជុំ​​នៅ​ទី​នោះ។ បន្ទប់​ផ្សាយ​នៅ​ទល់​មុខ​ការិយាល័យ​ខ្ញុំ ដោយ​ឃ្លាត​ពី​គ្នា​មិន​ដល់​៣ម៉ែត្រ​ផង​ ឯ​បន្ទប់​កាត់​ត​គឺ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​ជាប់​គ្នា​នឹង​បន្ទប់​ផ្សាយ​ដែរ… អារម្មណ៍​របស់​ខ្ញុំ​ផ្ទាល់​បង្ហាញ​ថា នាង​ម៉ាណា​គួរ​​ត្រូវ​ប៉ូលិស​សង្ស័យ​ជាង​គេ​ ព្រោះ​បន្ទប់​កាត់​ត​ដែល​នាង​ចេញ​​ទៅ​មើល​ការ ថតSoundនិង​បន្ទប់​ផ្សាយ​នៅ​ក្បែរ​គ្នា​ណាស់ ចុះ​ហេតុអ្វី​បាន​ជា​នាយ​វិទូ​ហ៊ាន​អះអាង​ថា ម៉ានិតដេត និង​ម៉ាណា​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សម្លាប់​អ្នក​រង​គ្រោះ​ទេ?
​ស្ថានភាព​នៅ​ទី​នេះ​ស្ងាត់​ជ្រងំ តាម​មើល​ក្រុម​ប៉ូលិស​នាំ​គ្នា​សួរ​ចម្លើយ​បុគ្គលិក​ខ្ញុំ​រួច​ ក៏​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ​មើល​ទៅ ខ្ញុំ​លូក​ដៃ​រាវ​លេខ​បើក​ទ្វារ​បន្ទប់​ផ្សាយ​រួច​ច្រាន​ទៅ​ខាង​ក្នុង…
​ផ្ទៃ​បន្ទប់​ទាំង​មូល​ងងឹត​ស្លុប សម្លឹង​តែ​បាត​ដៃ​ខ្លួន​ឯង​ក៏​មិន​ឃើញ​ផង… ព្រោះ​ជា​បន្ទប់​បិទ​ជិត​គ្មាន​បង្អួច​ ឬ​ស្លាប​ព្រិល​សូម្បី​តែ​មួយ​ឡើយ… ខ្ញុំ​លូក​ដៃ​រាវ​ចុច​កុង​តាក់​ភ្លើង… ភ្លើង​បំភ្លឺ​បន្ទប់​ដែល​ស្ងាត់​សូន្យ​ គ្មាន​ឃើញ​ស្រមោល​មនុស្ស​ម្នាក់​… មាន​តែ​ម៉ាស៊ីន​ផ្សាយ​ និង​កៅអី​ទទេ ដែល​កាល​ពី​ព្រឹក​ឆវីវីន ត្រូវ​គេ​សម្លាប់​នៅ​ទី​នេះ ខ្ញុំ​ងាក​ទៅ​រក​វិចិត្រ​ និង​នាយ​វិទូ ដែល​ឈាន​​ចូល​មក​តាម​ពី​ក្រោយ​ជា​សញ្ញា​ថា​ខ្ញុំ​កំពុង រង់ចាំ​ស្ដាប់​ការ​រក​ឃើញ​របស់​គេ។
​នាយ​វិទូ​ដើរ​ទៅ​ក្បែរ​កៅអី​បង្វិល​ដែល​ពិធីករ​នីមួយៗ​ តែង​តែ​អង្គុយ​ក្នុង​ពេល​ដំណើរ​ការ​ផ្សាយ​ គេ​បង្វិល​កៅអី​ចុះ​ឡើង​ពីរបី ដង​ទើប​​ពោល​មក​កាន់​ខ្ញុំ ៖
​ពេល​ឃើញ​សាកសព​… គឺ​អ្នក​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ត្រូវ​គេ​សម្លាប់​លើ​កៅអី​នេះ ដោយ​រឹត​ក​ពីក្រោយ… បាន​ន័យ​ថា … នាង​ត្រូវ​គេ​សម្លាប់​នៅ​ពេល​នាង​កំពុង​អង្គុយ​លើ​កៅអី… ប៉ុន្តែ​លោក​អធិការ​ និង​លោក​នាយក​ឆ្ងល់​ទេ​ថា ប្រសិន​បើ​ឃាតក​វា​ចូល​មក​បន្ទប់​នាង អំឡុង​ពេល​​ដែល​ភ្លើង​ដាច់… ហេតុ​អ្វី​​ក៏​នាង​នៅ​អង្គុយ​លើ​កៅអី​នៅ​ឡើយ? អម្បាញ់មិញ​ នៅ​ក្នុង​ការិយាល័យ​លោក​នាយក​ ខ្ញុំ​បាន​ពិសោធន៍​រួច​ហើយ… ខ្ញុំ​ចុច​ភ្លើង​បិទ​ពី​ក្រៅ​មិន​ដល់​មួយ​នាទី​ផង លោក​ស្ទុះ​ក្រោក​ពី​លើ​កៅអី​ទៅ​ហើយ… នេះ​ជា​ប្រតិកម្ម​ធម្មតា​របស់​មនុស្ស… មនុស្ស​មិន​ចេះ​ទ្រាំ​អង្គុយ​ស្ងៀម​បាន​ទេ នៅ​ក្នុង​ស្ថានភាព​ភ្លឺ​ហើយ​ស្រាប់​តែ​រលត់​ភ្លើង​ងងឹត​មើល​បាត​ដៃ​ខ្លួន​មិន​ឃើញ​ ហើយ​ពេល​នោះ​ភ្លើង​ដាច់ ម៉ាស៊ីន​ផ្សាយ​លែង​ដំណើរ​ការ​ទៀត មាន​រឿង​អី​ដែល​ថា​អ្នក​នាង​ឆវីវីន​ នៅ​អង្គុយ​ស្ងៀម​លើ​កៅអី​បណ្ដោយ​ឃាតក​ឲ្យ​ចូល​មក​រឹត​ក​សម្លាប់​បាន?
​ខ្ញុំ​ក៏​យល់​ដូច​សម្ដី​របស់​នាយ​ប៉ូលិស​រូប​នេះ​ដែរ… ខ្ញុំ​ជឿ​ថា​ក្នុង​ពេល​ដែល​ភ្លើង​រលត់​នោះ …​ ឆវីវីន មុខ​ជា​ងើប​ពី​កៅអី​ ដើរ​ចេញ​មក​ក្រៅ​មិន​ខាន… នាង​មិន​អាច​ទ្រាំ​អង្គុយ​ស្ងៀម​នៅ​លើ​កៅអី​បន្ត​ទៀត​ទេ… ព្រោះ​ទី​នេះ​ងងឹត​ខ្លាំង​ណាស់ ខ្ញុំ​មិន​ទាន់​ហើប​​មាត់​ថា​យ៉ាង​ណា​ផង ខ្ញុំ​ឮ​នាយ​វិទូ​ពោល​បន្ថែម​ភ្លាម ៖
​បាន​ន័យ​ថា នៅ​ពេល​ដែល​ឃាតក​ចូល​មក​សម្លាប់​នាង គឺ​មិន​មែន​ជា​ពេល​ភ្លើង​ដាច់​ទេ នាង​អាច​ត្រូវ​គេ​សម្លាប់​នៅ​មុន​ពេល​ភ្លើង​ដាច់ ឬ​ក្រោយ​ពេល​ម៉ាស៊ីន​ភ្លើង​បញ្ឆេះ​សារ​ជា​ថ្មី ព្រោះ​ទាល់​តែ​ក្នុង​បន្ទប់​ផ្សាយ​មាន​ភ្លើង​ទើប​សុខ​ចិត្ត​អង្គុយ​លើ​កៅអី​នេះ …
ខ្ញុំ​លូក​មាត់​សួរ​កាត់​វិញ ទាំង​ក្ដី​ភ្ញាក់​ផ្អើល​ពេញ​បន្ទុក ៖
​លោក​ចង់​និយាយ​ថា …
​វិទូ​​ងក់​​ក្បាល​ផ្ងក់ៗ​តប​មក​កាន់​ខ្ញុំ​វិញ ៖
​លោក​នាយក​បាន​មាន​ប្រសាសន៍​ថា លោក​ឮ​សំឡេង​ជន​រង​គ្រោះ​តាម​វិទ្យុ​រហូត​ដល់​ពេល​ភ្លើង​ដាច់​ទើប​ឈប់​ឮ… ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​… នាង​នៅ​មាន​ជីវិត​នៅ​ឡើយ​ទេ​​នៅ​ពេល​នោះ… ហើយ​រហូត​ដល់​ពេល​ភ្លើង​ដាច់​ក៏​នាង​នៅ​មាន​ជីវិត​ដែរ តែ​គឺ​ពេល​ភ្លើង​ត្រូវ​គេ​បញ្ឆេះ​ឲ្យ​ភ្លឺ​សា​ជា​ថ្មី​នោះ​ទេ… ដែល​នាង​ត្រលប់​ចូល​ទៅ​អង្គុយ​រៀប​ចំ​ផ្សាយ​សា​ជា​ថ្មី ក៏​ត្រូវ​គេ​សម្លាប់​តែ​ម្ដង…
​ខ្ញុំ​ពិចារណា​ស្ងាត់ៗ​ក្នុង​ចិត្ត​ដោយ​ក្ដី​រារែក… ថ្វី​ត្បិត​តែ​សម្ដី​របស់​នាង​ប៉ូលិស​វ័យ​ក្មេង​រូប​នេះ មាន​ហេតុ​មាន​ផល​គួរ​ឲ្យ​ពិចារណា​ក៏​ពិត​មែន តែ​… ក្នុង​រយៈពេល​ដែល​ភ្លើ​ត្រូវ​បញ្ឆេះ​ឲ្យ​ភ្លឺ​វិញ ឃាតក​ឆ្លៀត​ចូល​ទៅ​សម្លាប់​នាង​ក្នុង​បន្ទប់​ផ្សាយ… ហើយ​គេច​ខ្លួន​ចេញ​វិញ​គឺ​ប្រថុចញ៉ុច​សម្បើម​ណាស់ ព្រោះ​គ្រាន់​តែ​ភ្លើង​ត្រូវ​បញ្ឆេះ​ឲ្យ​ភ្លឺ​ឡើង​វិញ ហើយ​ខ្ញុំ​លែង​ឮ​សំឡេង​ឆវីវីន​ផ្សាយ​តាម​វិទ្យុ ខ្ញុំ និង​ថូនី​ក៏​ស្ទុះ​ចូល​ទៅ​កាន់​បន្ទប់​ផ្សាយ​ភ្លាម… រយៈ​ពេល​ខ្លី​ដូច្នេះ​ ឃាតក​អាច​សម្លាប់​មនុស្ស​ហើយ​គេច​ចេញ​ពី​បន្ទប់​ផ្សាយ​វិញ​ភ្លាមៗ​ដោយ​វិធី​ណា?
​សំឡេង​វិចិត្រ​លាន់​មក​កាត់​ផ្ដាច់​អារម្មណ៍​ស្មុគស្មាញ​របស់​ខ្ញុំ៖
​វិទូ! … ចុះ​ម៉េច​ក៏​មិន​សង្ស័យ​ថា​ឃាតក​ចូល​មក​បន្ទប់​ផ្សាយ​តាំង​ពី​ពេល​ដែល​ភ្លើង​មិន​ទាន់​ដាច់​ ហើយ​វា​ឆ្លៀត​ពេល​ដែល​ភ្លើង​ដាច់​ភ្លាម​ ក៏​រឹត​ក​សម្លាប់​នាង​ពីក្រោយ​ដោយ​មិន​ទុក​ឲ្យ​នាង​ក្រោក​ពី​កៅអី​ទាន់​នោះ?…
​វិទូ​ញាក់​ស្មា​តប​វិញ ៖
​តែ​ពេល​នោះ មនុស្ស​៤នាក់​ទៀត​ដែល​ចេះ​បើក​សោ​សម្ងាត់​ទ្វា​ស្ទូឌីយោលេខ៧​​កំពុង​នៅ​ប្រជុំ​គ្នា​នៅ​ឡើយ​ទេ ទាល់​តែ​ពេល​ភ្លើង​ដាច់​ ទើប​ពួក​គាត់​បំបែក​គ្នា​ចេញ​ពី​បន្ទប់​ប្រជុំ​ តើ​មាន​មនុស្ស​ផ្សេង​ណា​ម្នាក់​ទៀត​ដែល​អាច​ចូល​ទៅ​បន្ទប់​ផ្សាយ​នៅ​មុន​ពេល​ភ្លើង​ដាច់​ ហើយ​ដល់​ពេល​ដែល​ភ្លើង​ដាច់​ គេក៏​សម្លាប់​នាង​ភ្លាម​ទាំង​នៅ​លើ​កៅអី​នោះ?​
​វិចិត្រ​លើក​ដៃ​កាត់ ដោយ​និយាយ​ផូង ហាក់​បី​ដូច​ជា​ទើប​នឹង​នឹក​ឃើញ​ដល់​រឿង​អ្វី​មួយ ៖
​ចុះ​នាង​ទុំ​ក្មេង​លើក​ទឹក​នោះ? .. ថ្វី​ត្បិត​នាង​មិន​ចេះ​បើក​ទ្វារ​បន្ទប់​ផ្សាយ​មែន តែ​ជួន​កាល​ពេល​នោះ​នាង​ឡើង​មក​រក​ឆវីវីន ជន​រង​គ្រោះ​ ហេតុ​តែ​គិត​ថា​ជា​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​បើក​ទ្វារ​បន្ទប់​ផ្សាយ​ឲ្យ​ចូល ប៉ុន្តែ​ក្មេង​លើក​ទឹក​នោះ​នៅ​ក្នុង​បន្ទប់​ផ្សាយ​ដល់​ពេល​ភ្លើង​ដាច់​ភ្លាម​ ក៏​រឹត​ក​សម្លាប់​អ្នក​រង​គ្រោះ​តែ​ម្ដង ទើប​គេច​ខ្លួន​ចេញ​ក៏​ថា​បាន!…
​ខ្ញុំ​ហៀប​នឹង​បដិសេធ​ការ​សន្និដ្ឋាន​នេះ​ទៅ​ហើយ តែ​ត្រូវ​វិទូ​ ពោល​កាត់​មុន ៖
​ក្មេង​ស្រី​នោះ​ មិន​មាន​លទ្ធភាព​សម្លាប់​ជន​រង​គ្រោះ​នោះ​ទេ! …អម្បាញ់មិញ​ នៅ​ពេល​សួរ​ចម្លើយ​… យើង​បាន​ពិនិត្យ​ឃើញ​ថា នាង​មាន​លក្ខណៈ​ពិការ​ដៃ​ឆ្វេង​ ដូច្នេះ​ពឹង​លើ​ដៃ​ស្ដាំ​តែ​ម្ខាង​ ថ្វី​ត្បិត​នាង​អាច​ធ្វើ​ការងារ​ស្រាលៗ​ ដូច​ជា​ដៃ​ទឹក លើក​កែវ​ទឹក​ បោស​ធូលី … ដៃ​ឆ្វេង​នាង​គ្មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ជួយ​ដៃ​ស្ដាំ​ក្នុង​ការ​រឹត​ក​សម្លាប់​មនុស្ស​ឡើយ… ហេតុ​នេះ​នាង​ត្រូវ​ផាត់​ចេញ​ពី​ចំណោម​អ្នក​ដែល​ត្រូវ​សង្ស័យ។
​ខ្ញុំ​លាន់​មាត់​ពោល​បន្ត​ពី​សម្ដី​ប៉ូលិស​រូប​នោះ ៖
​ត្រូវ​ហើយ… នាង​ទុំ​ធ្លាប់​ធ្លាក់​ពី​លើ​ដើម​ឈើ ហេតុ​នេះ​ដៃ​ឆ្វេង​របស់​នាង​ត្រូវ​បាត់​បង់​ថាមពល… ដោយ​ក្រៅ​ពី​ពី​ការងារ​ស្រាល​ៗ នាង​មិន​អាច​ប្រើ​ដៃ​ទាំង​ពីរ​រួម​គ្នា​ឡើយ… ហើយ​ខ្ញុំ​ចាំ​បាន​ថា​… នៅ​មុន​ពេល​ភ្លើង​ដាច់​នោះ​ ថូនី​បាន​ទូរស័ព្ទ​ទៅ​បន្ទប់​ខាង​ក្រោម​ដើម្បី​ហៅ​នាង​ឲ្យ​ឆុង​កាហ្វេ​មក​ឲ្យ​គេ ព្រោះ​ម្នាក់​នេះ​ចូល​ចិត្ត​កាហ្វេ​ខ្មៅ​សុទ្ធ​ ហើយ​មិន​ដាក់​ស្ករ​ទៀត នេះ​បញ្ជាក់​ថា ពេល​នោះ​នាង​ទុំ​នៅ​បន្ទប់​បាយ​ខាង​ក្រោយ​នៅ​ឡើយ​ទេ នាង​មិន​បាន​ឡើង​មក​បន្ទប់​ផ្សាយ​ដូច​ការ​សន្និដ្ឋាន​របស់​វិចិត្រ​អម្បាញ់មិញ​នេះ​ទេ!
​វិចិត្រ​ងក់​ក្បាល​ផ្ងក់ៗ … គេ​ពោល​ទាំង​ងើយ​ក្បាល​ដក​ដង្ហើម​វែង ៖
​អីចឹង​យើង​នៅ​តែ​គិត​ថា ឆវីវីន ពេល​ភ្លើង​ដាច់​នឹង​មិន​ទាន់​ត្រូវ​គេ​សម្លាប់​នៅ​ឡើយ​ទេ ព្រោះ​ភ្លើង​ដាច់​នាង​មាន​រឿង​អី​អង្គុយ​លើ​កៅអី​ទៀត​នោះ… ទាល់​តែ​ពេល​ភ្លើង​ត្រូវ​បំភ្លឺ​សា​ជា​ថ្មី ទើប​នាង​អង្គុយ​លើ​កៅអី​សា​ជា​ថ្មី​ ដើម្បី​ត្រៀម​ផ្សាយ គឺ​ពេល​នោះ​ឯង​ដែល​នាង​ត្រូវ​គេ​រឹត​ក​សម្លាប់​ …
​​ខ្ញុំ​មិន​រង់​ចាំ​ឲ្យ​វិចិត្រ​និយាយ​ចប់​ទាន់​នោះ​ទេ ខ្ញុំ​ពោល​កាត់ ៖
​ តែ​រយៈ​ពេល​ភ្លើង​ឆេះ​ភ្លាម​ បង​និង​ថូនី​ ដែល​អង្គុយ​ចាំ​ស្ដាប់​វិទ្យុ​ក្នុង​បន្ទប់​ប្រជុំ​ ពេល​មិន​ឮ​សំឡេង​ឆវីវីន​ផ្សាយ​ ក៏​ដើរ​សំដៅ​មក​បន្ទប់​ផ្សាយ​ភ្លាម … ទោះ​បី​ឃាតក​រហ័ស​យ៉ាង​ណា​ក៏​មិន​អាច​ប្រើ​ពេល​១នាទី​ ក្រោយ​ភ្លើង​ឆេះ​នេះ​សម្លាប់​ឆវីវីន ហើយ​គេច​ខ្លួន​បាត់​ មុន​ពេល​បង​ និង​ថូនី​ចូល​ទៅ​ដល់​នោះ​ទេ!
ក្រសែ​ភ្នែក​ប៉ូលិស​វ័យ​ក្មេង​វិទូ​សម្លឹង​មក​ខ្ញុំ​យ៉ាង​មុត​ហាក់​បី​ដូច​ជា​បង្កប់​ជាមួយ​នូវ​គំនិត​អ្វី​ម្យ៉ាង​មិន​ប្រក្រតី​ល្មម​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល… គេ​ពោល​មួយៗ​សា​ជា​ថ្មី ៖
​យើង​ពិចារណា​ពី​ម៉ានិតដេត ម្នាក់​នេះ​ចាកចេញ​ពី​បន្ទប់​ប្រជុំ​ចុះ​ទៅ​ជាន់​ខាង​ក្រោម​ ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​… ដល់​ពេល​ភ្លើង​ត្រូវ​បញ្ឆេះ​ឲ្យ​ភ្លឺ​គេ​ឡើង​មក​វិញ ក៏​ឃើញ​ជន​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​បាត់​ទៅ​ហើយ… ដូច្នេះ​គេ​ត្រូវ​ផាត់​ចេញ​ពី​ចំណោម​អ្នក​ដែល​ត្រូវ​សង្ស័យ​ ព្រោះ​ក្នុង​រយៈ​ពេល​មួយ​នាទី​… គេ​មិន​អាច​ឡើង​មក​សម្លាប់​មនុស្ស​ ហើយ​គេច​ទៅ​ជាន់​ខាង​ក្រោម​វិញ​បាន​ទាន់​ពេល​នោះ​ឡើយ…
វិចិត្រ​ពោល​សួរ​វិញ​ភ្លាម ៖
​ចុះ​នាង​ម៉ាណា?
វិទូ​គ្រវី​ក្បាល​បដិសេធ ៖
នាង​ក៏​មិន​អាច​ចូល​ទៅ​សម្លាប់​ឆវីវីន​ទាន់​ពេល​នោះ​ដែរ… សូម​អ្នក​ទាំង​ពីរ​ពិចារណា​មើល​ចុះ រយៈ​ពេល​មួយ​នាទី​ សម្រាប់​រឹត​ក​អ្នក​រង​គ្រោះ​ដែល​ជា​មនុស្ស​ពេញ​កម្លាំង​មិន​មែន​ជា​រឿង​ងាយ​ទេ… នាង​មាន​ពេល​ឯណា​នឹង​គេច​ចេញ​ពី​បន្ទប់​ផ្សាយ​… បើ​នាង​ចូល​ទៅ​សម្លាប់​អ្នក​រង​គ្រោះ​មែន ហេតុ​អ្វី​ពេល​គេច​ចេញ​វិញ នាង​មិន​ជួប​លោក​នាយក​វិសុទ្ធ និង​នាយ​ថូនី បើ​អ្នក​ទាំង​ពីរ​អះអាង​ថា​ បាន​ចាក​ចេញ ពី​បន្ទប់​ប្រជុំ​ភ្លាម​នៅ​ពេល​ដែល​ភ្លើង​ឆេះ​ ហើយ​មិន​ឮ​ឆវីវីន​ផ្សាយ​នោះ?
​ខ្ញុំ​ដក​ដង្ហើម​យូរ ធូរ​ទ្រូង​ជាង​មុន​ កាល​បើ​ដឹង​ថា​ អ្នក​ទាំង​ពីរ​រួច​ផុត​ពី​ការ​សង្ស័យ​របស់​ប៉ូលិស… ខ្ញុំ​មិន​ទាន់​បាន​ពោល​តប​ថា យ៉ាង​ណា​ផង… សំឡេង​ប្រកប​ដោយ​សភាព​ហ្មត់ចត់​របស់​នាយ​ប៉ូលិស​វ័យ​ក្មេង​វិទូ​ ពោល​មក​កាន់​ខ្ញុំ ៖
​លោក​នាយក!… ពឹង​ផ្អែក​លើ​ស្ថានភាព​ដែល​ខាង​ប៉ូលិស​យើង​ទទួល​បាន និង​​ពិចារណា​តាម​លក្ខណៈ​បច្ចេកទេស​​ខ្ញុំ​គួរ​និយាយ​ត្រង់​ៗ​​​ថា ក្នុង​ហេតុ​ការណ៍​បែប​នេះ ទោះ​បី​ក្រុម​ជំនាញ​ណា​មក​ធ្វើ​ការ​អង្កេត​… ក៏​ជន​ដែល​ត្រូវ​សង្ស័យ​បំផុត… គឺ​មាន​តែ​លោក​ និង​នាយ​ថូនី​វិស្វករ​មក​ពី​បរទេស​នោះ​​ឯង…
​ខ្ញុំ​ភ្ញាក់​ដូច​ជាន់​ចំ​ក្បាល​ពស់​វែក ដោយ​ងើប​មុខ​សម្លឹង​ទៅ​នាយ​ប៉ូលិស​វ័យ​វិទូ​យ៉ាង​រហ័ស​… រស្មី​មុត​ថ្លា​នៃ​ក្រសែ​ភ្នែក​ដែល​ជះ​ព្រិចៗ​មក​ចំ​ខ្ញុំ ក៏​ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ម្នាក់​នេះ​មិនមែន​កំពុង​និយាយ​កំប្លែង​លេង​មក​កាន់​ខ្ញុំ​នោះ​ឡើយ…។ខ្ញុំ​ហាក់​មាន​អារម្មណ៍​មួហ្មង ខ្ញុំ​ត្រឡប់​សួរ​ទៅ​គេ​​វិញ​មួយ​រំពេច ៖
​លោក​សង្ស័យ​ខ្ញុំ​អ្ហេស?ខ្ញុំ​ជា​អ្នក​ឃាតក​សម្លាប់​កូន​ចៅ​ឯង​?
​វិទូ​តប​មក​ខ្ញុំ​វិញ​ដោយ​អាកប្បកិរិយា​មិន​ញញើត ៖
​គិត​មើល​ទៅ! ចន្លោះ​ពេល​ដែល​អ្នក​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​ គឺ​លោក និង​នាយ​ថូនី​​នៅ​ក្នុង​បន្ទប់​ប្រជុំ​រង់​ចាំ​ភ្លើង​ឆេះ ពោល​គឺ​លោក​មិន​បាន​រវល់​កិច្ចការ​អ្វី​ផ្សេង​ដូច​អ្នក​ដទៃ​ឡើយ​ លោក​ឆ្លៀត​ពេល​ក្រោក​ទៅ​កាន់​បន្ទប់​ផ្សាយ​នៅ​ពេល​ភ្លើង​ទើប​តែ​ត្រូវ​បាន​បញ្ឆេះ បន្ទាប់​មក​លោក​ក៏​ស្រែក​ប្រកាស​ឆោឡោ​ ឲ្យ​គ្រប់​គ្នា​ដឹង​ពី​មរណភាព​របស់​នាង​តែ​ម្ដង!
​រឹត​តែ​ស្ដាប់​ គឺ​រឹត​តែ​មួម៉ៅ​ មិន​ស្មាន​ថា​ ខ្ញុំ​ខំ​សហការ​ពេញ​មួយ​ព្រឹក ស្ទើរ​តែ​ប្រេះ​ក្បាល​ស្លាប់ លទ្ធផល​ទទួល​បាន​គឺ​បុគ្គលិក​ផ្សេងៗ​ គេ​រួច​ខ្លួន​អស់​បែរ​ជា​ខ្ញុំ​ខ្លួន​ឯង​ត្រូវ​ជាប់​សង្ស័យ​ទៅ​​វិញ… ខ្ញុំ​ហៀប​នឹង​ដំឡើង​សំឡេង​ទៅ​កាន់​នាយ​ប៉ូលិស​ព្រហើន​រូប​នោះ​ តែ​សូរស័ព្ទ​ស្រួយ​ស្រេះ​មួយ​បាន​លាន​មក​ទន្ថើន​ពី​ក្រោយ​ខ្ញុំ​លឿន​ជាង​ទៅ​ទៀត ៖
​មិនមែនទេ លោក​ប៉ូលិស! មិនមែនទេ!
​ខ្ញុំ​ងាក​ក្រោយ​សម្លឹង​ទៅ​រក​នាង​ទុំ​ ក្មេង​លើក​ទឹក​ដែល​ឈរ​បើក​ភ្នែក​គ្រលួង​ប្រកប​ដោយ​ទឹក​មុខ​ស្លេកស្លាំង​ពីក្រោយ​ខ្នង​ខ្ញុំ…។នាង​ស្រែក​ដោយ​តក់ស្លុត​ហាក់បីដូចជា​គិត​ថា​គេ​ប្រហែល​កំពុង​ចាប់ខ្លួន​ខ្ញុំ​ប្រាកដ​ណាស់​ ខ្ញុំ​មិន​ទាន់​បាន​ហើប​មាត់​សួរ​ទៅ​កាន់​នាង​ថា​យ៉ាង​ណា​ផង… នាយ​ប៉ូលិស​វិទូ​បន្លឺ​កាត់​មុន ៖
​ប្អូនស្រីទុំ! មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​ទៀត?!
នៅ​ពេល​ក្មេង​ជនបទ​កំពុង​ទីទើរ គេ​ពោល​សង្ខើញ​បញ្ជោះ​នាង៖
សូមទោស​ដែល​ធ្វើ​អោយ​ប្អូនស្រី​​រន្ធត់​ព្រោះ​ប្អូន​​ប្រហែល​ជា​លែង​មាន​ការងារ​ធ្វើ​ទៀត​!បើ​លោក​នាយក​វិសុទ្ធ​​ត្រូវ​រក​ឃើញ​ថា​ជា​ឃាតក​សម្លាប់​មនុស្ស ប៉ុស្តិ៍​វិទ្យុ​នេះ​នឹង​ត្រូវ​បិទ​ទ្វារ​…
​គេ​និយាយ​កាន់តែ​យូរ​ទៅ​កាន់​តែ​ធ្វើ​ឲ្យ​ទ្រាំ​លែង​ចង់​បាន​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ប៉ូលិស​វិទូ​នេះ​ជា​ប្រភេទ​មនុស្ស​គ្មាន​ហេតុ​ផល​សម​នឹង​ទទួល​កណ្ដាប់ដៃ​អញ្ចឹង​សោះ។
​តែ​នាង​ទុំ​មិន​ខឹង​បែរ​ជា​ទ្រហោ​យំ​ហ៊ូ… នាង​លុះ​ក្រោម ការ​សម្លុត​ប្រាកដ​ណាស់។ខ្ញុំ អាណិត​នាង​ព្រួច​ដោយ​ឃើញ​នាង​តូច​ដែល​កន្លង​មក​មិនសូវ​ចេះ​ចេញ​ស្ដី​​បែរ​ជា​ពេលនេះ​​ខំ​ពោល​ទាំង​រអាក់រអួល៖​
គាត់​អត់​បាន​សម្លាប់​មនុស្ស​ទេ… គាត់​អត់​សម្លាប់​បង​វីន​ទេ លោក​ចោទ​គាត់​ខុស​ហើយ…
សំឡេង​នាយ​វិទូ នោះ​បាន​បន្ថែម​ច្រំ​ដែល​ៗ ៖
តែ​ចម្លើយ​ជា​ច្រើន​មាន​ផល​អាក្រក់​ចំពោះ​គាត់​ណាស់ ប្អូន​​មិន​អាច​ការពារ​ជនសង្ស័យ​ដោយ​សារ​តែ​គាត់​ជា​ចៅហ្វាយ​ប្អូន​ទេ!
ខ្ញុំ​ងឺង​ស្លឹក​ត្រចៀក​ងាក​ទៅ​រក​វិចិត្រ​ព្រោះ​​មាន​ចេតនា​ចង់​ឲ្យ​គេ​យល់​ថាខ្ញុំ​ទ្រាំ​នឹង​អាការៈ​ឆ្កួតលីលា​​រប​ស់​មនុស្ស​ក្រោម​បង្គាប់​គេ​លែង​បាន​ទៀត​ហើយ តែ​ភ្លាម​នោះ​ខ្ញុំ​ឃើញ​វិចិត្រ​មិច​ភ្នែក​ដាក់​ខ្ញុំ​ជា​សញ្ញា​ថា ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​សិន…។
​ខ្ញុំ​នៅ​ស្ងៀម​រង់​ចាំ​មើល​ប្រតិកម្ម​នាយ​វិទូ​ត​ទៅ​ទៀត​ទាំង​ក្តៅចិត្ត… ចាំ​មើល​តើ​គេ​នៅ​តែ​ប្រើ​សម្ដី​ផ្ដេសផ្ដាស​ទៀត​ឬ​ក៏​អត់… ភ្លាម​នោះ​ខ្ញុំ​ឃើញ​គេ​បោះ​ជំហាន​ចាកចេញ​ពី​បន្ទប់​ផ្សាយ​ទាំង​ចោល​សម្ដី​ខ្លាំង​ៗ ៖
រៀបចំ​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ…!
​ក្នុង​មួយ​ខណៈ​ដែល​ខ្ញុំ​ហ៊ឹង​ត្រចៀក​ដោយ​ភ្លើង​កំហឹង ខ្ញុំ​ឮ​នាង​ទុំ​ស្រែក​យំ​ង៉ោង​ខ្លាំង​លើស​ដើម…​ ក្មេង​នេះ​នៅ​តែ​ពោល​ពាក្យ​ដដែលៗ​ទាំង​ក្ដី​តក់​ស្លុត​ពិតៗ៖
​គាត់​អត់​សម្លាប់​មនុស្ស​ទេ… កុំ​ចាប់​គាត់… មិនមែន​គាត់​សម្លាប់​បង​វីន​ទេ… មិន​មែន​គាត់​ទេ!
​ប៉ូលិស​វិទូ​បានចិត្ត​បញ្ឈប់​ដំណើរ ងាក​មក​​សួរ​បក​​នាង​វិញ​យ៉ាង​រហ័ស៖​
​បើ​មិន​មែន​គាត់… មាន​តែ​ប្អូន​​ដឹង​ថា​ អ្នក​ណា​ជា​ឃាតក​សម្លាប់​ឆវីវីន?
ក្នុង​ភាព​តក្កមា ក្មេង​នោះ​ភ្លាត់​មាត់​បន្ត​ពី​នាយ​ប៉ូលិស​ភ្លាម​ដោយ​ឥត​បើ​គិត ៖
​ពូ​​ដេត​… គឺ​ពូ​ដេត សម្លាប់​បង​វីន… មិនមែន​លោក​នាយក​ទេ…!
​ខ្ញុំ​បើក​ភ្នែក​ធំៗ​សម្លឹង​មុខ​នាង​ទុំ​ទាំង​ព្រលឹង​ចុង​សក់​ ។ សេចក្ដី​មួហ្មង សន្សឹម​ៗ​ជំនួស​មក​វិញ​ដោយ​ពិភាល់​ ។ខ្ញុំ​ដណ្ដឹង​សួរ​ខ្លួនឯង​ស្ងាត់​ៗ​៖
-ម៉េច​ក៏​នាង​ទុំ​ហ៊ាន​ប្រាប់​ប៉ូលិស​​ថា ម៉ានិតដេត ជា​អ្នក​សម្លាប់​ឆវីវីន?
ខ្ញុំ​ក្រឡាប់​គ្រាប់ភ្នែក​ទៅ​ឃើញ​នាយ​វិទូ​ញញឹម​អោន​ទៅ​រក​នារី​ជនបទ។គេ​សម្រាល​ទឹកមុខ​នៅ ចំពោះ​កែវភ្នែក​ភិតភ័យ​របស់​នាង ទើប​ពោល​សួរ​ទៅ​កាន់​នាង​មួយៗ​៖
និយាយ​ទៅ!និយាយ​ការពិត​ទាំង​អស់​ដែល​ប្អូន​បាន​ដឹង​មក បើ​នាង​ប្អូន​ចង់​​ជួយ​គាត់!
​នាង​តូច​ទុំ​បង្វិល​គ្រាប់​ភ្នែក​ដែល​ពោរ​ពេញ​ដោយ​ភាព​ភិតភ័យ​ សម្លឹង​មក​ខ្ញុំ​បន្តិច​ ទើប​ប្រឹង​តាំង​ស្មារតី​ឆ្លើយ​តប​ទៅ​ប៉ូលិស​វិទូ ៖​
​មែន​ណ៎ា​បង លោក​នាយក​ អត់​បាន​សម្លាប់​បង​វីន​ទេ…!
​ដល់​វេន​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ​លាន់​មាត់​ម្ដង ៖
​អីចឹង​អ្នក​ណា​វិញ ជា​អ្នក​សម្លាប់​ឆវីវីន? មិញ​និយាយ​ថា​ម៉ានិតដេត មែន​ទេ? បាន​ឃើញ​ផ្ទាល់​ភ្នែក​អត់?​
​នាង​តូច​ទុំ​បង្ខំ​ចិត្ត​ងាក​មក​រក​ប្អូន ខ្ញុំ​ទាំង​ដៃ​ជើង ញ័រ​ចំប្រប់។ ខ្ញុំ​ដឹង​ហើយ​ថា នាង​ត្រូវ​ដាច់ចិត្ត​និយាយ​ពី​​ម៉ានិតដេត​​ទំាង​ចិត្ត​មិន​ចង់​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​ខ្ញុំ។សំឡេង​នាង​ប្រែ​ជា​ឆ្លើយ​តប​ដាច់​ៗ បែប​មិន​សូវ​ជឿ​ជាក់ ៖
​ប្រហែល​ជា​ពូ​ដេត តែ​ខ្ញុំ​ ខ្ញុំ​អត់​ឃើញ​ផ្ទាល់​ភ្នែក​ទេ​បង..
ក្នុង​មួយ​ខណៈ​ដែល​អារម្មណ៍​ខ្ញុំ​កំពុង​ច្របូក​ច្របល់​ដោយ​ភាព​ងឿង​ឆ្ងល់​ លាយ​ក្ដី​មួហ្មង​ ខ្ញុំ​ឃើញ​នាយ​ប៉ូលិស​វិទូ​​ដឹក​ដៃ​នាង​ចេញ​ពី​បន្ទប់​ផ្សាយ​សំដៅ​ទៅ​ការិយាល័យ​ខ្ញុំ​វិញ។សំឡេង​​វិទូ​ពោល​ទៅ​កាន់​នាង​ស្រាល​ៗ​អម​ជាមួយ​ជំហាន​មួយៗ​​របស់​គេ ៖
​អត់​ឃើញ​ផ្ទាល់​ភ្នែក​ហេតុអ្វី​ប្អូន​គិត​ថា​ ពូ​ម៉ានិត​ដេត សម្លាប់​ឆវីវីន…?អូ​ខេ គិត​អោយ​ច្បាស់ និយាយ​ការពិត​អោយ​ស្រួល​​តាម អ្វី​ដែល​ប្អូន​បាន​ដឹង​ណ៎ា!
ខ្ញុំ​ឈរ​ទ្រឹង​សម្លឹង​ដំណើរ​វិទូ​ដែល​ដឹក​ដៃ​នាង​ទុំ​ចេញ​ទៅ។តាមពិត​ខ្ញុំ​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទេ។ វិចិត្រ​ដើរ​មក​ក្បែរ​ខ្ញុំ​ហើយ​​ពោល​តិចៗ ៖
​បង​សុទ្ធ​ ក្មេង​ស្រី​នេះ​លប​មើល​ពួក​យើង​នៅ​មាត់​ទ្វារ​ស្ទូឌីយោលេខ៧​​យូរ​​ហើយ… តាម​មើល​ ពេល​ឆវីវីន​​ស្លាប់​ក្មេង​នោះ​ប្រហែល​បាន​ដឹង​អាថ៌កំបាំង​អ្វី​ ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ​ក៏​មិន​ដឹង។ អំបាញ់មិញ វិទូ​ធ្វើ​ជា​ចោទ​ប្រកាន់​បង​ដើម្បី​ឲ្យ​ក្មេង​នោះ​ព្រម​បង្ហាញ​ខ្លួន​និង​សារភាព​ប៉ុណ្ណឹង​ទេ!
​ខ្ញុំ​ដក​ដង្ហើម​ឃូរ ធូរ​ចិត្ត​ច្រើន​ជាង​មុន​បន្តិច​ពេល​លឺ​ពាក្យ​បកស្រាយ​របស់​ប្អូន​ជីដូន​មួយ.តែ​នឹក​ដល់​សម្ដី​ក្មេង​លើក​ទឹក​អម្បាញ់មិញ​… ខ្ញុំ​នឹក​ឃើញ​ងាក​មក​សួរ​វិចិត្រ​វិញ​ភ្លាម៖
​ឯង​គិត​​ជឿ​សម្ដី​នាង​ដែល​ថា​ ម៉ានិត​ ដេត​ ជា​អ្នក​សម្លាប់​ហ្នឹង​មែន​​​អ្ហេស?
​​វិចិត្រ​មិន​ឆ្លើយ​តប​នឹង​សំណួរ​ខ្ញុំ​ទេ គេ​បែរ​ជា​សួរ​បក​មក​វិញ៖
​ក្មេង​នេះ​ និង​នាយ​ម៉ានិត​ ដេត កន្លង​មក​ធ្លាប់​មាន​ទំនាស់​គ្នា​ទេ?
​ខ្ញុំ​គ្រវី​ក្បាល​ ឆ្លើយ​តប​តាម​ត្រង់៖
​គ្មាន​ទេ…
វិចិត្រ​ញាក់​ចិញ្ចើម​ បន្លឺ​បន្ត​ ភ្លាម ៖
​អីចឹង​ហេតុ​អ្វី​ នាង​តូច​នោះ​ធ្លោយ​មាត់​ថា​ម៉ានីត​ដេត ជា​អ្នក​សម្លាប់​ឆវីវីន​? មនុស្ស​ដល់​ទៅ​បួន​នាក់​​នៅ​ទីនេះ​ដែល​ត្រូវ​សង្ស័យ ម៉េច​ក៏​ក្មេង​ហ្នឹង​​មិន​និយាយ​ថា​ឃាតក​ គឺ​នាង​ម៉ាណា ឬ​នាយ​ថូនី? ម៉េច​ក៏​ក្មេង​​អះអាង​ច្បាស់​​ថា​បង​ឯង​​មិន​បាន​សម្លាប់​ឆវីវីន? វា​ទាល់​តែ​​ប្រាកដ​ក្នុង​ចិត្ត​ លើ “​រឿង​អ្វី​មួយ” រវាង​នាយ​ម៉ានិតដេត និង​អ្នក​ស្លាប់!
ខ្ញុំ​ឈរ​ទ្រឹង​សញ្ជឹង​គិត​ទាំង​ក្បាល​ធ្ងន់​ពាប់… ហេតុការណ៍​ថ្មី​មួយ​បាន​លេច​ឡើង​ភ្លែត​ក្នុង​អារម្មណ៍​របស់​ខ្ញុំ… ខ្ញុំ​នៅ​ចាំ​បាន​ថា​ កាល​ពី​ព្រឹក​មិញ​នេះ​ ពេល​ដែល​ប៉ូលិស​បញ្ជូន​សព​ ឆវីវីន​ ចេញ​ពី​ស្ទូឌីយោលេខ៧​បុគ្គលិក​ទាំង​អស់​នៅ​ជុំ​គ្នា​នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​នាង​ទុំ​លួច​សម្លឹង​ម៉ានិតដេត រួច​ស្រែក​យំ​ង៉ោង​ ឬ​មួយ​នាង​ក្មេង​តូច​នេះ ពិត​ជា​បាន​ដឹង​នូវ​រឿង​អ្វី​មួយ… ដូច​ដែល​វិចិត្រ​កាត់​ស្មាន?
​“រឿង​អ្វី​មួយ”​​ ដែល​ឯង​ថា​នោះ ជា​រឿង​អ្វី?
​វិចិត្រ​កៀង​បណ្ដើរ​ខ្ញុំ​ចេញ​ពី​បន្ទប់​​ផ្សាយ​ មាត់​ឆ្លើយ​តប៖
​ទាល់​តែ​ឈ្លេច​សួរ​នាង… ក្រែង​អាច​ដឹង​បាន​ខ្លះ… បង​សួរ​ខ្ញុំ​ក៏​អត់​ប្រយោជន៍​ដែរ… បង​គ្រប់​គ្រង​នៅ​ទី​នេះ​ផ្ទាល់​ ក៏​មិន​ដឹង​ផង.. ចុះ​ទម្រាំ​ខ្ញុំ…?
យើង​ត្រលប់​ចូល​ការិយាល័យ​វិញ​ដោយ​អង្គុយ​រង់​ចាំ​ស្ដាប់​ពាក្យ​សារភាព​របស់​នាង​តូច​ទុំ​ ដែល​កំពុង​ត្រូវ​សួរ​នាំ​ដោយ​កាយ​ប៉ូលិស​វិទូ​ដ៏​ឆ្លាត​វាងវៃ​។
​ប្រយោគ​ដំបូង​បង្អស់​របស់​នាយ​ប៉ូលិស​រូប​នេះ ពោល​សួរ​ទៅ​កាន់​ក្មេង​ស្រី​លើក​ទឹក​ គឺ៖
​បើ​អត់​បាន​ឃើញ​ផង ម៉េច​ក៏​នាង​យល់​ថា … ម៉ានិត​ ដេត សម្លាប់​ឆវីវីន!
​នាង​តូច​ទុំ ពោល​ដាច់​ៗ​ទាំង​ឈ្ងោក​មុខ​ជាប់ ៖
​ ព្រោះ​… ព្រោះ​គាត់​​ឈ្លោះ​គ្នា!
​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ចម្លើយ​ដ៏​ខ្លី​១​ឃ្លា​នេះ ហើយ​ខ្ញុំ​ក៏​កំពុង​ទទួល​អារម្មណ៍​ថា… ទាំង​វិចិត្រ​ ទាំង​វិទូ ក៏​កំពុង​សម្លឹង​មក​ខ្ញុំ​ព្រម​ៗ​គ្នា​ដែរ។
​ខ្ញុំ​ឃើញ​ក្រសែ​ភ្នែក​ពួក​គេ​…​ហាក់​បី​ដូច​ជា​កំពុង​ចង់​សួរ​បញ្ជាក់​ខ្ញុំ លើ​បញ្ហា​នេះ… តើ​ខ្ញុំ​គួរ​និយាយ​ថា​ម៉េច..? ម៉ានិត​ដេត និង​ឆវីវីន​ឈ្លោះ​គ្នា​ពី​អង្កាល់​… ម៉េច​ក៏​ខ្ញុំ​មិន​ដែល​ដឹង?
​ខ្ញុំ​ងាក​ពោល​សួរ​ក្មេង​ស្រី​លើក​ទឹក​… ទាំង​ពេញ​ប្រៀប​ដោយ​ភាព​ច្របូក​ច្របល់​ និង​ក្ដី​ងឿង​ឆ្ងល់​៖
នាង​ទុំ! ម៉ានិត​ដេត និង​ឆវីវីន ឈ្លោះ​គ្នា​ពី​អង្កាល់?
កុំ-កុំ​និយាយ​កុហក​ណា មិន​មែន​លេង​សើច​ទេ!
​​ខ្ញុំ​ឃើញ​នាង​ទុំ ព្រិច​ភ្នែក​ដែល​កំពុង​រលីងរលោង​ដោយ​ទឹក​ភ្នែក​ពីរ​តំណក់​នាង​ពោល​តប​វិញ​ដាច់​ៗ ៖
​លោក​នាយក! ខ្ញុំ​អត់​បាន​និយាយ​កុហក​ទេ កាល​ពី​ថ្ងៃ អាទិត្យ… ខ្ញុំ​ភ្លេច​កាបូប​លុយ​នៅ​បន្ទប់​បាយ​ ខ្ញុំ​ត្រលប់​មក​យក​កាបូប ក៏​នឹក​ឃើញ​ឡើង​មក​ប្រមូល​កែវ​​នៅ​ជាន់​ខាង​លើ​អោយ​ហើយ…។ពេល​ខ្ញុំ​ឡើង​ដល់​មុខ​បន្ទប់ ផ្សាយ ខ្ញុំ​ឃើញ​បង​វីន​និង​ពូ​ម៉ានិតដេត កំពុង​ទាស់​សម្ដី​គ្នា​ គឺ​​នៅ​ក្នុង​បន្ទប់​ផ្សាយ​ហ្នឹង​តែ​ម្ដង…។
​ខ្ញុំ​បើក​ភ្នែក​គ្រលួង​ ចំហ​មាត់​ធ្លុង​ដោយ​អស់​យោបល់​ ទឹក​មុខ​របស់​ក្មេង​ស្រី​ជំទង់​រូប​នេះ គ្មាន​សញ្ញាណ​ណា​មួយ​បង្ហាញ​ថា នាង​កំពុង​និយាយ​កុហក​ទាល់​តែ​សោះ។
​ខណៈ​នោះ​សំឡេង​វិចិត្រ​ពោល​សួរ​ឡើង៖
​ពួក​គេ​ទាស់​គ្នា​រឿង​អី?
​ខ្ញុំ​ក៏​ផ្ដោត​ភ្នែក​សម្លឹង​នាង​ទាំង​រង់​ចាំ​ពាក្យ​ឆ្លើយ​តប​របស់​នាង​ដោយ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​ខ្ញុំ​ក៏​កំពុង​ចង់​ដឹង​យ៉ាង​អន្ទះសា​ដែរ​ថា ឆវីវីន និង​ម៉ានិតដេត​ឈ្លោះ​ប្រកែក​គ្នា​ពី​រឿង​អ្វី?តែ​នាង​ទុំ​គ្រវី​ក្បាល​តតាត់​ ហើយ​​ឆ្លើយ​តប​វិញ​ដោយ​សព្ទ​សំឡេង​ញ័រ ៖
​ខ្ញុំ​អត់​ដឹង​ទេ​ តែ តែ​ខ្ញុំ​ឃើញ​បង​ឆវីវីន​ ខឹង​ខ្លាំង​ណាស់ គាត់​ស្រែក​យំ​ទៀត​ផង​ ខ្ញុំ​ឃើញ​ពី​ចម្ងាយ​ទេ ខ្ញុំ​ភ័យ​ ខ្ញុំ​ភ័យ​ពេក ខ្ញុំ​ចុះ​មក​ក្រោម​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​អត់​ដឹង​ថា ពីរ​នាក់​គាត់​ទាស់​គ្នា​ដល់​ពេល​ណា​ទេ!
ខ្ញុំ​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​កៅអី​ទាំង​ល្ហិតល្ហៃ​ក្នុង​ចិត្ត​ ខ្ញុំ​គិត​មិន​យល់​ទេ​ថា តើ​ការ​ទាស់​ទែង​របស់​ពីរ​នាក់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​ក្មេង​ស្រី​លើក​ទឹក​បាន​រំលឹក​នេះ​ មាន​ទាក់ទង​ដល់​មរណភាព​របស់​សហ ការិនី​ខ្ញុំ​មែន​ឬ​ក៏​អត់?
​​វិចិត្រ​ដៀង​ភ្នែក​សម្លឹង​មក​ខ្ញុំ ខ្ញុំ​គ្រវី​ក្បាល​យឺត​ៗ​ជា​សញ្ញា​ប្រាប់​ទៅ​គេ​វិញ​ថា ខ្ញុំ​នេះ​ក៏​មិន​ដឹង​រឿង​រវាង​គេ​ទាំង​ពីរ​នោះ​ដែរ…។ប៉ូលិស​ទាំងពីរ​ដៀង​ភ្នែក​រកគ្នា​ទៅវិញទៅមក។ខ្ញុំ​ស្មាន​ដឹង​ហើយ​ថា​ពួកគេ​កំពុង​គិត​ពី​អ្វី។
——-
ថ្ងៃ​ត្រង់​រំលង​ទៅ នាំ​យក​ទៅ​ហួស​ ទាំង​ពេល​បាយ​ថ្ងៃត្រង់​ដែល​ខ្ញុំ​លែង​នឹកនា​ដល់។ ​បរិយាកាស​ស្ងប់ស្ងាត់​បាន​លាត​សន្ធឹង​មក​លើ​ស្ថានីយ​វិទ្យុ​ដែល​បាន​រលត់​សំឡេង​​ឈឹង​តាំងពី​ព្រឹកមិញ​ទៅ​តាម​មរណភាព​របស់​ពិធី ការិនី​ល្បី​បំផុត​ដែល​យើង​មាន។
ដោយសារ​តែ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ភាព​ជាប់ពាក់ព័ន្ធ​សម្រាប់​ដាក់​បន្ទុក អ្នក​ទាំង​អស់​ត្រូវ បាន​អនុញ្ញាត​អោយ​រំសាយ​នៅ​ក្រោយ​ការ​សួរ​ចម្លើយ​រួម​ទាំង​រូប​ខ្ញុំ​ផង លើកលែង​តែ​ម៉ានិតដេត​ដែល​ត្រូវ​រង​ការ​សង្ស័យ​បណ្ដោះអាសន្ន​តាម​ចម្លើយ​របស់​សាក្សី​ក្មេង​ស្រី​អ្នក​លើក​ទឹក។នៅ ក្នុង​សិទ្ធិ​ឃុំខ្លួន​៤៨ម៉ោង​ដែល​ប៉ូលិស​អាច​ប្រើចំពោះ​​ជនសង្ស័យ​លើ​​បទ​ព្រហ្មទណ្ឌ​ គេ​ថែម​ទាំង​អាច​មាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ឆែកឆេរ​លំនៅឋាន​នឹង​ភាព​ឯកជន​ផ្សេងៗ​របស់​បុគ្គលិក​ខ្ញុំ​រូប​នេះ​ផង។ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ចាត់​ទុកជា​សាក្សី​សំខាន់​ដោយសារ​ហេតុការណ៍​កើត​នៅ​ទីតាំង​របស់ខ្ញុំ ។ខ្ញុំ​ត្រូវ​បាន​ប្រើប្រាស់​អោយ​នាំ​ផ្លូវ​ទៅ​កាន់​ផ្ទះ​ម៉ានិតដេត​នៅ​រសៀល​នោះ​​ក្នុង​ពេល​សាមី​ខ្លួន​ត្រូវ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត។
​ ​ទីបំផុត​យើង​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ម៉ានិតដេត​ដែល​នៅ​​ឆ្ងាយ​ពី​ស្ថានីយ​ប្រមាណ​៣០០ម។មក​ដល់​តំបន់​ផ្ទះ ជួល​ដែល​ជា​ជម្រក​នៃ​ជន ចំណូល​ថ្មី​ទាំងឡាយ ធ្វើ​អោយ​ខ្ញុំ​​ក្ដុកក្ដួល​ចិត្ត​នឹក​អាណិត​ដល់​សហការី​ខ្ញុំ ព្រួច។បុរស​ស្រស់​សង្ហា​ប្រកប​ដោយ​សំនួន​វោហារ​ជាទី​ចោម​ចេតនា​នៃ​បុប្ផា​ទាំងឡាយ ព្រម​ទាំង​កំពុង​ឈាន​ទៅ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក ច្បាប់​ដូច​ម៉ានិតដេត​ម៉េច​នឹង អាច​ជា​ឃាតក​ទៅ?។នៅ​ទីបំផុត​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នៅ​តែ​ឈរខាង​មនុស្ស ក្រោម​បង្គាប់​របស់ខ្ញុំ។
យើង​បាន​សហការ​ជា​មួយ​ប៉ូលិស​មូលដ្ឋាន​ ដើម្បី​ចូល​ទៅ​កាន់​លំនៅឋាន​របស់​គេ​ក្នុង​លក្ខណៈ​ស្រប​ច្បាប់។
​ប៉ូលិស​មូលដ្ឋាន​ដែល​បាន​នាំ​ផ្លូវ​… បាន​នាំ​យើង​មក​ដល់​ផ្ទះ​ល្វែង​តូច​ល្មម​មួយ​នៅ​ជាន់​ទី​១… ដែល​បាន​ចាក់​សោ​ពី​ក្រៅ​ជាប់…។
​ខ្ញុំ​មិន​ឆ្ងល់​ទេ​ចំពោះ​ភាព​ស្ងាត់​ជ្រងំ​នេះ ព្រោះ​តាំង​ពី​មុន​មក​ខ្ញុំ​ដឹង​ថា​ម៉ានិតដេត​ គឺ​ជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម គេ​ចាក​ចេញ​ពី​គ្រួសារ​មក​ធ្វើ​ការ​នៅ​ភ្នំពេញ បន្ទាប់​មក​បាន​តាមខ្ញុំ​ផ្លាស់​មកកាន់​ខេត្ត​ព្រះសីហនុ​នេះដូច្នេះ​ការ​ស្នាក់​នៅ​របស់​គេ​គឺ​ឯកោ​តែ​ម្នាក់​ឯង​គត់…។ទ្វារ​ផ្ទះ​គេ​ត្រូវ​ចាក់​សោ​ពី​ក្រៅ​មិន មាន​អ្វី​គួរ​អោយ​ឆ្ងល់​ទេ​ព្រោះ​ខ្ញុំ​ដឹង​ហើយ​ថា​ពេលនេះ​បុគ្គលិក​ដែល​ធ្លាប់​តែ ជា​ជន​បង្គោល​របស់ខ្ញុំ​កំពុង​ជាប់​នៅ​កន្លែង​ប៉ូលិស។
ក្រុម​ប៉ូលិស​បាន​សម្រេច​ចិត្ត​ទម្លាយ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​ឆែកឆេរ​ ។ទីបំផុត​ខ្ញុំ​និង​មនុស្ស​ ៤-៥នាក់​ទៀត​ បាន​ឈាន​មក​ដល់​ខាង​ក្នុង​ផ្ទះ ដែល​មាន​តែ​បន្ទប់​ទទួល​ភ្ញៀវ​មួយ​តូចនិង​បន្ទប់​គេង​មួយ​បិទ​ទ្វារ​ជិត។
​យើង​បាន​ប្រទះ​ឃើញ​រូប​ទេស​ភាព​ជា​ច្រើន​ផ្ទាំង​ដែល​សុទ្ធសឹងតែ​ត្រូវ​បាន​រៀប​ចំ​ថត​យ៉ាង​ល្អ.. ប្រកប​ដោយ​ទេពកោសល្យ។ រូប​នាំង​នោះ​ ត្រូវ​បាន​តាំង​លម្អ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ គួរឲ្យ​ត្រជាក់​ភ្នែក…។
​បរិយាកាស​ស្ងប់ស្ងាត់​ ហាក់​បី​ដូច​ជា​ចូលរួម​ស្រងេះស្រងោច​សោយសោក​លើ​ករណី​ដែល​ម្ចាស់ វា ​កំពុង​តែ​គ្មាន​លទ្ធភាព​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​យប់​នេះ។
​ខ្ញុំ​ឃើញ​ក្រុម​ប៉ូលិស​ ដែល​​ក្នុង​នោះ​មាន​ទាំង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ផង​ មិន​បាន​បង្អង់​សកម្មភាព​គេ​អោយ​អូស​បន្លាយ​ពេល​អត់ប្រយោជន៍​ឡើយ​ពួក​គេ​កំពុង​រុះរើ​គំនរ​ថាស​ចម្រៀង​ដែល​មាន​ច្រើន​សន្ធឹក…។
​​និស្ស័យ​របស់​ម៉ានិតដេត… សហការី​របស់​ខ្ញុំ​​ម្នាក់​នេះ​ជា​មនុស្ស​ចូល​ចិត្ត​ចម្រៀង​ណាស់​ វា​ស៊ី​គ្នា​​ទៅ​នឹង​អាកប្បកិរិយា​ទន់​ភ្លន់​ស្រគត់ស្រគំ​របស់​គេ បើ​ពេល​នេះ​ប៉ូលិស​រក​ឃើញ​ភស្ដុតាង​បញ្ជាក់​ថា គេ​ជា​ឃាតក​មែន​នោះ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ហើយ។
​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​ដែល​ជា​មរតក​របស់​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត កំពុង​បង្ហើរ​យ៉ាង​ស្រទន់​ដោយ​ការ​សាក​ល្បង​របស់​ប៉ូលិស​ម្នាក់​ ខ្ញុំ​ងាក​ទៅ​សម្លឹង​ម៉ាញ៉េ​ដែល​ប៉ូលិស​រូប​នោះ កំពុង​កាន់​សម្បក​ថា​ចម្រៀង​ឈរ​ជិត​​ម៉ាញ៉េ​ដោយ​អាការ​​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ ភ្លាម​នោះ​ខ្ញុំ​ឮ​គេ​ពោល​ក្ដែងៗ ៖
​ឃាតក​ចេះ​ស្ដាប់​បទ​សង់ទីម៉ង់​ដែរ​ហ្ន៎!
​ខ្ញុំ​មាន​អារម្មណ៍​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​ ខ្លួន​ខ្ញុំ​នៅ​តែ​មាន​គំនិត​ការពារ​បុគ្គលិក​ក្រោម​បង្គាប់​ដដែល … ព្រោះ​ពី​ក្នុង​គំនិត​របស់​ខ្ញុំ​ គ្មាន​សញ្ញាណ​ណា​មួយ​ចេញ​មក​ថា ខ្ញុំ​ជឿ​ពី​សម្ដី​ប៉ូលិស​ និង​ក្មេង​លើក​ទឹក​ដែល​សង្ស័យ​ថា​ម៉ានិតដេត​ ជា​ឃាតក​នោះ​ឡើយ។
​សំឡេង​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ លាន់​រន្ថាន់​ទៅ​រក​ប៉ូលិស​ដែល​កំពុង​ចាក់​បទ​ចម្រៀង ៖
​បិទ​ម៉ាញ៉េ​ទៅ! នៅ​មុន​ពេល​រក​ភស្តុតាង​ឃើញ បើ​ទោះ​បី​ជា​មាន​ដាន​អ្វី​ក៏​ដោយ ក៏​យើង​បាន​ត្រឹម​ចាត់​ទុក​គេ​ជា​ជន​សង្ស័យ​តែ​ប៉ុណ្ណោះ មិន​ទាន់​អាច​ប្រើ​ពាក្យ​ថា​ឃាតក​បាន​ទេ!
​ម៉ាញ៉េ​ត្រូវ​បាន​ចុច​បិទ… ខ្ញុំ​នៅ​ឈរ​ទ្រឹង​កណ្ដាល​ផ្ទះ​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ទេ ក្នុង​ពេល​ដែល​ពួក​ប៉ូលិស​ កំពុង​តែ​បន្ត​រើ​កកាយ​គំនរ​កាសែត និង​ទស្សនាវដ្ដី​ក្រោម​តុ​សាឡុង​… ភ្លាម​នោះ​ សំឡេង​ប៉ូលិស​វិទូ… ពោល​ដោយ​អាការៈ​ភ្ញាក់​ផ្អើល ៖
​បង!​… មើល​អា​នេះ​មើល៍!
​ខ្ញុំ​ក្រឡេក​ទៅ​រក​ប្រភព​នៃ​សំឡេង​ដែល​ប្រាកដ​ថា​ ជះ​ចេញ​មក​ពី​បន្ទប់​គេង​របស់​ម៉ានិតដេត ច្បាស់​ណាស់​ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ​ថា នាយ​វិទូ​បើក​ទ្វារ​ចូល​ទៅ​ឆែកឆេរ​នៅ​ទី​នោះ​តាំង​ពី​អង្កាល់?
វិចិត្រ​ស្ទុះ​វឹង​ចូល​ទៅ​កាន់​បន្ទប់​គេង​តាម​សំឡេង​ភ្ញាក់​ផ្អើល​របស់​វិទូ… ខ្ញុំ​ក៏​ស្ទុះ​ទៅ​តាម​ពី​ក្រោយ​ដែរ ពួក​យើង​ត្រូវ​ឈរ​ទ្រឹង​ដូច​គ្នា​ នៅ​ចំពោះ​មុខ​ផ្ទាំង​រូប​ថត​មួយ ដែល​មាន​ទំហំ​មិន​តូច​ជាង​ផ្ទៃ​ក្ដារ​ឆ្នួន​ សម្រាប់​ក្មេង​រៀន​សរសេរ… ដោយ​កំពុង​ត្រូវ​បាន​តាំង​លម្អ​លើ​គ្រែ​ដំណេក បែរ​មុខ​មក​ចំ​ច្រក​ទ្វារ​ចូល​តែ​ម្ដង។
​ម្ដង​នេះ… អ្នក​ដែល​ត្រូវ​បះ​សក់​នោះ​គឺ​ខ្ញុំ… ខ្ញុំ​សម្លឹង​ឥត​ព្រិច​ទៅ​កាន់​ផ្ទាំង​រូប​ថត… ព្រោះ​ខ្ញុំ​ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ដែល​កំពុង​មើល​ឃើញ​ថា មនុស្ស​២​នាក់​កំពុង​កៀក​គ្នា​យ៉ាង​ស្និទ្ធស្នាល​ក្នុង​ផ្ទាំង​រូប​ថត​គឺ​ម៉ានិតដេត និងឆវីវីន សហការី​របស់​ខ្ញុំ​ ដែល​ទើប​តែ​បាត់បង់​ជីវិត​កាល​ពី​ព្រឹក។
​ម្រាម​ដៃ​ទាំង​១០​របស់​នាយ​ប៉ូលិស​វិទូ លូក​ទៅ​ដោះ​ស៊ុម​រូប​ថត មក​កាន់​… រួច​គេ​បើក​ស៊ុម​យក​​សន្លឹក​រូប​ថត​ចេញ​មក​ក្រៅ ក្នុង​អាការៈ​បង្ហាញ​ថា … គេ​ចង់​ពិនិត្យ​រក​ឃើញ​ក្រែង​មាន​បន្សល់​អ្វី​ម្យ៉ាង​នៅ​ពី​ក្រោយ​សន្លឹក​រូប​ថត​ដ៏​ស្រស់​បំព្រង​ និង​ប្រកប​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​នេះ។
​​ចិញ្ចើម​វិទូ​ជ្រួញ​ចូល​គ្នា​ ពេល​ដែល​គេ​ឱន​សម្លឹង​អ្វី​ម្យ៉ាង​លាក់​ពី​ក្រោយ​សន្លឹក​រូប​ថត។ គេ​ហុច​វា​ទៅ​ឲ្យ​វិចិត្រ​… ខ្ញុំ​ក៏​ស្ទុះ​ទៅ​មើល​ភ្លាម​…ទាំង​ចិត្ត​កំពុង​អន្ទះសា​ដោយ​ការ​ចង់​ដឹង​… នុះ​ហ្ន៎ តួ​អក្សរ​ស្មើ​ត្រឹម​មួយ​ឃ្លា​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​ថា​ជា​សំណេរ​របស់​ម៉ានិតដេត​…​បាន​ដៅ​ជាប់​ក្រឡៅ​លើ​ខ្នង​សន្លឹក​រូប​ថត​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ថា “I love my life because it gave me you, I love you because you are my life ” ពី​ក្រោម​នោះ​ សំណេរ​ដែល​ខ្ញុំ​ស្គាល់​ថា ជា​របស់​ឆវីវីន​ក៏​មាន​អត្ថន័យ​មិន​ប្លែក​គ្នា​ប៉ុន្មាន​ឡើយ “យើង​គ្មាន​ថ្ងៃ​បែក​ពី​គ្នា​ទេ​”។
​វិចិត្រ​ងើប​មុខ​សម្លឹង​មក​ខ្ញុំ … កែវ​ភ្នែក​ទាំង​គូរ​របស់​គេ​ហាក់​បី​ដូច​ជា​ចង់​ឲ្យ​ខ្ញុំ​បក​ស្រាយ​ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​ដាក់​បង្គុយ​ប៉ុក​ទៅ​លើ​គ្រែ​​ដំណេក​របស់​ម៉ានិតដេត ទាំង​ហេង​ហាង​ពេញ​ក្នុង​ចិត្ត។
​តើ​ឲ្យ​ខ្ញុំ​បក​ស្រាយ​ប្រាប់​ពួក​គេ​ថា យ៉ាង​ម៉េច? បើ​ពួក​យើង​ធ្វើ​ការ​ក្បែរ​គ្នា​រាល់​ថ្ងៃ… ខ្ញុំ​មិន​បាន​ដឹង​ថា​ពីរ​នាក់​នេះ​មាន​​ទាក់ទាម​រវីមរវាម​រឿង​មនោសញ្ចេតនា​នឹង​គ្នា​ជ្រាល​ជ្រៅ​ដល់​កម្រិត​នេះ​តាំង​ពី​ពេល​ណា​មក​ផង​?
​ប៉ូលិស​ឈ្មោះវិទូ​បន្លឺ​មក​កាន់​ខ្ញុំ​មួយៗ ៖
លោក​ចំណាំ​អក្សរ​ពីរ​ឃ្លា​នេះ​បាន​ទេ?ខ្ញុំ​ចង់​មាន​ន័យ​ថា​អក្សរ​សរសេរ​ពីរ​នាក់​រឺ​តែ​ម្នាក់?
តាមពិត​ខ្ញុំ​អត់​ចង់​ឆ្លើយ​អី​ទៀត​ទេ​ក្នុង​ដំណាក់កាល នេះ​ ប៉ុន្តែ​ខ្ញុំ​ចាំបាច់​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​មុខ​ច្បាប់។ខ្ញុំ​ពោល​តប​ទៅ​គេ៖
អក្សរ​អង់គ្លេស​របស់​ម៉ានិតដេត ហើយ​ភាសាខ្មែរ របស់​អា​វីន!
​ភ្លាម​នោះ​វិទូ​ពោល​តាម​ពី​ក្រោយ​សម្តី​ខ្ញុំ៖
លោក​នាយកវិសុទ្ធ! នេះ​ជា​ភស្តុតាង​បង្ហាញ​ថា​ជន​រង​គ្រោះ​ និង​​ម៉ានិតដេត​កន្លង​មក​មាន​ទំនាក់ទំនង​លើស​ពី​មិត្ត​រួម​ការងារ !ទោះ​បី​ជា​លោក​ជ្រាប​ក៏​ដោយ​មិន​​បាន​ជ្រាប​ក្ដី​ តែ​សូម​លោក​ជួយ​ពិចារណា​អំពី​បញ្ហា​នេះ​ផង បើ​ពួក​គេ​ស្រលាញ់​គ្នា​ដល់​ថ្នាក់​នេះ ចុះ​ហេតុអ្វី​បាន​ជា​ក្មេង​ស្រី​លើក​ទឹក​នោះ​ហ៊ាន​អះអាង​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​នាង​បាន​ឃើញ​ម៉ានិតដេត​ និង​អ្នក​រង​គ្រោះ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​បន្ទប់​ផ្សាយ?
​មិន​​ដឹង​ថា​ត្រូវ​តប​នឹង​សំណួរ​នោះ​យ៉ាង​ម៉េច​ទេ? ភ្លាម​នោះ​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ​បាន​បន្លឺ​ថា៖
​បើ​តាម​ក្មេង​លើក​ទឹក​គឺ​កាល​ណោះ​ពួក​គេ​ទាស់​គ្នា​ខ្លាំង​ណាស់ ឆវីវីន​ខឹង​រហូត​ដល់​ស្រែក​យំ​។​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​ខ្លាំងបើ​ទាស់​គ្នា​ គ្មាន​រឿង​អ្វី​ក្រៅ​ពី​រឿង​ប្រចែប្រចណ្ឌ​!
​ក្នុង​ខណៈ​ដែល​ខ្ញុំ​ស្ទើរ​ថប់​ដង្ហើម​ស្លាប់​ដោយ​ភាព​តាន​តឹង​នោះ សំឡេង​មួយ​លាន់​មក​កន្ត្រាក់​អារម្មណ៍​ខ្ញុំ​ឲ្យ​ស្លុត​ស្មារតី​សា​ជា​ថ្មី…
​នំា​គ្នា​​ធ្វើ​អី​ហ្នឹង?
​ខ្ញុំ​ស្ទុះ​ក្រោក…។
ម៉ានិតដេត សហការី​ក្រោម​បង្គាប់​របស់​ខ្ញុំ បាន​ស្ទុះ​ទាំង​កំរោល​ចូល​ក្នុង​បន្ទប់។
ខ្ញុំ​ឈរ​ទ្រឹង​សម្លឹង​ទឹក​មុខ​ខ្មៅ​ប៉ែ​​របស់​ម៉ានិត​ដេត​ ដែល​នៅ​ចំពោះ​មុខ​។សម្លៀក​បំពាក់​ខ្ញុកខ្ញូវ​ ព្រម​ទាំង​ពុក​ចង្កា និង​ពុក​មាត់​រឹមៗ ដែល​លេច​លើ​ផ្ទៃ​មុខ​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​រលីង​ចំពោះ​ជំនឿ​ចិត្ត​ដែល​ថា​ម៉ានិត​ដេត​អត់​មាន​ពាក់ព័ន្ធ​ក្នុង​ការ​ស្លាប់​របស់​ឆវីវីន​នោះ…។
​តែ​ទំនាក់ទំនង​រវាង​លោក និង​អ្នក​ស្លាប់​ លោក​មិន​ទាន់​បាន​ប្រាប់​ប៉ូលិស​ទេ!(វិទូ​បង្ហើរ​ឃ្លា​ដំបូង​បង្អស់​ទៅ​រក​ម៉ានិតដេត)
តែ​សហការី​ឆ្នើម​របស់​យើង ម៉ានិតដេត​ តប​វិញ​ដោយ​មិន​ខ្លប​ខ្លាច ៖
​មេធាវី​ខ្ញុំ​ធានា​ខ្ញុំ​អោយ​នៅ​ក្រៅ​ឃុំ​ហើយ! សូម​លោក​ប៉ូលិស​កុំ​បំពាន​សិទ្ធិ​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ?
​វិចិត្រ​ញាក់​ស្មា​តប​វិញ​ដោយ​ទឹក​មុខ​ស្មើ ៖
​បាទ​ តែ​នៅ​ពេលនេះ​ខ្ញុំ​នៅ​មាន​សិទ្ធិនៅឡើយពិធីករម៉ានិតដេត! ព្រោះ​យើង​សង្ស័យ​ថា​អាថ៌​កំបាំង​នៃ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​មាន​​ទាក់ទងសំខាន់ដល់​ការ​ស្លាប់​របស់​កញ្ញាឆវីវីន!​
ម៉ានិតដេត​ងើប​មុខ​សម្លឹង​វិចិត្រ​ថ្មែ​ .. រួច​ងាក​មក​មើល​មុខ​ខ្ញុំ
​គេ​ពោល​សួរ​ខ្ញុំ​មួយៗ ដោយ​សូរស័ព្ទ​ក្រៀម​ក្រំ ៖
​បង​សុទ្ធ​? បង​ក៏​សង្ស័យ​ថា​ខ្ញុំ​សម្លាប់​អាវីនដែរ​អ្ហេស?
​ខ្ញុំ​ដូច​ជា​និយាយ​អ្វី​លែង​ចេញ​ទៀត​ហើយ​ ខ្ញុំ​ឈ្ងោក​មុខ​នៅ​ស្ងៀមសម្លឹងឥដ្ឋ​ តែ​វិទូ​លាន់​មាត់​មក​ជំនួស​ខ្ញុំ​ម្ដង​ទៀត ៖​​
​​ម៉ានិតដេត… លោក​ជា​ឃាតក​ ឬ​មិន​មែន​ លោក​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ !បើ​លោក​មិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មិន​ត្រូវ​ខ្លាច​ការ​សួរ​ចម្លើយ​ទេ…គួរ​សហការ​ជាមួយ​ប៉ូលិស​!
​ខ្ញុំ​លូក​ដៃ​ទៅ​ទះ​ស្មា​ម៉ានិតដេត​ថ្មមៗ​ ទាំង​ពោល​ទៅ​កាន់​គេ​ក្នុង​បំណង​លើក​ទឹក​ចិត្ត ៖​
ដេត​អ្ហា៎ ឯង​ឈប់​លាក់​លៀម​​ទៅ ពេលនេះ​ជា​ពេល ត្រូវ​និយាយ​ការ​ពិត​ចេញមកហើយ!ទុក​ថា​ជួយ​អាវីន!​មួយទៀត បើ​យើង​មិន​បាន​ធ្វើ​ គ្មាន​អ្ន​ក​ណា​អាច​ចោទ​ប្រកាន់​យើង​បាន​ទេ!ឯង​ក៏​ចង់​អោយ​គេ​រក​ឃើញ​អ្នក​សម្លាប់​អាវីន​ដែរ​មែន​ទេ?
​ម៉ានិតដេត ងើប​មុខ​សម្លឹង​ខ្ញុំ​សា​ជា​ថ្មី… រួច​ភ្នែក​គេ​សម្លឹង​មនុស្ស​ទាំង​ប៉ុន្មាន​ជុំវិញ​ខ្លួន​ម្ដង​ម្នាក់ៗ មួយ​គេ​ទ្រោប​ក្បាល​មួយ​សន្ទុះ​ ​ទើប​ងក់​ក្បាល​ផ្ញក់ៗ តប​ស្ទើរ​មិន​ចង់​ឮ ៖
​បាន​ហើយ​ ពួក​លោក​ចង់​ដឹង​ពីអ្វី​​ទៀត?
​បន្ទប់​ម៉ានិតដេត​ត្រូវ​បាន​ប៉ូលិស​រៀប​ចំ​ជា​កន្លែង​សួរ​ចម្លើយ​ ដោយ​វិចិត្រ​បាន​បង្គាប់​ឲ្យ​ប៉ូលិស​ដទៃ​ចេញ​ទៅ​ក្រៅ​វិញ​អស់ ក្នុង​បន្ទប់​សល់​តែ​ខ្ញុំ​ វិទូ ម៉ានិតដេត និង​វិចិត្រ​ប៉ុណ្ណោះ។
​ម៉ានិតដេត​អង្គុយ​ទ្រោប​មុខ​លើ​តុ​​សរសេរ​ ដោយ​ពួក​វិចិត្រ​ និង​វិទូ កំពុង​អង្គុយ​ជុំវិញ​ទី​នោះ ខ្ញុំ​ថយ​មក​អង្គុយ​លើ​គ្រែ​ដំណេក​របស់​ម៉ានិតដេត​វិញ រង់​ចាំ​ស្ដាប់​ការ​សួរ​ចម្លើយ​របស់​ពួក​គេ។
​ស៊ុម​រូប​ថត​កំពុង​ត្រូវ​ដាក់​ផ្ដេក​លើ​តុ​សួរ​ចម្លើយ​​នៅ​ឡើយ សំឡេង​វិចិត្រ​ពោល​មុន​​គេ​បង្អស់៖​
កាល​នៅ​ស្ថានីយ​វិទ្យុ​ម៉េច​ក៏​លោក​មិន​សារភាព​ពី​ទំនាក់ទំនង​រវាង​លោក និង​អ្នក​រង​គ្រោះ?​
​កែវ​ភ្នែក​ក្រហម​របស់​ម៉ានិតដេត​ឈ្ងោក​សម្លឹង​រូប​ថត​ដែល​នៅ​ផ្ដេក​លើ​តុ​ពី​មុខ គេ​តប​មួយៗ​ដោយ​សូរស័ព្ទ​ក្រៀម​ក្រោះ៖
​មនុស្ស​ស្លាប់​ទៅ​ហើយ ​ខ្ញុំ​និយាយ​អោយ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​នាង​ទៀត​​បាន​ប្រយោជន៍​អ្វី?
​វិចិត្រ​មិន​ឆ្លើយ​ តែ​គេ​បែរ​ជា​សួរ​វិញ៖
​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​តាំង​ពី​ពេល​ណា​មក?
​ម៉ានិតដេត​ឈ្ងោក​មុខ​លើស​ដើម​ គេ​ខាំ​បបូរ​មាត់​ហាក់​ដូច​ជា​ប្រឹង​ទប់​ស្កាត់​ក្ដី​រំជួល​ចិត្ត ៖
​ច្រើន​ឆ្នាំ​ហើយ! តាំង​ពី​យើង​ស្គាល់​គ្នា​ដំបូង​ម្ល៉េះ!
​ខ្ញុំ​ហួស​ចិត្ត​នឹង​ខ្លួន​ឯង​ បុគ្គលិក​ខ្ញុំ​ពីរ​នាក់​នេះ​គេ​ស្រលាញ់​គ្នា​ជា​យូរ​មក​ហើយ​ក៏​ខ្ញុំ​មិន​ដឹង​ដែរ តើ​មាន​រឿង​អ្វី​ខ្លះ​ទៀត​ដែល​ខ្ញុំ​កំពុង​មើល​រំលង​រាល់​ថ្ងៃ​នោះ…?
​សំឡេង​វិទូ​លាន់​ឡើង​កាត់​ផ្ដាច់​អារម្មណ៍​ស្មុគស្មាញ​របស់​ខ្ញុំ ៖​
​ស្នេហា​ជា​រឿង​ធម្មតា​ទេ តើ​ម៉េច​ក៏​ចាំ​លាក់លៀម បើ​ស្រលាញ់​គ្នា​ ម៉េច​ក៏​មិន​រៀប​ការ​ឲ្យ​គេ​ឯង​ដឹង​គ្រប់​គ្នា។
​សំណួរ​របស់​វិទូ ដូច​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​ណាស់​ ខ្ញុំ​ប្រឹង​ផ្ទៀង​ត្រចៀក​ស្ដាប់​ចម្លើយ​របស់​ម៉ានិតដេត​យ៉ាង​អន្ទះសា​តែ​មិន​ឮ​គេ​ពោល​តប​ទៀត​សោះ។
​ស្ថានភាព​កំពុង​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ស្ងាត់​ស្ងៀម​ អស់​បន្តិច​ទើប​ឮ​វិចិត្រ​បន្លឺ​ឡើង​ម្ដង៖
​មួយ​រយៈ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​មាន​អ្វី​ប្រែ​ប្រួល​ទេ?
​ម៉ានិតដេត​រក្សា​ការ​ស្ងៀម​ស្ងាត់​បន្តិច​ ទើប​ពោល​តប​វិញ​ស្រាលៗ​ ស្ទើរ​មិន​ចង់​ឮ៖​
​អត់​ទេ​ ពួក​ខ្ញុំ​ត្រៀម​រៀប​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ!
​វិទូ​ដំឡើង​សំឡេង​ខ្លាំង​ជាង​មុន៖
​និយាយ​កុហក! ថ្មីៗ​នេះ​ទាំង​ពីរ​មាន​រឿង​រកាំរកូស​គ្នា​ខ្លាំង​ណាស់!
ម៉ានិតដេត​ងើប​មុខ​សម្លឹង​វិទូ​ភ្លាម​មួយ​រំពេច​ ក្រសែ​ភ្នែក​គេ​ផុស​ចេញ​នូវ​ការ​ភ្ញាក់​ផ្អើល​ និង​ងឿង​ឆ្ងល់​លាយ​ឡំ​គ្នា។ វិទូ​លែង​មាត់​ ព្រោះ​ដឹង​ថា​ខ្លួន​ជ្រុល​សម្ដី​ វិចិត្រ​ដែល​នៅ​ក្បែរ​នោះ​លូក​មាត់​ចូល​កាត់​ភ្លាម៖
​ម៉ានិតដេត​! មាន​គេ​ឃើញ​លោក​ទាស់​គ្នា​នឹង​ឆវីវីន​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​បក​ស្រាយ​យ៉ាង​ម៉េច​?
ប្រហែល​ជា​ម៉ានិតដេត​នឹក​ស្មាន​មិន​ដល់​ថា ការ​ទាស់​ទែង​របស់​គេ និង​ឆវីវីន​ក្នុង​បន្ទប់​ផ្សាយ​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ត្រូវ​អ្នក​ផ្សេង​ដឹង​ទេ អីចឹង​ហើយ​បាន​ជា​គេ​បញ្ចេញ​ភាព​ភ្ញាក់​ផ្អើល​លើ​ផ្ទៃ​មុខ។
​សភាព​ស្ងាត់ស្ងៀម​បាន​អូស​បន្លាយ​ទៅ​មុខ​តាម​រយៈ​ភាព​នឹង​ធឹង​មិន​ឆ្លើយ​តប​របស់​គេ។ ភ្លាម​នោះ​នាយ​ប៉ូលិស​វិទូ​ពោល​បន្ថែម​លើ​សម្ដី​វិចិត្រ៖
​កាល​ថ្ងៃ​នោះ​មាន​គេ​ឃើញ​លោក​ ឈ្លោះ​ប្រកែក​ជាមួយ​ជន​រង​គ្រោះ​ក្នុង​ស្ទូឌីយោលេខ៧​​តែ​ពីរ​នាក់​​រហូត​ដល់​នាង​យំ​ស្រែក​!ឥឡូវ លោក​ថា​នាង​នឹង​រៀប​ការ​ជាមួយ​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ​ តើ​អ្នក​ណា​ជឿ​ទៅ​កើត? លោក​បាន​ទាស់​ទែង​ជាមួយ​នាង​… លោក​ស្អប់​គុំកួន​ចំពោះ​នាង​ ក៏​រៀប​គម្រោង​សម្លាប់​នាង​ដើម្បី​បំបាត់​កំហឹង​មែន​ទេ?
​ម្ដង​ណោះ​ម៉ានិតដេត​​ បែរ​ជា​ច្រឡោត គេ​ងើប​មុខ​សម្លឹង​វិទូ​ថ្មែ ទាំង​តប​វិញ​ដោយ​សំឡេង​ខ្លាំងៗ ៖
​ការងារ​ពួក លោក​គឺ​ដើរ​ចោទ​គេ​ស្មាន​ៗ​មែនទេ? មែន! ថ្ងៃ​នោះ​ខ្ញុំ​ឈ្លោះ​ជាមួយ​នាង។ តែ​ក្រោយ​មក​យើង​បាន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អស់​ហើយ​ នាង​ព្រម​រៀប​ការ​ជាមួយ​ខ្ញុំ មាន​រឿង​អី​ខ្ញុំ​ត្រូវ​សម្លាប់​នាង!លោក​មាន​សង្សារ​ដែរ​មែន​ទេ?អត់​ធ្លាប់​ឈ្លោះ​គ្នា​ទេ?
​វិទូ​លើក​ដៃ​ទះ​តុ​ផាំង តប​ទៅ​នឹង​ភាព​ច្រឡោត​របស់​ម៉ានិតដេត​ គេ​ហើប​មាត់​បម្រុង​បំផ្លាង​សម្ដី​តប​ទៅ​វិញ តែ​ត្រូវ​វិចិត្រ​លូក​ដៃ​រាំង​ខ្ទប់​ វិទូ​ទប់​ចិត្ត​នៅ​ស្ងៀម​ទាំង​ភាព​មួហ្មង​មិន​ទាន់​រលាយ​បាត់​ពី​ផ្ទៃ​មុខ​នៅ​ឡើយ។
​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ គេ​បន្លឺ​ទៅ​កាន់​ម៉ានិតដេត ៖​
​លោក​ម៉ានិតដេត! កាល​ណោះលោក​​ទាស់ទែង​ជាមួយ​ឆវីវីន​ យើង​មាន​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​ តែ​ពាក្យ​ដែល​លោក​ថា​លោក​ និង​នាង​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​វិញ​នោះ​ តើ​លោក​មាន​សាក្សី​ដែល​ដឹង​ឮ​រឿង​នេះ​ទេ? បើ​សូម្បី​តែ​អ្នក​ធ្វើ​ការ​ជាមួយគ្នា​នៅ​វិទ្យុ​ ក៏​គ្មាន​អ្នក​ណា​ដឹង​រឿង​ ដែល​ថា​ពួក​លោក​ប្រុង​​រៀប​ការ​នេះ​ផង?
​គេ​បង្អង់​បន្តិច​ទើប​ពោល​បន្ត៖
​ឥលូវ​នេះ​ ចង់​មិន​ចង់ លោក​ត្រូវ​ចាត់​ចូល​ក្នុង​ចំណោម​ជន​សង្ស័យ​ថា​ជា​បុគ្គល​ទាក់​ទង​នឹង​ការ​ធ្វើ​ឃាត​លើ​ឆវីវីន​ ហើយ​មូលហេតុ​ចម្បង​គឺ​លោក​ និង​នាង​ ទើប​តែ​ទាស់​គ្នា បន្ទាប់​មក​នាង​ក៏​ត្រូវ​ស្លាប់​តែ​ម្ដង…
​វិចិត្រ​មិន​ទាន់​បាន​បញ្ចប់​ប្រយោគ​ស្រួល​បួល​ផង…។ ម៉ានិតដេត​បន្លឺ​កាត់​ភ្លាម…៖
​ខ្ញុំ​មិន​បាន​សម្លាប់​នាង​ទេ! លោក​ក៏ គ្មាន​​សិទ្ធិ​អី​មក​ចោទ​ប្រកាន់​ខ្ញុំ​អញ្ចឹង​ដែរ?​
​មិន​រង់​ចាំ​ឲ្យ​ប្រយោគ​ម៉ានិតដេត​ចប់​ទៅ​ទាន់​ទេ វិទូ​ឆ្លើយ​ជំនួស​វិចិត្រ​មួយ​រំពេច៖​​
​ចោទ​ប្រកាន់​ ឬ​មិន​ចោទ​ប្រកាន់​នោះ​ លោក​ដឹង​ខ្លួន​ឯង​ច្បាស់​ហើយ ទ្វារ​បន្ទប់​ស្ទូឌីយោលេខ៧​​​គឺ​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ស្គាល់​លេខ​សម្ងាត់​ អាច​បើក​​​ចូល​នៅ​ពេល​កំពុង​ផ្សាយ​…. នៅ​ពេល​នោះ​គឺ​លោក​ជា​មនុស្ស​ទី​១ ដែល​បាន​ចាកចេញ​ពី​បន្ទប់​ប្រជុំ​ គឺ​លោក​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​ធ្វើ​ឃាត​ឆវីវីន។ អ្នកឯ​​ទៀត គេ​មិន​គួរ​ជាប់​សង្ស័យ​ទេ ព្រោះ​នាង​ម៉ាណា​ជា​មនុស្ស​ស្រី នាង​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​រឹតក​មនុស្ស​ពេញ​កម្លាំង​ដូច​គ្នា​ដោយ​មិន​មាន​បន្សល់​ទុក​ស្លាក​ស្នាម​ប្រវាយ​ប្រតប់​អី​ចឹង​នោះ​ទេ ឯ​លោក​វិសុទ្ធ និង​នាយ​បច្ចេកទេស​ថូនី កំពុង​អង្គុយ​រង់​ចាំ​ភ្លើង​អគ្គិសនី​នៅ​បន្ទប់​ប្រជុំ ពួក​គេ​ក៏​គ្មាន​ឱកាស​ចូល​ទៅ​សម្លាប់​នាង​ដែរ។
​ម៉ានិតដេត​ ងាក​មុខ​ចេញ​ដោយ​បន្លឺ​ទាំង​សំឡេង​មួហ្មង​៖
​ពួក​ខ្ញុំ​ធ្វើ​ការ​ជាមួយ​គ្នា គ្មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​កាប់​សម្លាប់​គ្នា​នោះ​ទេ!
​តែ​លោក​មាន​មូលហេតុ​ត្រូវ​សម្លាប់​នាង (វិទូ​ពោល​កាត់​ដោយ​ទឹក​មុខ​មាំ​ព្រម​ទាំង​សម្លឹង​ថ្មែ​មក​ម៉ានិតដេត​ហាក់​មិន​ញញើត) លោក​ប្រហែល​ជា​ប្រច័ណ្ឌ​នាង ព្រោះ​នាង​ជា​នារី​មាន​សមត្ថភាព មាន​សម្ផស្ស មាន​ប្រជាប្រិយភាព ហើយ​លោក​ក៏​បង្ក​រឿង​ដោយ​ភាព​សង្ស័យ​ ប្រចែ​ប្រច័ណ្ឌ​រហូត​ដល់​នាង​ទ្រាំ​លែង​បាន​ ដល់​ពេល​នាង​យល់​ថា​លោក​មិន​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​របស់​នាង​ នាង​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ​លោក​ លោក​ក៏​សម្លាប់​នាង​ដើម្បី​បំបាត់​កំហឹង​ទៅ​មែន​ទេ?
​កុំ​ថា​ឡើយ​ម៉ានិតដេត​ដែល​កំពុង​ក្រហម​មុខ​ដោយ​ភ្លើង​កំហឹង​ សូម្បី​តែ​ខ្ញុំ​ដែល​កំពុង​អង្គុយ​ស្ដាប់​​ក៏​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចោទ​សួរ​គ្មាន​មូលដ្ឋាន​របស់​​ប៉ូលិស​វិទូ​នេះ​ដែរ។
​តែ​ភ្លាម​នោះ​ខ្ញុំ​នឹក​ឃើញ​ដល់​បញ្ហា​មួយ​ថា ប្រហែល​ជា​ប៉ូលិស​គេ​មាន​វិធី​ច្រើន​ក្នុង​ការ​ឈ្លេច​សួរ ស៊ើប​រក​ការ​ពិត ដូច្នេះ​ហើយ​មាន​តែ​ទ្រាំ​សម្ងំ​រង់​ចាំ​មើល​ត​ទៅ​ទៀត។
​​ក្នុង​ពេល​ដែល​ភ្លើង​កំហឹង​ផ្ទុះ​ពេញ​បន្ទុក​ ម៉ានិតដេត​ដំឡើង​សំឡេង​ពោល​ទៅ​កាន់​ប៉ូលិស​វិទូ​ភ្លាម៖
​មួល​បង្កាច់​ខ្ញុំ​ដោយ​គ្មាន​ភស្តុតាង​ គ្មាន​ហេតុផល​ដូច្នេះ តើ​លោក​មាន​បំណង​ស្អី​លោក​ប៉ូលិស? ខ្ញុំ​ក៏​មាន​សិទ្ធិ​ការពារ​កិត្តិយស​បុគ្គល​ដូច​គេឯង​ដែរ លោក​កុំ​បំពាន​លើ​ខ្ញុំ​ពេក​ណា៎ បើ​មិន​អញ្ចឹង​ទេ​ ខ្ញុំ​ប្ដឹង​លោក​ បើ​លោក​ចង់​ដឹង​ថា មុន​ពេល​ស្លាប់​ឆវីវីន​ព្រម​រៀប​ការ​ជាមួយ​ខ្ញុំ​ឬ​យ៉ាង​ណា​នោះ លោក​ទូរស័ព្ទ​ទៅ​សួរ​ភោជនីយដ្ឋាន​អង្គររាជ​ទៅ? លោក​ទាក់ទង​សួរ​រោងពុម្ព​បាយ័ន​ទៅ​ នៅ​មាន​សម្អាង​ការ​កូឡាប​ទេពី​ទៀត សម្លៀកបំពាក់​មាន​កិច្ច​សន្យា​ជួល​រួច​ហើយ… ភោជនីយដ្ឋាន​កក់​ប្រាក់​រួច​ហើយ សំបុត្រ​អញ្ជើញ​បោះ​ពុម្ភ​រួច​ហើយ នៅ​តែ​ថ្ងៃ​ចែក​ទេ លោក​ស៊ើប​​ឲ្យ​ច្បាស់​សិន​ទៅ​មុន​នឹង​ចោទ​ប្រកាន់​ខ្ញុំ!
​ក្នុង​ពេល​ដែល​យើង​ទាំង​៣​កំពុង​ចំហ​មាត់​ធ្លុង​ដោយ​ក្ដី​ភ្ញាក់​ផ្អើល​ ម៉ានិតដេត​ក្រាប​ក្បាល​លើ​តុ ដោយ​ក្ដី​អស់​សង្ឃឹម សំឡេង​គេ​ប្រែ​ទៅ​ជា​ស្អក​ស្អា​ ដោយ​ក្ដី​ឈឺ​ចាប់៖
​ខ្ញុំ​ និង​អាវីន​ជិត​រៀប​ការ​ហើយ! ពួក​យើង​ចង់​ឲ្យ​មិត្ត​រួម​ការ​ងារ​ទាំង​អស់​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ចែក​សំបុត្រ​អញ្ជើញ​។ មិន​នឹក​ស្មាន​ថា​នាង​ត្រូវ​ស្លាប់​ដោយ​គ្មាន​ហេតុផល​អញ្ចឹង​សោះ បើ​លោក​ជា​ប៉ូលិស​ល្អ​លោក​គួរ​វែក​មុខ​វា​ឲ្យបាន​មក អា​អ្នក​ដៃ​ដល់​នោះ។ខ្ញុំ​មាន​រឿង​អី​ត្រូវ​សម្លាប់​នាង? ​យើង​ស្រលាញ់​គ្នា​​កម្រិត​ណា​មាន​តែ​ទេវតា​ទេ​ដែល​ដឹង​ ហេតុអ្វី​សង្ស័យ​ថា​ខ្ញុំ​សម្លាប់​នាង?
​ខ្ញុំ​ផ្ទាល់​ដែល​អង្គុយ​ស្ដាប់​បាន​ត្រឹម​ច្របូកច្របល់​ចិត្ត​ខ្លាំង​ជាង​មុន អ្វី​ដែល​ខ្ញុំ​គិត​ឃើញ​មិន​ខុស​ពី​សម្ដី​ម៉ានិតដេត​ប៉ុន្មាន​ទេ គឺ​ថា​មនុស្ស​ពីរ​នាក់​ដែល​ជិត​ដល់​ថ្ងៃ​រួម​ខ្សែ​វាសនា​ជាមួយ​គ្នា មាន​រឿង​អី​ត្រូវ​សម្លាប់​គ្នា​នោះ ម្យ៉ាង​ទៀត​ជួរ​អក្សរ​នៅ​ក្រោយ​ស៊ុប​រូប​ថត​ គឺ​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា​ឆវីវីន ​ម៉ានិតដេត​ពិត​ជា​បាន​ស្រលាញ់​គ្នា​យ៉ាង​ខ្លាំង​មែន​ អីចឹង​អ្នក​ធ្វើ​ឃាត​ឆវីវីន​ជា​អ្នក​ផ្សេង​មែន​ដឹង ?
បើ​ដូច្នេះ​តើ​វា​នោះ​ជា​អ្នក​ណា?
សំឡេង​វិចិត្រ​ពោល​មួយៗ​កាត់​ផ្ដាច់​ការ​ត្រិះរិះ​របស់​ខ្ញុំ ៖
​វិទូ! ចេញ​ទៅ​ចាត់​គ្នា​យើង​ឲ្យ​ទៅ​ស៊ើប​ហាង​អង្គរ​រាជ​ សម្អាងការ​កុលាប​ទេពី និង​រោង​ពុម្ភ​បាយ័ន​មើល​ !
​វិទូ​ឆ្លើយ​តប​បាទ​យ៉ាង​រហ័ស​រួច​គេ​ចាកចេញ​ទៅ​ក្រៅ​បន្ទប់​ភ្លាម… ខ្ញុំ​ដក​ដង្ហើម​​វែង​ងើប​ដើរ​ទៅ​ក្បែរ​ម៉ានិតដេត ដោយ​លើក​ដៃ​ទះ​ស្មា​គេ​ថ្នមៗ ទោះ​ជា​យ៉ាង​ណា​រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប៉ង​យ៉ាង​ណា​ឲ្យ​ឃាតក​មិនមែន​ជា​មនុស្ស​ក្នុង​ចំណោម​សហការី​ខ្ញុំ​នេះ​ទៅ​ចុះ…។
​នាយ​វិទូ​ត្រលប់​ចូល​មក​ក្នុង​បន្ទប់​វិញ​សា​ជា​ថ្មី​ដោយ​និយាយ​ប្រាប់​ទៅ​វិចិត្រ៖
ខ្ញុំ​ចាត់​គ្នា​យើង​ឲ្យ​ចុះ​ទៅ​ស៊ើប​ហើយ!
ប្អូន​ជីដូន​មួយ​ខ្ញុំ គេ​ងក់​ក្បាល​ រួច​ងាក​ទៅ​រក​ម៉ានិតដេត​សា​ជា​ថ្មី៖
​លោក​ម៉ានិត​ដេត​ ពួក​ខ្ញុំ​មាន​នាទី​ជា​អ្នក​អង្កេត​រក​ឃាតក ហេតុ​នេះ​មុន​ពេល​រក​ឃើញ​ភស្ដុតាង​បញ្ជាក់​ថា​ ជន​ណា​ម្នាក់​ជា​អ្នក​ប្រព្រឹត្ត​ ប៉ូលិស​យើង​ខ្ញុំ​ គឺ​មាន​សិទ្ធិ​សង្ស័យ​ចំពោះ​ជន​គ្រប់​រូប​ ដែល​ធ្លាប់​មាន​ការ​ទាក់ទង​ជាមួយ​អ្នក​រង​គ្រោះ​មុន​ពេល​ស្លាប់​ បើ​ការ​អង្កេត​របស់​ក្រុម​ខ្ញុំ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​លោក… ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​យោគយល់ ហើយ​សូម​ចាត់​ទុក​ថា​ នេះ​ជា​កាតព្វកិច្ច​ដែល​ពល​រដ្ឋ​គ្រប់​រូប​ត្រូវ​តែ​សហការ​ក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋជន​ផង​ទៅ…។
​បង្អង់​បន្តិច​ គេ​ពោល​បន្ថែម ៖
​សូម​លោក​ចាំ​ថា​ គ្មាន​អ្នក​ណា​អាច​ចោទ​ប្រកាន់​លោក​បាន​ឡើយ ប្រសិន​បើ​លោក​មិន​បាន​ធ្វើ ម្យ៉ាង​ទៀត​ បើ​លោក​មិន​បាន​ធ្វើ​ខុស​ក៏​មិន​ចាំ​បាច់​ខ្លាច​ការ​សួរ​ចម្លើយ​ដែរ!
​ម៉ានិតដេត​ ងើប​មុខ​សន្សឹម​ៗ​សម្លឹង​វិចិត្រ​ គេ​ពោល​សួរ​វិញ​បន្ទាប់​ពី​រក្សា​ការ​ស្ងៀមស្ងាត់​បាន​បន្តិច ៖
​ចង់​សួរ​ខ្ញុំ​​រឿង​អី​ទៀត?
​វិចិត្រ​រក្សា​ភាព​ស្មើ​ធេង​លើ​ផ្ទៃ​មុខ​ ក្រសែ​ភ្នែក​គេ​ទាំង​គូ​កំពុង​ផ្ដោត​សម្លឹង​មុខ​ម៉ានិតដេត​យ៉ាង​មុត​ ហាក់​បី​ដូច​ជា​ចង់​មើល​ឲ្យ​ធ្លុះ​ដល់​ចិត្ត​ថ្លើម​សហការី​ខ្ញុំ​រូប​នេះ។
​ខ្ញុំ​ក៏​កំពុង​រង់​ចាំ​នូវ​ឃ្លា​សំណួរ​របស់​ប្អូន​ជីដូន​មួយ​ខ្ញុំ​នេះ​ដែរ… តើ​គេ​ចង់​សួរ​ម៉ានិតដេត​ពី​អ្វី​ទៀត?
​ភ្លាម​នោះ​ខ្ញុំ​ឮ​គេ​ពោល ៖
​កាល​ថ្ងៃ​នោះ លោក និង​ឆវីវីន​ទាស់​គ្នា​រឿង​អ្វី?
​សំណួរ​របស់​គេ​ត្រូវ​ចិត្ត​ខ្ញុំ​ណាស់ ខ្ញុំ​ឯ​ណេះ​ក៏​ចង់​ដឹង​យ៉ាង​ខ្លាំង​ដែរ​ថា កាល​ណោះ​ឆវីវីន​ និង​នាយ​ម៉ានិតដត​នេះ​គេ​ឈ្លោះ​គ្នា​រឿង​អ្វី បើ​គេ​ស្រលាញ់​គ្នា​ម្លឹងៗ…? ខ្ញុំ​សម្លឹង​ទៅ​សហការី​រូប​នេះ​​មិន​ហ៊ាន​ប៉ប្រិច​ ត្រចៀក​ក៏​កំពុង​រង់​ចាំ​ផ្ទៀង​ស្ដាប់​ពាក្យ​ចម្លើយ​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ…. តែ​ម៉ានិតដេត​មិន​ទាន់​បាន​ហើប​មាត់​តប​នឹង​ការ​ចោទ​សួរ​របស់​វិចិត្រ​មួយ​ម៉ាត់​ណាផង​ ខ្ញុំ​បែរ​ជា​ឮ​សំឡេង​អ្នក​ណា​ផ្សេង​ស្រែក​ហៅ​ពី​ខាង​ក្រៅ​បន្ទប់​មក ៖
​ដេត​អ្ហា! ដេត?
​ខ្ញុំ​ងាក​ទៅ​រក​ទ្វារ​បន្ទប់​ល្មម​ពេល​មនុស្ស​ម្នាក់​ដើរ​ចូល​មក​ដល់។
​ស្ត្រី​ចំណាស់​ម្នាក់​ប្រាកដ​ខ្លួន​នៅ​ចំ​ពីមុខ​បន្ទប់ ជួល​ដែល​ក្រុម​ការងារ​យើង​កំពុង​មាន​វត្តមាន។ ស្នាមញញឹម​រាក់ទាក់​លើ បបូរមាត់​គាត់​រុះរោយ​នៅ ពេល​ដែល​ក្រសែភ្នែក​ក្រឡេក​មកឃើញ​យើង​មាន​គ្នា​ច្រើន​ដល់​ម្ល៉ឹង។នៅ​ពេល​ពួក យើង​កំពុង​បើកភ្នែក ក្រឡង់​សម្លឹង ការ​បង្ហាញ​វត្តមាន​របស់ គាត់​នឹង ងឿងឆ្ងល់​ថា​ហេតុអ្វី​ប៉ូលិស​នៅ​ខាងក្រៅ​មិន​ឃាត់ គាត់ ស្ត្រី​នោះ​ប្រែ​ទឹកមុខ​ទៅ​ជា​ភ័យ ព្រោះ​តែ​គាត់​នៅតែ​បង្ខំចិត្ត​និយាយ​តតាក់តតុប៖
មីង​សូមទោស​ដែល​មក​រំខាន​ក្មួយ ប្រជុំ ប៉ុន្តែ មាន​គេ​ផ្ញើទុក​របស់​សំខាន់​អោយ ក្មួយ​ដេត!
ប៉ូលិស​ម្នាក់​នៅ​មាត់​ទ្វារ​លូក​មាត់​មក​កាត់​មុន​ពេល​ដែល​មេ​កើយ​លាន់មាត់​សួរ​ទៅ​ទៀត៖
បង ចិត្រ​ ខ្ញុំ​ចង់​ឃាត់​គាត់​ដែរ​តែ​គាត់​ថា​មាន​ការ​សំខាន់​ជាមួយ​ម្ចាស់ បន្ទប់​!
វិចិត្រ​ដកដង្ហើម​ឃូរ​ដោយ​ទើសចិត្ត គេ​សម្លឹង​ទៅ​កញ្ចប់​ពណ៌ស​ដែល​ត្រូវ​បាន​ស្រោប​ពី​ក្រៅ​ដោយ​ស្បោង​ផ្លា ស្ទីក​និង​កំពុង​ត្រូវ​បាន​ហុច មក​អោយ​ម៉ានិតដេត​នៅ ចំពោះ​មុខ​ក្រសែភ្នែក​របស់​ពួក​យើង។
ម៉ានិតដេត​លូកដៃ​ទទួល​ដោយ​មិន មាន​ហារ​ស្ដី នាយ​គ្រាន់​តែ​អោន​ក្បាល​ជា​កិច្ច​ថ្លែង​អំណរគុណ ដោយ​សារ​ទុក្ខ ព្រួយ​បាន​បង្ខាំង​អស់​ពាក្យ​គួរសម​របស់ គេ​​ទៅ​ហើយ​បើ​តាម​ការ​កាត់ស្មាន​របស់​ខ្ញុំ។ ស្ត្រី នោះ​ឆ្លេឆ្លា​រក​ច្រក​ចេញ​ទៅវិញ​ទំាំង​សើច​មិន សម​នៅ​ពេល​គាត់​ឃើញ​ទឹកមុខ​រឹង​ដូច ថ្ម​របស់​ក្រុម​អ្នក​សួរចម្លើយ​ប៉ុន្តែ វិទូ​បាន​អោយ​សញ្ញា​ដល់​អ្នក​នៅ​មាត់ទ្វារ​ថា​អោយ​ឃាត់​គាត់។
នៅ​ពេល​ដែល​ទ្វារ បន្ទប់​ត្រូវ​បាន​រុញ បិទ​ទៅវិញ គ្រឹប ខ្ញុំ​នៅ​ឮ​សូរសំឡេង​លាន់​មក​ពី​ខាងក្រៅ៖
មីង​កុំ ទាន់​ទៅ​ណា ពួក ខ្ញុំ​នៅ​មាន​រឿង​សុំ​សួរ!ខ្ញុំ​ជា​ប៉ូលិស​មកពី អធិការដ្ឋាន..
នៅ​ពេល​សំឡេង​លាន់ ឮកាន់​តែ​ឆ្ងាយ​ទៅ​ខ្ញុំ​ដឹង ថា ស្ត្រី​ចំណាស់​នោះ​បាន​ចូល​មក​រក​អន្ទាក់​ដោយ​ខ្លួន​ឯង។ គាត់​ត្រូវ​បាន​បូក បញ្ចូល​ទៅ ក្នុង​គោលដៅ​សួរចម្លើយ​ម្នាក់​ទៀតហើយ។
ម៉ានិតដេត​បោះ​កញ្ចប់​​ដែល​ទើប​ទទួល​បាន​ទៅ​លើ​គ្រែ​ដំណេក​​បែរ​កន្លែង​ខ្ញុំ​អង្គុយ ជា​សញ្ញា​​ថា​ខ្ញុំ​នឹង​បាន​ទទួល​ចម្លើយ​ពី​គេ​ថា គេ​ឈ្លោះ​គ្នា​ជាមួយ​ឆវិវិន​ក្នុង​ស្ទូឌីយោ​លេខ៧​ដោយសារ​រឿងអ្វី? ប៉ុន្តែ​អ្វីៗ​ខុស​ពី​ការ គិត​របស់ខ្ញុំ​ដោយ​វិទូ​ប្តូរ​ទៅ​ជា​គ្រហែម​យក​សំឡេងហើយ​និយាយ​ស្នើ​ទៅ​កាន់ ម្ចាស់​បន្ទប់៖
មីង​អំបាញ់មិញ​ជា​អ្នកណា?
ម៉ានិតដេត​បញ្ចេញ​ភាព​ធុញទ្រាន់​តែ គេ​នៅ​តែ​ឆ្លើយតប៖
ម្ចាស់​អគារ​ជួល​នេះ!
វិទូ​បន្ត​ភ្លាម៖
ជួយ​ស្រាយ​កញ្ចប់​ហ្នឹង​ផង​បាន​ទេ?
ចិញ្ចើម​ម៉ានិតដេត​ជ្រួញ​ចូលគ្នា ជា​សញ្ញា​ថា​គេ​កំពុង​គិត​ដូច​ខ្ញុំ។ ប៉ូលិស​វិទូ​ជ្រុល​បន្តិច​ហើយ ខ្ញុំ​សញ្ចឹង​គិត​ក្នុង​ចិត្ត​ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​អ្វី​ទៀត​ទេ។
ហេតុអ្វី?(ម៉ានិតដេតសួរវិញ)
​វិទូ​ឆ្លើយ​វិញ​ហាក់​មិន​ខ្វល់​ចំពោះ​កិរិយា​​អវិជ្ជមាន​របស់​ម្ចាស់ផ្ទះ៖
ខ្ញុំ​មាន​ដីកា​ឆែកឆេរ សូម​លោក​សហការ​ផង!
ខ្ញុំ​កំពុង​តែ​ឈឺ​ក្បាល​ដោយ​ភាព​ស្មុគស្មាញ​ ល្មម​ពេល​នោះ​ដែរ វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ គេ​លូក​ដៃ​លើកកញ្ចប់នោះមកស្រាយ​ពិនិត្យ​សន្សឹមៗ ដោយ​មិន​ទាន់​ដាក់​ភ្នែក​ពី​ផ្ទៃ​មុខ​ម៉ានិតដេត ដែល​កំពុង​អង្គុយ​នៅ​ធ្មឹង​ពី​មុខ​ខ្លួន។
ទោះ​បី​ម៉ានិតដេត​ហាក់​អស់​អារម្មណ៍​ខ្វាយខ្វល់​ចំពោះ​កញ្ចប់​នោះ​មែន​តែ​​ភាព​ប្រាកដប្រជា​របស់​ប៉ូលិស​ទាំងពីរ​បាន​ធ្វើ​អោយ​ខ្ញុំ​ប្ដូរ​ចិត្ត ទៅ​ជា​ចង់​ដឹង​ដែរ​ថា​របស់​អ្វី​ទៅ​នៅ​ក្នុង នោះ?
​ វិចិត្រ​លើក​កញ្ចប់​ក្រដាស​ចេញ​ពី​ថង់​ផ្លា ស្ទីក ម៉ានិត​បែរ​ជា​បើក​ភ្នែក​ធំៗ​សម្លឹង​កញ្ចប់​ពណ៌​យក​ចេញ​មក​ក្រៅ។ ភាព​តក្កមា​ចាប់ផ្ដើម​លេច​ភ្លែត​លើ​ផ្ទៃមុខ​ពិធីករ​ស្រស់ សង្ហា​របស់​ខ្ញុំ បង្ហាញ​ថា​គេ​ស្គាល់​ថា​នោះ​ជា​កញ្ចប់​អ្វី។
ហាក់​មាន​ចេតនា​ដណ្ដើម​យក​មក​វិញ ប៉ុន្តែ​គេ​ប្រហែល​ជា គិត​ខុស ហើយ​ព្រោះ​ប៉ូលិស​ដែល​នៅ​ចំពោះ​មុខ​គេ នេះ​​គឺ​ជា​ប្អូន​ ជីដូន​​មួយ​របស់​ខ្ញុំ​” វិចិត្រ”​ ហើយ​គេ​រឹត​តែ​ស្រមៃ​ទាំង​ថ្ងៃ​ទៅទៀត​ប្រសិនបើ​គេ​គិត​ថា​អាច​ឃាត់​មិន​អោយ​កញ្ចប់​នោះ ត្រូវ​បាន​លាតត្រដាង​នៅមុខ​អ្នក​រាល់គ្នា។
ស័ព្ទ​សន្ធឹក​ស្រោម​ក្រដាស​ដែល​ត្រូវ បាន​ហែក​និង​ម៉ានិតដេត​ដែល​លើក​ដៃ​បោច​សក់ ខ្លួនឯង​បាន​ធ្វើអាយ​ខ្ញុំ​អន្ទះសា។នៅ​ពេល​វិទូនិង​វិចិត្រ​លើក​សន្លឹក​រូបថត​និង​ឯកសារ​ជាច្រើន​ក្នុង​នោះ​យក​មក​ពិនិត្យ​មើល​ម្ត​ង​មួយៗ​ ម៉ានិតដេត​បាន​ផ្ដេក​ខ្លួន​ល្ហិតល្ហៃ​ទៅ​ក្រោយ​បង្អែក​កៅអី​ដែល​នៅ​ក្រោយ​ខ្នង។
ខ្ញុំ​ផ្តោត​សម្លឹង​ទៅ​​ប្រតិកម្ម​របស់​វិទូនិង​វិចិត្រ​ដែល​កាន់​តែ​បើកភ្នែកត្លែ​មើល​ទៅ​សំណៅ​ឯកសារ​ក្នុង​ដៃ។ ​ម្ដង​បន្តិច​គេ​ស្រាយ​​ទឹក​មុខ​ដៀង​ភ្នែក​រក​គ្នា​មុន​ពេល​វិទូ លើក​រូបថត​មួយ តែ​មិនមែន​សួរ​ទៅ​ម៉ានិតដេត​ទេ តែ​សន្លឺក​រូបថត​នោះ​បាន​រុញ​មក​រក​ខ្ញុំ​ដោយ​គ្មាន​ប្រយោគ​សំនួរ។
ខ្ញុំ​ស្ទុះ​ក្រោក​ទៅ​យ៉ាង​រហ័ស​តាម​សន្ទុះ​ចិត្ត​ចង់​ដឹង… ដោយ​ផ្ដោត​ទៅ​រូប​មនុស្ស​ក្នុង​សន្លឹក​រូប​ថត​ដែល​កំពុង​ញញឹម​ស្រស់​នោះ។ ​វិទូ​បន្លឺ​​មក​តំណាល​នឹង​ខ្សែ​ភ្នែក​ខ្ញុំ​ដែល​វាត់​ចំ​សន្លឹក​រូបថត៖
​ម្នាក់​ស្រី​នេះ បុគ្គលិក​បង​ដែរ​មែន​ទេ?
​ ខ្ញុំ​ងើប​មុខ​សម្លឹង​ម៉ានិតដេត​ភ្លឹះៗ ទាំង​ចម្លែក​ចិត្ត​ តែ​ខ្ញុំ​មិន​គេច​ពី​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិចិត្រ​ដែរ ខ្ញុំ​តបខ្លី៖
​​ម៉ាណា!
ខ្ញុំ និយាយ​បាន​តែ​ពីរ ម៉ាត់​ព្រោះ​ថា ខ្ញុំ​កំពុង​ស្លុត។ មិត្ត​អ្នកអាន​ក៏​ប្រហែល​ជា​មិន ខុស​ពី​ខ្ញុំ​ទេ​ប្រសិន​បើ​អ្នក​ដឹង​ថា​ក្នុង​រូប នោះ​គឺ​ស្រី​ប្រុស​ពីរ​នាក់​កំពុង​ស្និទ្ធស្នាល​នឹង​គ្នា​ក្នុង​សំលៀកបំពាក់​ប្រពៃណី​ដូច ពេល​រៀបការ​ហើយ​នារី​នោះ​ជា​ម៉ាណា​បុគ្គលិក​គត់មត់​មិន​សូវ​ចេះ​មាត់ក​របស់​ខ្ញុំ ឯ​តួ ប្រុស​គឺ​ ម៉ានិតដេត។
​វិទូ​ងាក​ទៅ​ម៉ានិតដេត តែ​វិចិត្រ​ពោល សួរ​មុន​ក្នុង​ពេល​ត្រចៀក​ខ្ញុំ​កំពុង​រក​កល​ហ៊ឹង៖
​បក​ស្រាយ​ទៅ?
​សំនួរ​គេ​ខ្លី តែ​ខ្ញុំ​ដឹង​ហើយ​ថា​ម៉ានិតដេត​កំពុង​វាន់ក។​​ ខ្នង​សំបុត្រ​ដែល​ត្រូវ បាន​ហែក​បោច​ចោល ទៅលើ​ឥដ្ឋ​បង្ហាញ​ថា​កញ្ចប់​មួយ​នេះ​ត្រូវ​បាន​ផ្ញើ​ចេញ​ហើយ​វា​ស្រាប់​តែ​វិល​មក រក​ម្ចាស់ វិញ​ល្មម​ចំ​ពេល​ដែល​ប៉ូលិស​កំពុង​ត្រូវការ​វា។
ម៉ានិតដេតងើបមុខ​​លូក​ដៃ​ទាញ​ក្រវាត់​ក​ឲ្យ​របូត​ពី​អាវ​ដោយ​អាកប្បកិរិយា​តប់​ប្រមល់​ គេ​ផ្អែក​ខ្នង​សា​ជា​ថ្មី​ទៅ​នឹង​បង្អែក​កៅអី ល្មម​ពេល​វិចិត្រ​ស្រដី​ជា​លើក​ទី​២ ៖
​ – លោក​មាន​ទំនាក់ទំនងអីជាមួយនាង?
នៅ​ពេល​ម៉ានិតដេត​មិនទាន់​ហើប​​មាត់​ផង ប្ងូន​ជីដូន​មួយ​ខ្ញុំ​និយាយ​បន្ត៖
ម៉ានិតដេត ​អាថ៌កំបាំង​លោក​និង​ស្រីៗមាន​ច្រើន​ថ្នាក់​នេះ យើង​មិន​សង្ស័យ​លោក​ក៏​​​មិន​កើត​ដែរ? ស្ដាប់​ម៉ានិតដេត! ពេល​នេះ ខ្ញុំ​​ដឹង​ថា លោក​មិន​ត្រឹម​តែ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​អ្នក​ស្លាប់​ទេ ថែម​ទាំង​ជាមួយ​ម៉ាណា​ដែល​រួម​ការងារ​ទៀត។តាម​រយៈ​កញ្ចប់​មួយ​នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​លោក​និង​នាង​…
មិន​រង់​ចាំ​ឲ្យ​វិចិត្រ​បញ្ចប់​ប្រយោគ​សំនួរ​ទាន់​ឡើយ ម៉ានិតដេត​​​តប​មួយៗ៖
នាង​ជា​គូ​ដណ្ដឹង​របស់​ខ្ញុំ…
មិន​ត្រឹម​តែ​ខ្ញុំ​ទេ ដែល​ត្រូវ​ភ្ញាក់​ដូច​ត្រូវ​គេ​ជះ​ទឹក​មួយ​ថាំង​ចំ​កណ្ដាល​មុខ​ សូម្បី​តែ​វិចិត្រ​ និង​វិទូ​ ដែល​ធ្វើ​ប៉ូលិស​ច្រើន​ឆ្នាំ​ហើយ​ ក៏​ជ្រួញ​ចិញ្ចើម​ដោយ​ក្ដី​ភ្ញាក់​ផ្អើល​ហួស​នឹង​ពណ៌នា​ដែរ។បន្ទាប់​មក​ពួកគេ​ក៏​សើចស្ងួត ដោយ​ហួសចិត្ត។
​ម៉ានិតដេត​ឈ្ងោក​មុខ​ តែ​គេ​នៅ​តែ​បន្ត​​​មួយៗ​ទាំង​អាការ​រវើរវាយ​ ហាក់​ដូច​ជា​លែង​គ្រប់គ្រង​ខ្លួន​ឯង​បាន​​ត​ទៅ​ទៀត​ហើយ៖
ថ្ងៃ​នោះ​អាវីន​ខឹង​ខ្ញុំ​ ក៏​ព្រោះ​រឿង​ម៉ាណា​នេះ​ដែរ…
ខ្ញុំ​ចំហរ​មាត់​ធ្លុង​ លែង​យល់​ពី​អ្វី​សោះ​តែ​ម្ដង។ មុន​នេះ​គេ​ថា គេ​នឹង​ឆវីវីន​ស្រលាញ់​គ្នា​ជិត​រៀប​ការ​ ពេល​នេះ​គេ​ថា​ម៉ាណា​ជា​គូ​ដណ្ដឹង​ខ្លួន​ទៀតតើ​ការ​ពិត​គេ​កំពុង​លេង​ល្ខោន​អ្វី​?
​វិទូ​ពោល​សួរ​ដោយ​ហួស​ចិត្ត
​ជិត​រៀប​ការ​នឹង​ឆវីវីន តែ​ភ្ជាប់​ពាក្យ​និង​​ម៉ាណា​ ?
​ម៉ានិតដេត តប​វិញ​ដោយ​សំឡេង​ស្ងួត​ស្ងប់​លែង​ច្រឡោត​ លែង​ញាប់​ញ័រ ៖
​ខ្ញុំ​ស្រលាញ់​អាវីនជាការពិត ឯ​ម៉ាណា​នាង​ជា​គូ​ដណ្ដឹង​ដែល​ចាស់ៗ​ផ្សំ​ផ្គុំ​ទុក​ដាក់​ឲ្យ​តាំង​ពី​នៅ​ស្រុក​កំណើត​ឯ​កំពង់​ចាម​ម្ល៉េះ!
​ខ្ញុំ​ហាក់​ទ្រាំ​លែង​បាន​ទៀត​ហើយ ខ្ញុំ​លូក​មាត់​ពោល​សួរ​មុន​ប៉ូលិស​ពីរ​នាក់​នោះ​ទៀត
​ដេត​ឯង​ចង់​បាន​ន័យ​ថា អត់​បាន​​ស្រលាញ់​ម៉ាណា​ទេ​ តែ​បាន​ភ្ជាប់ ពាក្យ​ជាមួយ​នាង?
​ម៉ានិតដេត​ តប​មួយៗ​ស្ទើរ​ស្ដាប់​មិន​ចង់​ឮ ៖
​ក្នុង​មួយ​ជីវិត​នេះ ខ្ញុំ​ស្រលាញ់​តែ​អាវីន​ម្នាក់​គត់!
​ខ្ញុំ​ឈរ​ច្រត់​ចង្កេះ​ ដក​ដង្ហើម​ឃូរ តែ​តាម​ពិត​ចិត្ត​ខ្ញុំ​នៅ​តឹង​ណែន​ដោយ​ចំណោទ​បញ្ហា​ជុំវិញ​ម៉ានិត​ដេត ស្ទើរ​ប្រេះ​ទ្រូង​ទៅ​ហើយ។
​សំឡេង​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ​លាន់​ទៅ​កាន់​ម៉ានិតដេត​សា​ជា​ថ្មី៖
​អម្បាញ់មិញ​លោក​ថា​ឆវីវីន​ ខឹង​លោក​ ព្រោះ​រឿង​នេះ​ គឺ​សំដៅ​ទៅ​ថ្ងៃ​ដែល​លោក​ទាស់​គ្នា​ជាមួយ​នាង​ក្នុង​ស្ទូឌីយោលេខ៧​​នោះ​អ្ហេស?
​ម៉ានិតដេត​ងក់​ក្បាលៗ​ផ្ញក់ៗ ជំនួស​ចម្លើយ…។
​ខ្ញុំ​ថយ​មក​អង្គុយ​លើ​គ្រែ​សា​ជា​ថ្មី​ ដោយ​គិត​ក្នុង​ចិត្ត​ថា នឹង​លែង​និយាយ​ស្ដី​អ្វី​ទាំង​អស់​ ព្រោះ​ខ្ញុំ​ទើប​តែ​ដឹង​ខ្លួន​ត្រឹម​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្រប់គ្រង​បុគ្គលិក​ត្រឹម​តែ​ប៉ុណ្ណឹង​នាក់ គេ​ធ្វើ​រឿង​អាថ៌កំបាំង​លាក់​ច្រើន​ដល់​ម្ល៉ឹង​ក៏​ខ្ញុំ​មិន​ដឹង​ផង តើ​គួរ​ឲ្យ​ហួស​ចិត្ត​ដែរ​ឬ​ទេ? ខ្ញុំ​នៅ​អួត​ប្រាប់​​ប៉ូលិស​មុន​នេះ​ថា​យើង​រាប់​គ្នា​ដូច​បងប្អូន​ទៀត? វា​គួរ​អោយ​អស់​សំណើច​រឺ​គួរ​អោយ​ទទូរ​ភួយ​ដើរ​ចេញ?
​វិទូ​លាន់​មាត់​ពោល​សួរ​បន្ត​ពី​ចៅហ្វាយ ៖
​បានន័យ​ថា កាល​ថ្ងៃ​ទាស់​សម្ដី​គ្នា​នោះ​ ឆវីវីន​ទើប​តែ​ដឹង​រឿង​លោក​​ និង​កញ្ញា​ម៉ាណា​ភ្ជាប់ ពាក្យ?
​ម៉ានិតដេត​តប​វិញ​ដោយ​ទឹក​មុខ​ស្លូត៖
​នាង​ដឹង​រឿង​នេះ​ទើប​បាន​ជា​ខឹង​ខ្ញុំ​ដល់​ថ្នាក់​ទាស់​សម្ដី​គ្នា​ក្នុង​បន្ទប់​ផ្សាយ​ដូច​ពួក​លោក​ដឹង​ហ្នឹង!
​តែ​ម៉ានិតដេត​ មិន​ទាន់​បញ្ចប់​ប្រយោគ​បាន​ស្រួលបួល​ផង វិទូ​ ពោល​កាត់​ទៀត ៖
​ចុះ​នាង​ម៉ាណា​? នាង​ដឹង​រឿង​លោក​ និង​ឆវីវីន​ទេ?
​ម៉ានិតដេត​នៅ​ស្ងៀម​បន្តិច​ ទើប​ឆ្លើយ​ដោយ​ងក់​ក្បាល៖
ក្រោយ​ពី​ថ្ងៃ​ដែល​ឆវីវីន​ដឹង​រឿង​ខ្ញុំ និង​ម៉ាណា​មក​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាច់​ខាត​ថា​ សុខ​ចិត្ត​ទៅ​អង្វរ​សុំ​ទោស​ម៉ាណា ព្រោះ​ខ្ញុំ​មិន​អាច​រស់​ដោយ​គ្មាន​អាវីន​បាន​ទេ។ ម៉ាណា​ក៏​ទើប​នឹង​បាន​ដឹង​ត្រឹម​ថ្ងៃ​នោះ នាង​ក៏​ខឹង​ខ្ញុំ​ខ្លាំង​ដែរ តែ​នាង​ក៏​យល់​ដែរ​ថា ស្នេហា​បង្ខំ​ចិត្ត​ពិត​ជា​គ្មាន​សុភមង្គល​ទេ ដូច្នេះ​ហើយ​ទើប​នាង​សុខ​ចិត្ត​ផ្ដាច់​ពាក្យ​ជាមួយ​ខ្ញុំ​វិញ ហើយ​ខ្ញុំ និង​ឆវីវីន​បាន​សម្រេច​ចិត្ត​ថា​ នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​លុប​ចោល​រឿង​អពមង្គល​ទាំង​អស់ ម្យ៉ាង​ទៀត​នៅ​កំពង់សោម​​នេះ​រឿង​ខ្ញុំ និង​ម៉ាណា​ភ្ជាប់​ពាក្យ​តាម​ចាស់ៗ​​នោះ​ គ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​​ទេ ខ្ញុំ​គិត​ថា ក៏​គ្មាន​ប៉ះពាល់​អ្វី​ដល់​កិត្តិយស​នាង​ដែរ នាង​ប្រហែល ជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួប​ជាមួយ​បុរស​ផ្សេង ដែល​​ស្រលាញ់​នាងជាង​ខ្ញុំ ។យើង​លេង​ជាមួយគ្នា​តាំង​ពី​តូច នាង​ដូច​ជា​ប្អូនស្រី​ខ្ញុំ​បង្កើត​អញ្ចឹង! រឿង​ស្មុគស្មាញ​ដោះស្រាយ​ចង់​អស់​ទៅ​ហើយ​ មិន​ស្មាន​ថា​ទី​បំផុត​ខ្ញុំ និង​អាវីន​បែក​គ្នា​ដដែល។
កញ្ចប់​នេះ​លោក​ផ្ញើ​ចេញ​ទៅ​អ្នកណា​នៅ​កំពង់ចាម? (វិចិត្រ​សួរ​បន្ត)
ខ្ញុំ​លេប​បំពេញ ក្រពះ​បន្តិចបន្តួច​រួច ទើប​ឡើង ទៅ​ការិយាល័យ​វិញ​ដើម្បី​រក​មើល​ឯកសារ​ទាក់ទង​និង​គ្រួសារ​ឆវិវិន។ខ្ញុំ​ជឿ​ថា​ការ​ដឹកជញ្ជូន​សព​ត្រឡប់​ទៅផ្ទះ វិញ​កំពុង​ប្រព្រឹត្តិ​ទៅ​តែ ខ្ញុំ​នៅតែ​ជាមួយ ការ​ស៊ើបអង្កេត​ទើប​មិនទាន់​បាន​ចូលរួម​ជាមួយ​ពួកគេ។
ខ្ញុំ​ទាក់ទង​ម្ដាយ​នាង​ នឹង​បាន​ចូលរួម​រំលែក​ទុក្ខ គាត់​​រួចហើយ ខ្ញុំ ក៏​បាន​ជម្រាប​គាត់​ថា​ប៉ូលិស​កំពុង​ដុត ដៃជើង​ណាស់​ក្នុង​សំណុំ​រឿង​នេះ។
ស្បៃ រាត្រីកាល​បាន​ឈាន​ចូល មក​គ្របដណ្ដប់​លើ​ទី​តំាំងដ៏​ស្ងាត់ជ្រងំ​របស់ខ្ញុំ​ប្រៀប​បី​ដូច​ភាព​ងងឹត​ស្លុប​ក្នុង​អារម្មណ៍​ខ្ញុំ​នា​ពេល​នេះ​ដែរ។អ្វី​ដែល​នៅសល់ គឺ​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា​នៅ ថ្ងៃស្អែក​បន្ទាប់ពី​បុគ្គលិក​សំខាន់​ម្នាក់ បាន​បាត់បង់​ជីវិត​យ៉ាង​ទាន់ហន់​និង​អ្នកដទៃ​ទៀត​កំពុង​ស្ថិត​ក្នុង​បញ្ជី​តាមដាន​របស់​ប៉ូលិស​នៅ​ឡើយ។
ប៉ូលិស​ពីរ នាក់​ដែល​ចច្រប់​មិនឈប់ឈរ​ក្នុង​ស្ថានីយ​ខ្ញុំ​មិន​ដឹង​ចេញ​ទៅវិញ​បាត់​តាំងពី​អង្កាល់​ទេ នៅ​ទីនេះ​សល់ តែ​ខ្ញុំ​ម្នាក់​និង​សន្តិសុខ​នៅ​ជាន់​ខាងក្រោម។
​ក្នុង​មួយ​ខណៈ​ដែល​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្មុគស្មាញ​ សូរ​ទូរស័ព្ទ​បែរ​ជា​លាន់​ញាប់​
​រន្ថើន​ពី​ហោប៉ៅ​ ដាស់​អារម្មណ៍​ខ្ញុំ​ឲ្យ​ភ្ញាក់​​ដូច​គេ​កន្ត្រាក់​ ខ្ញុំ​លើក​មក​ស្ដាប់​ទាំង​ហេងហាង ៖
​អាឡូ!
​សំឡេង​ប្លែក​​មួយ​ដែល​ខ្ញុំ​រក​ចំណាំ​មិន​បាន​ថា​ ធ្លាប់​បាន​ស្គាល់​ពី​ពេល​ណា​សោះ​នោះ​ លាន់​តប​មក​វិញ​ពី​ចុង​ម្ខាង៖
​អត់​ទោស​! តើ​នេះ​ជា​លោក​វិសុទ្ធ​មែន​ទេ?
​ទោះ​កំពុង​ចម្លែក​ក្នុង​ចិត្ត​យ៉ាង​ណា​ក្ដី ខ្ញុំ​គប្បី​ត្រូវ​តែ​តប​ទៅ​វិញ​ ៖
​បាទ! ខ្ញុំ​គឺ​វិសុទ្ធ
​សំឡេង​នោះ​បន្ត​មក​វិញ​ភ្លាម​ដោយ​អន្ទះសា
​លោក​វិសុទ្ធ! បុគ្គលិក​របស់​លោក​ កញ្ញា​ម៉ា ណា​ ឥលូវ​នេះ​កំពុង​តែ​មាន​រឿង!​សូម​លោក​ប្រញាប់​មក​មើល​នាង​ជា​បន្ទាន់​ !ខ្ញុំ​ទាក់​ទង​មក​រក​លោក​ព្រោះ​មិន មាន​បណ្ដាល​សាច់ញាតិ​នាង​សោះ!នៅ​ផ្ទះ​ជួល​គេ​ប្រាប់​ថា​នាង​នៅ​ទីនេះ​នាង​មាន​តែ​ខ្លួន​មួយ​ គ្មាន​សាច់ញាតិ​ឯ​ណា​ទេ!
​ខ្ញុំ​ភ្ញាក់​ដូច​ត្រូវ​ទឹក​មួយ​ថាំង
​លោក​ទូរស័ព្ទ​ពី​ផ្ទះ​ម៉ាណា​អ្ហេស?
​នាង​យ៉ាង​ម៉េច​ហើយ?
​នៅ​ឆ្នេរ​អូ ឈើទាល!សូម​លោក​ប្រញាប់​មកដោយ​​ខ្ញុំ​គ្មាន​ពេល​ច្រើន​ដើម្បី​អធិប្បាយ​​តាម​ទូរស័ព្ទ​ទេ! សូម​ទោស​ផង ខ្ញុំ​រង់​ចាំ​លោក និង​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ទាំង​អស់​របស់​អ្នក​រង​គ្រោះ​ឆ្នេរ​អូ ឈើទាល!លា​ហើយ​!
​សំឡេង​ទូរស័ព្ទ​ដែល​ត្រូវ​បាន​ម្ចាស់​វា​ផ្ដាច់​ទៅ​វិញ ជា​បន្ទាន់​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ស្មើ​នឹង​ពាក្យ “អ្នក​រង​គ្រោះ” ដែល​ជន​នោះ​បាន​បង្ហើប​អម្បាញ់មិញ​នោះ​ទេ។
ក្រោម​ផ្ទៃ​សន្ធិយា ខ្ញុំ​បើកឡាន​​ទៅកាន់​ឆ្នេរ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នោះ​​ទាំង គ្មាន​អារម្មណ៍​ក្នុង​ការ​ទូរស័ព្ទ​ប្រាប់​វិចិត្រ​ពី​រឿង នេះ​ផង។ពី​ទី​ចត​រថយន្ត ខ្ញុំ សង្កេត​ឃើញ​មាន​វត្តមាន​មនុស្ស​កកកុញ​ចោមរោម​មើល អ្វី​ម្យ៉ាង​និង​ឃើញ​មាន​អ្នក​ពាក់​ឯក​សណ្ឋាន​ប៉ូលិស​នៅ​ច្រវាត់​។
​​អារម្មណ៍​អាក្រក់​សង្កត់​សង្កិន​ចិត្ត​ខ្ញុំ​សា​ជា​ថ្មី​ភ្លាម…
​ទោះបី​មេឃ​ងងឹត​តែ​ពន្លឺ​ភ្លើង​លំអរ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​លំដាប់​លេខ​មួយ​នេះ​អាច​ជួយ​អោយ​ខ្ញុំ​ឃើញ​នាយ​ម៉ានិតដេត​ស្ទុះ​ត្រហេបត្រហប​កាត់​ហ្វូង​មនុស្ស​ចូល​ទៅ​កាន់​ឆ្នេរ​។ខ្ញុំ​​គិត​ថា​ប្រហែល​ជា​គេ​ក៏​បាន​ទទួលការ​ផ្ដល់​ដំណឹង​ដែរ ហើយ​​ប្រតិកម្ម​របស់​ម៉ានិតដេត​ក៏​មិន​ចម្លែក​អ្វី​ដែរ… ព្រោះ​កាល​ពី​ព្រឹក​រហូត​មក​ទល់​ពេល​នេះ ពួក​យើង​ត្រូវ​ជួប​ហេតុការណ៍​អកុសល​គួរ​ឲ្យ​តក់​ស្លុត​ច្រើន​ពេក។
​ខ្ញុំ​ឈាន​សន្សឹម​ៗ​ចូល​ទៅ​ក្នុង​ចំណោម​ក្រុមមនុស្ស​ទាំង​អារម្មណ៍​អាក្រក់​កើន​ឡើង​ឥត​ឈប់ឈរ… ។តាម​ពិត​ខ្ញុំ​កំពុង​ចង់​ដឹង​ណាស់​ថា​ក្នុង​ផ្ទះ​មាន​រឿង​អ្វី​កើត​ឡើង​ ហើយ​ម៉ាណា​នៅ​ឯ​ណា ប៉ុន្តែ​ភ្នែក​ខ្ញុំ​មិន​ទាន់​សម្លឹង​ដល់​គោលដៅ​ផង នៅ​ចំពោះ​មុខ​ខ្ញុំ​ត្រូវ​បាន​​បាំង​ពីមុខ​ដោយ​ការ​បង្ហាញ​ខ្លួន​នៃ​ជន​មាឌ​ដំបង​ម្នាក់​ដែល​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​នោះ​ មិន​ធ្លាប់​ស្គាល់​គេ​ពី​ពេល​មុន​មក​ទាល់​តែ​សោះ។
​​គេ​លូក​ដៃ​មក​រាក់ទាក់​ខ្ញុំ ខ្ញុំ​សម្លឹង​មើល​ទៅ​សម្លៀកបំបាក់​ប៉ូលិស​លើ​រាង​កាយ​ជន​នោះ​ដោយ​រារែក​មិន​ទាន់​លូក​ដៃ​ទៅ​រាក់​ទាក់​គេ​វិញ​នៅ​ឡើយ… ព្រោះ​ចិត្ត​កំពុង​តប់​ប្រមល់​ស្ទើរ​វង្វេង​រង្វាន់​ទៅ​ហើយ។
​លោកនាយក​វិសុទ្ធ​ ប្រធាន​ស្ថានីយ​វិទ្យុ​សំឡេង​យុវវ័យ​មែន​ទេ?
​ខ្ញុំ​ចាំ​បាច់​ត្រូវ​លូក​ដៃ​ទៅ​រាក់ទាក់​គេ​វិញ​ដើម្បី​បំពេញ​សុជីវធម៌​ដោយ​លាន់​មាត់​សួរ ៖
​បង​មែន​ទេ? ដែល​ទូរស័ព្ទ​មក​ខ្ញុំ​អម្បាញ់មិញ?
​ម្នាក់​នោះ​បន្លឺ​តប​មក​កាន់​ខ្ញុំ ដោយ​រក្សា​ភាព​ប្រក្រតី​លើ​ផ្ទៃ​មុខ
​បាទ!
​ខ្ញុំ​បន្លឺ​បន្ត ៖
​ម៉ាណា​មាន​រឿង​អី ខ្ញុំ​សុំ​ចូល​ទៅ​ផង​!
​ខ្ញុំ​ត្រូវ​គេ​បើក​ផ្លូវ​ឲ្យ​ចូល​ទៅ​ខាង​ក្នុង ម៉ានិតដេត​ដែល​ស្ទុះ​ចូល​ទៅ​មុន​នេះ កំពុង​ឈរ​ទ្រឹង​នៅ​មុខ​របាំង​ការពារ​របស់​ប៉ូលិស​ នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ខ្ញុំ​ឡើយ ខ្ញុំ​ពោល​សួរ​ទៅ​កាន់​គេ​ភ្លាម ៖
​ឯ​ណាម៉ាណា ដេត?
​គ្មាន​ចម្លើយ​តប… ខ្ញុំ​ផ្ដោត​ភ្នែក​សម្លឹង​ហួស​ខ្សែ​ការពារ​របស់​ប៉ូលិស​ ទៅ​កាន់​តំបន់​ឆ្នេរ សម្រាប់​ភ្ញៀវ​អង្គុយ​កម្សាន្ត​ហើយ​ដែល​នៅ​មិន​ហួស​ពី​កន្លែង​ខ្ញុំ​ឈរ​នេះ​ប៉ុន្មាន​។ ភ្នែក​ខ្ញុំ​សម្លឹង​ទៅ​រាង​កាយ​មនុស្ស​ម្នាក់​ដែល​កំពុង​ដេក​ស្ដូកស្ដឹង​លើ​កូន​តុ​ជា​ច្រើន​តម្រៀប​គ្នា​ដែល​កន្លង​មក គេ​សម្រាប់​ទុក ជូន​ភ្ញៀវ​ទេសចរ​បរិ ភោគ​​គ្រឿង​សមុទ្រ​នោះ។ទោះ​បី​ជា​មាន​​ពពុះ​ពណ៌​ស​បាំង​បិទ​លើ​បបូរ​មាត់​នាង តែ​ខ្ញុំ​ក៏​នៅ​អាច​ចំណាំ​បាន​ថា … ជា​ម៉ាណា​ប្រាកដ​ណាស់។
​ខ្ញុំ​តក់​ស្លុត​ស្ទើរ​ទន់​ជើង​ដួល​ចំពោះ​ហេតុការណ៍​អាក្រក់​ៗ​ផ្ទួនៗ​គ្នា​បែប​នេះ…. ប៉ុន្តែ​ត្រចៀក​ នៅ​តែ​ស្ដាប់​ឮ​ពាក្យ​ជន​មាឌ​ដំបង​ដែល​អម្បាញ់មិញ​ចាប់​ដៃ​ខ្ញុំ​ឯ​មាត់​ផ្លូវ​​នោះ​បន្លឺ​មក​កាន់​ខ្ញុំ
ចូលរួម​សោក​ស្ដាយ​ផង នាង​បាន​ផុត​ដង្ហើម​មុន​ពេលប៉ូលីស​យើង​មក​ដល់​ទៅ​ទៀត !
ខ្ញុំ​ទន់​ដៃ របូត​ធ្លាក់​ពី​ហោប៉ៅ​ដែល​មុន​នេះ​ខ្ញុំ​ខំ​ជ្រែង​បន្លប់​អារម្មណ៍​ខ្លួនឯង។
ជន​នោះ​និយាយ​បន្ថែម​ដោយ​មិន​រង់ចាំ​ខ្ញុំ​សួរ​នាំ៖
វេជ្ជ​បណ្ឌិត​ជំនាញ​ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា … អ្នក​ស្លាប់​ត្រូវ​ផុត​ដង្ហើម​ដោយ​ជាតិ​ពុល​ ជ្រាប​ពេញ​សរសៃ​ឈាម ហើយ​ជំហាន​ដំបូង​យើង​សន្និដ្ឋាន​ថា នាង​​ធ្វើ​អត្តឃាត…​!
សំឡេង​ខ្សឹបខ្សៀវ​លាន់​មក​ឡើង​ទ្រហឹង​អឺងកង​ជុំវិញ​ខ្ញុំ។
នៅ​ក្មេង​ល្ហក់​ម៉េច​ក៏​សម្លាប់​ខ្លួន​អញ្ចឹង​?រឿង​ស្នេហា​ដឹង?ហ៊ឺ​ក្មេង​អីឡូវ​យ៉ាប់​ណាស់!
ឃើញ​មក​អង្គុយ​នៅ ទីនេះ​តាំងពី​រសៀល​មិញ!ម៉ង់ៗ​ហើយ​មុខ​ស្ងួត​ណាស់​ដូច​មាន​វិបត្តិ​អញ្ចឹង!
លេប​ថ្នាំពុល​មែនទេ?
អត់ទេ!ដាក់​លាយ​ក្នុង​ទឹកក្រូច!
ខ្ញុំ​ស្ដាប់​ហើយ​ស្ទើរ​អត់​ដង្ហើម​ខ្លួន​ឯង។ តែ​ភ្នែក​ខ្ញុំ​នៅតែ​សម្លឹង​ទៅ​រក​ផ្ទាំង​ក្រណាត់ ស​ដែល​សមត្ថកិច្ច​កំពុង​នាំ​គ្នា​គ្រប​លើ​រាងកាយ នាង។ ខ្ញុំ​ដូច​កំពុង​យល់​សុបិន ប៉ុន្តែ​វា​ជា​ការពិត។
ប៉ូលិសស្រីម្នាក់កំពុងយកដង្កៀបចាប់លើកកំប៉ុងភេសជ្ជៈរបស់ម៉ាណាច្រកទៅក្នុងស្បោងផ្លាក​​ស្ទីក​​ស។សូម្បីតែសំណល់ក្រដាស់ជូតមាត់នាង។
​ម៉ានិតដេត​ដែល​ឈរ​ក្បែរ​ខ្ញុំ​ដាក់​បង្គុយ​ប៉ុក​ទៅ​លើ​កូន​តុ​ក្បែរ​សព ខ្ញុំ​ក៏​ដឹង​ពី​អារម្មណ៍​របស់​គេ​នៅ​ពេល​នេះ​ដែរ.. ដូច្នេះ​ហើយ​បាន​ជា​យើង​ទាំង​ពីរ​នៅ​ស្ងៀម​ទាំង​ពីរ​ដូច​ជា​មនុស្ស​គ។
​ក្នុង​ខណៈ​ដែល​បេះ​ដូង​ខ្ញុំ​រន្ធត់​ស្ទើរ​នឹង​គាំង​ចលនា​នេះ សំឡេង​ប៉ូលិស​សួរ​ចម្លើយ​ក៏​លាន់​ឮ​ឡើង​ទ្រហឹង​អឺងអាប់​គួរ​ឲ្យ​វិល​មុខ។ ខ្ញុំ​លូក​ដៃ​ដក​យក​កូន​កន្សែង​មក​ជូត​ផ្ដិត​ញើស​ពី​ថ្ងាស​ទាំ​ងងឹត​ក្នុង​ចិត្ត​ ព្រោះ​មិន​ដឹង​ថា គួរ​ធ្វើ​យ៉ាង​ណា​ទៀត?
​សំឡេង​ជន​មាឌ​ដំបង​លាន់​មក​កាន់​ខ្ញុំ​សារ​ជា​ថ្មី ៖
លោក​វិសុទ្ធ! ពេល​នេះ​សំខាន់​បំផុត​លោក​ត្រូវ​ផ្ដល់​ដំណឹង​ទៅ​គ្រួសារ​អ្នក​រង​គ្រោះ​ឲ្យ​បាន​រហ័ស​តាម​លទ្ធភាព​… ដើម្បី​ចាត់​ចែង​ពិធី​បុណ្យ​សព!
​ខ្ញុំ​អស់​អ្វី​ត្រូវ​តប​នឹង​គេ​ទៀត​ហើយ ក្រៅ​ពី​ពាក្យ​​តែ​មួយ​ម៉ាត់​គត់​ថា “បាទ”។
​វិទូ​ដែល​មក​ដល់​តាំងពី​ពេលណា​ក៏​មិន​ដឹង​កំពុង​នៅ​ជា​មួយ​វិចិត្រ​នឹង​ក្រុម​ប៉ូលិស​ក្នុង​ការងារ​នេះ ម្ដងម្កាល​គេ​ងាក​មក​មើល​មុខ​ខ្ញុំ។
ម៉ានិតដេត​បាន​ទាក់ទង​ទៅ​អ្នក​ផ្ទះ​នាង​ម៉ាណា​ទាំង​យប់​ពី​ដំណឹង​អកុសល​នេះ។ហើយ​គ្រួសារ​នាង​បាន​មក​ដល់​នៅ​ម៉ោង១រំលងអាធ្រាត​​ចំណែក​ខ្ញុំ​បាន​ត្រឡប់​ទៅ​សម្រាក​នៅ​កន្លែង​ធ្វើការ​របស់​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ នៅ​ម៉ោង៣​ទាប​ភ្លឺ ឯ​ប្អូន​ជីដូន​មួយ​ខ្ញុំ​គេបន្ត​​នៅ​ធ្វើការ​ជាមួយ​ក្រុម​ប៉ូលិស​ជន​មាឌ​ដំបង​ដែល​ទំនង​ជា​អាជ្ញាធរ​មូលដ្ឋាន​នៅ ទីនោះ។
ម៉ោង​៩ព្រឹក​ឡើង​វិចិត្រ​ដាស់​​ហៅ​ខ្ញុំ​ឡើងទៅ​ស្រស់ស្រូប​ជាមួយ។ខ្ញុំ​ឃើញ​វិទូ​នៅ​រង់ចាំ​ទីនោះ​ស្រេច។ខ្ញុំ​មាន​អារម្មណ៍​ចង់ គ្រុន​ហើយ​យល់​ថា​ខ្ញុំ​នឹង​បដិសេធ បើ​គេ​ចង់​អោយ ខ្ញុំ​ចូលរួម​ជាមួយ​ការ សួរ​ចម្លើយ​ទៀត​ព្រោះ​ខ្ញុំ​អស់​រលីង​ពី​ខ្លួន​ហើយ។
ខ្ញុំ​បាន​កាហ្វេ​ទ្រាប់​ពោះ ក៏​មាន​អារម្មណ៍​ស្វាង​ច្រើន​ពី​ភាព​អស់កម្លាំង​នឹង​ងោកងុយ។ចំណែក​វិចិត្រ​ហូប​បាយ​ស្រូប​យ៉ាង​ញាប់នឹង​ញញឹម​មកខ្ញុំ​ស្រស់ស្រាយ​ដូច កាលពី​យប់មិញ​គេ បាន​គេងលក់​ធម្មតា​អញ្ចឹង។​ខ្ញុំ​ទើប​តែ​ចាប់អារម្មណ៍​ឃើញ​ថា​ប្អូនជីដូនមួយ​ខ្ញុំ​និង​វិទូ​ប្រាកដជា​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​មិនធម្មតា​ទេ ដែល​អត់បាយ​និង​អត់ដេក​ហើយ​នៅតែស្វាង​ចែស។
បង​ឯង​គិត​អារ៉េច​រឿង​ម៉ាណា​ស្លាប់​នៅ​លើ​ឆ្នេរ?
នេះ​ជា​សម្ដី​ដំបូង​ដែល​វិចិត្រ​និយាយ​មក​កាន់​ខ្ញុំ​បន្ទាប់​ពី​ស្រស់ស្រូប។ខ្ញុំ​មិន​ឆ្លើយ ហើយ​គ្រវីក្បាល​បង្ហាញ ថា​មិន​ចង់​គិត​ទៀត​ទេ អោយ​ប៉ូលិស​ធ្វើ អី​ធ្វើ​ទៅ។
តែ​គេ​បង្ហើរ​មក​កាន់​ខ្ញុំ​នូវ​ប្រយោគ​ទី២៖
ចុះ​បើ​ខ្ញុំ​ប្រាប់​បង​ថា​នាង​សម្លាប់​ខ្លួន​គេច​ពី​ការ​ទទួល​ទោស?
ខ្ញុំ​នៅតែ​មិន និយាយ​តប​ហើយ​អោន​ផឹក​កាហ្វេ​បង្ហើយ។តាម​ភាព​ស្ទាត់ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​របស់​គេ ពីរ នាក់​គេ​គួរ​តែ​ដឹង​ហើយ​ថា​ខ្ញុំ​កំពុង​ឆ្អែតឆ្អន់​ចំពោះ​ការ​វិភាគ​និង​ការ​ចូលរួម​ជាមួយ​ពួកគេ។ខ្ញុំ​ស្រាប់តែ​យល់​ថា​ប៉ូលិស​គ្មាន​បានការ​អី ទេ​ក្នុង​ពេលនេះ។ឆវិវីន​ស្លាប់​២៤ម៉ោង​ហើយ គេ​​នៅ គ្មាន​ឃើញ​តម្រុយ​ឃាតក​ពិត​នៅឡើយ​មាន​តែ​ការ​ស្មាន​ៗ​តាម​អ្វី​ដែល​កើត​ឡើង​នឹង​បង្កើត​ការ​សន្និដ្ឋាន​ដោយ​គ្មាន​ភស្តុតាង​ជា​បន្តបន្ទាប់។
វិទូ​ពោល​ឡើង​ទៅ​កាន់​វិចិត្រ៖
ចង់​និយាយ ថា​នាងម៉ាណា​សម្លាប់​មនុស្ស ហើយ​គិត ថា​មិន អាច​ដោះស្រាយ​រួចខ្លួន​បាន ក៏​លេង​ផ្លូវ​ហ្នឹង​ទៅ?
វិចិត្រ​ឆ្លើយ​វិញ​ផូង៖
ស្រី​ម្នាក់​ខក​ចិត្ត​រឿង​ស្នេហា​គេ​អាច​ធ្វើ អី​បាន​ទាំងអស់!គម្រោង​ធ្វើឃាត​នៅ​ស្ទូឌីយោ​លេខ៧​អាច ថា​រៀបចំ​ឡើង​បាន​​ម៉ត់ចត់ ប៉ុន្តែ​នៅ ពេល​ឃាតក​ដឹង​ថា អាថ៌កំបាំង​ស្នេហា​របស់ នាង​ត្រូវ បាន​ប៉ូលិស​ដឹង នាង​ប្រាកដ​ជា​ជ្រើស​យក​វិធី​នេះ​ដើម្បី​គេច​ពី​ការ​ទទួលទោស។
អោយ​ពួកគេ​បន្ត​ការ​ស្រមើ​ស្រមៃ​និង​បង្កើត​សេណារីយោ​​ទៀត​ចុះ ខ្ញុំ​គិត​​ទាំង​​ម៉ួហ្មង។
វិទូ​និយាយ​តប​ទៅវិចិត្រ៖
ម៉េច​ក៏​ប្រាកដ​ម៉េះ?
រឺ​ក៏​ឯង​គិត​ផ្សេង?(ប្អូន​ខ្ញុំ​សួរ​វិញ)
វិទូ​បង្ហើយ​កែវ​ទឹក​របស់ គេ​ដោយ​បង្ហាញ ស្នាម​លំហូរ​តាម​បំពង់ក ដ៏​ធំ​មាំ។គេ​កំពុង​ពន្យារ​ពេល​ក្នុង​ការ​និយាយ​តប។ខ្ញុំ​ដឹង​ថា​ដោយសារ​ខ្ញុំ​នៅ​ទីនេះ ម៉្លោះ​ហើយ គេ​ចាំបាច់​ត្រូវ គិត​ជាមុន​អោយ បាន​ម៉ត់ចត់​មុន​ទម្លាយ​ចេញ​នូវ​តម្រុយ​ណា​មួយ។
ខ្ញុំ​ឃើញ​គេ​ដាក់​កែវ​ចុះ​ហើយ​បន្លឺ​មួយៗ​តែ​ច្បាស់ៗ៖
ឌីជេ​ម៉ាណា​អត់​សម្លាប់​ខ្លួន​ទេ!
វា​ល្អ​ហើយ​ដែល​គេ​ចេះ​ហៅ​នាង​ថា​ឌីជេ វា​បង្ហាញ​ថា​គេ បាន​ស៊ើប រឿង​នាង​ច្បាស់​ហើយ​ក្នុង​រវាង​ប៉ុន្មាន​ម៉ោង​នេះ។ម៉ាណា​កាន់​កម្មវិធី​តន្ត្រី​បែប​កន្ត្រាក់​អារម្មណ៍​យុវវ័យ​ដែល​នាង​ត្រូវ​បាន​យុវវ័យ​ពេញចិត្ត​ក្នុង​ការ​ហៅ​នាង​ថា​DJ។
វិទូ​មិនទាន់​ថា​ម៉េច​ទៀត​ផង ប្អូន​ជីដូន​មួយ​ខ្ញុំ​សួរ រ៉ាវ៖
មាន​គេ​សម្លាប់​នាង?
ខ្ញុំ​បើកភ្នែក​មួល ក្លំ​និមិត្ត​តែ​លឺ​ពាក្យ​នេះ ប៉ុន្តែ អាការៈ​ល្វើយ​បាន​ធ្វើ​អោយ​ខ្ញុំ រក្សា​ភាព​ស្ងៀមស្ងាត់​បាន។
​ខ្ញុំ​នៅតែ​ស្ងៀមស្ងាត់​។​យល់ចិត្ត​ខ្ញុំ វិចិត្រ​លើដៃកៀក​ស្មាខ្ញុំ ចំណែក​វិទូ​ពោល​បន្ត​ហាក់មិន​រវល់​នឹង​អារម្មណ៍​ខ្ញុំ។
ខ្ញុំសុំ​ទៅមើល​​កន្លែងលោក​​ទៀត!
ខ្ញុំញញឹមស្ងួតជាសញ្ញាថា តាមចិត្តពួកគេចុះ!
ខ្ញុំ​បើកឡាន​បែក​ពី​ពួកគេ​ហើយ​​​ត្រឡប់​​​ចូល​​មក​​​បរិវេណ​ស្ថានីយ​វិទ្យុ​ផ្សាយ​សំឡេង​ដែល​ស្ងាត់​ច្រៀប។​នៅ​ចប់​តាម​ផ្លូវ​ខ្ញុំ យល់​ថា​ការ​ចោទ​ប្រកាន់​ម៉ាណា​សម្លាប់​ឆវិវីនគឺ​ជា​គំនិត​ស្មានៗ​ដែល​គ្មាន​ភស្តុតាង​សំអាង​ត្រឹមត្រូវ។នៅ​ពេល​ដែល​ពេលវេលា​អង្កេត​របស់ គេ​កាន់​តែ​ខើច ខ្ញុំ​បែរ ជា​យល់​ថា គេ​កំពុង ស្រមៃ​ប្រឌិត រឿង​ដើម្បី​បញ្ចប់​សំណុំ​រឿង​មរណភាព​ឆវិវីន​នៅ​ស្ទូឌីយោ​លេខ៧​ដោយ ឆ្លៀត​កេង​ចំណេញ​លើ​មរណភាព​របស់​ម៉ាណា​និង​ទំនាក់ទំនង​របស់​នាង​ជាមួយ​ម៉ានិតដេត​តែ​ប៉ុណ្ណោះ។ប៉ុន្តែ​ភ្លាម នោះ​ខ្ញុំ​នឹក​ឃើញ​ដល់​ម៉ាណា។ទោះបី​ក្បាល​ធ្ងន់​ពាប់​ដោយ​ការ​ដេក​មិន ឆ្អែត​នឹង​ភាព​ល្វេងល្វើយ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា ម៉េច​ក៏​នារី​ទាំងពីរ ត្រូវ​ស្លាប់​មុន​នឹង​ក្រោយ​គ្នា​តែ​ប៉ុន្មាន​ម៉ោង​យ៉ាង​ដូច្នេះ​ទោះ​ចង់​មិន​ចង់​ខ្ញុំ​នៅតែ​យល់​ថា មរណភាព​ពួក នាង​មិនមែន​ជា​រឿង​ជួន​គ្នា​នោះ​ទេ។
ឡើង​មក​ដល់​ការិយាល័យ ខ្ញុំ​ឃើញ​ក្មេង​តូច​អ្នក​លើក​ទឹក​កំពុង​រៀប​ចំ​បោស​សម្អាត និង​រៀប​ចំ​របៀប​រៀបរយ​តុ​កៅអី​ឡើង​វិញ​ បន្ទាប់​ពី​វា​ត្រូវ​បាន​រប៉ាត់រប៉ាយ​ដោយ​សារ​វត្តមាន​ច្រើន​សន្ធឹក​នៃ​ពួក​អ្នក​កាសែត និង​ប៉ូលិស​កាល​ពី​ម្សិល។
​នៅ​ក្បែរ​នាង​ទុំ ក៏​នៅ​មាន​សន្តិសុខ​ម្នាក់​ទៀត​កំពុង​ជួយ​រៀប​ចំ​ផង​ដែរ​… ប្រហែល​មក​ពី​នាង​ខ្លាច​ពេក​មិន​ហ៊ាន​នៅ​សម្ងំ​ធ្វើ​ស្ងាត់​ៗ​ម្នាក់​ឯង​។ ខ្ញុំដើរហួសនាងទាំងក្បាល​ធ្ងន់ ពាប់​ដោយសារ​គេង​មិនគ្រប់។
តែ​នាង​តូច​ទុំ​ងើប​មុខ​សម្លឹង​មក​កាន់​ខ្ញុំ​ហើយ​និយាយ​ឃាត់​ដំណើរ៖
ប៉ូលិស​​មក​ឆែក​​​លោក​នាយក!
​ខ្ញុំ​ដក​ដង្ហើមធំ​ទាំង​​ចិត្ត​នៅ​សែន​តឹង​តែង​នៅ​ឡើយ! ខ្ញុំ​បង្ហួស​ដំណើរ​សំដៅ​ទៅ​ការិយាល័យ​ខ្ញុំ មិន​ខ្វល់​នឹង​ស្នូរ​រើរុះ​នៅ​បន្ទប់​បុគ្គលិក​ឡើយ។និយាយរួម​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រប់គ្រាន់​ហើយ​ជាមួយ​ពាក្យ​”ប៉ូលិស”។
ខ្ញុំ ទាក់ទង​ទៅ​ក្រុមហ៊ុន​ធនធាន​មនុស្ស​អោយ​គេ​ស្វែង​រក​បុគ្គលិក​ថ្មី​មក​អោយ​ខ្ញុំ ហើយ ខ្ញុំក៏ បាន រៀបចំ​ប្រាក់​មួយ​ចំនួន​ដើម្បី​ចូលរួម​ជាមួយ​ពិធីបុណ្យ សព​របស់ នារី​ទាំងពីរ​ដែរ។
រួចរាល់​ខ្ញុំ​លើក អាន​សារព័ត៌មាន​ដែល​នាង​ទុំ បាន​ដាក់​ជា​ស្រេច​នៅ​លើ​តុ​ដូច​សព្វ​មួយ​ដង។ឃាតកម្ម​នៅ​ស្ទូឌីយោលេខ៧​របស់​ខ្ញុំ​នៅតែ​បាន​ត្រូវ​គេ​បន្ត​ឆ្លៀត​យក​ទៅ​ច្រៀក​ជា​ចម្រៀក​អត្ថបទ ហើយ​ប្រហែល​ជា​អាច​ទាក់ទាញ​អ្នកអាន​បាន​មិន​ស្ទើរ​ទេ។ប៉ុន្តែ​ករណី​របស់​ម៉ាណា​បាន​ស្ថិត​នៅ លើ​ក្រប​មុខ។ជាមួយ​ចំណងជើង ថា​ហេតុអ្វី​បុគ្គលិក​ស្រី​របស់​ស្ថានីយ​វិទ្យុ​ថ្មី​នេះ​​ត្រូវ​ស្លាប់​ជា បន្ត​បន្ទាប់​គ្នា?ខ្ញុំ ស្រាប់​តែ​មាន​អារម្មណ៍​ថា ពាក្យ​មួយ ឃ្លា​នេះ​គួរ​ត្រូវ​បាន​យក​មក​គិត។ហេតុអ្វី​អ្នក​ស្លាប់​សុទ្ធ​តែ​ជា​មនុស្ស ស្រី?ម្យ៉ាង​ដែរ​សារព័ត៌មាន!
ស្នូរ​គោះ​ទ្វារ​តុៗ​ធ្វើ​អោយ​ខ្ញុំ​យល់​ថា​រង​រំខាន។
នាយវិទូ​បង្ហាញខ្លួន​ដូច ការ​ស្មាន​របស់ខ្ញុំ។គេ​នៅ​តែ​ជា​គេ។ គេ​មិនដែល​ខ្វល់ នឹង​ភាព ធុញថប់​របស់​ខ្ញុំ សោះ។​ប៉ូលិស​រូប​នេះ​បង្ហើរ ប្រយោគ៖
ខ្ញុំ​សុំ​សោ​បើក​ចូល​បន្ទប់​ខាង​ស្កាំ​ដៃ​ផង។ខ្ញុំ​ចង់​រក​ឯកសារ​ខ្លះ​ទាក់ទង​ជាមួយ​នាង​ម៉ាណា។
គេ​កំពុង​សំដៅ​ដល់​បន្ទប់​ឃ្លាំង​ដាក់​ឯកសារ​និង​សម្ភារៈ​រដ្ឋបាល​នៅ ជ្រុង​ខាងស្ដាំ​ដែល​កន្លង​មក​ម៉ាណា​ជា​អ្នក​កាន់​សោ​តាំងពី​យើង​រើ​មក​ពី​ភ្នំពេញ។
ខ្ញុំ​មិន​តប​នឹង​គេ​តែ​ខ្ញុំ​ដើរ​ចេញ​ទៅ​ក្រៅ​ហៅ​រក​នាង​ទុំ​ទាំង​កាន់​កាសែត​អាន​មក​ជាមួយ៖
ទុំ​ឯង​មាន​សោ​បន្ទប់​ឯកសារ​ទេ?
នាង តូច​ឆ្លើយតប​វិញ​ទាំង​ទឹកមុខ​នៅ​ស្លេកស្លាំង​នៅ​ឡើយ៖
បង​ម៉ាណា​ជា​អ្នក​ទុក​លោកនាយក!
ប្រហែល​នាង​មិន​ទាន់​ដឹង​ទេ​ថា ម៉ាណា​បាន​ទៅ​ជាមួយ​ឆវិវីន​ហើយ។ខ្ញុំ​ងក់​ក្បាល​រួច​អោយ​សញ្ញា​អោយ​នាង​ត្រឡប់​ទៅ​ធ្វើការ​ខ្លួន​វិញ​ចុះ។ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កូន​ប៉ូលិស​ពីរ រូប​កំពុង​កាន់​សម្ភារៈ​មួយ​ចំនួន​ឈរ​ចាំ​ក្បែរ​នោះ​ជា​ស្រេច​។ខ្ញុំ​ចាប់​ក្ដៅចិត្ត​ថា​តើ​មាន​បន្ទប់​ខ្ញុំ​ប៉ុន្មានទៀត​ទៀត​ដែល​ពួកគេ​ចង់​រុករាន​ទន្ទ្រាន​បើ​ករណី ឃាតកម្ម​នៅ​នឹង​ស្ទូឌីយោលេខ៧​សោះ​ហ្នឹង?
​នាយ​វិទូ​ពោលមកកាន់ខ្ញុំទៀតទោះបីឃើញអញ្ចឹងហើយក៏ដោយ ៖
​​​​​​​​​​​​​លោក​នាយក​! ​ខ្ញុំចាំបាច់ត្រូវតែមើលបន្ទប់ហ្នឹង យើង​គ្មាន​មធ្យោបាយ​បើក​សោ​​ទេ​អ្ហី?
​​ខ្ញុំ​តប់​ប្រមល់​ពេញ​បន្ទុក​។ខ្ញុំ​ទម្លាក់សារព័ត៌មានទៅលើសាឡុងក្បែរនោះដោយ​ងើប​មុខ​សួរ​ទៅ​កាន់​គេ ៖
​ឥឡូវ!?
​ទឹក​មុខ​ស្មើ​ធេង​របស់​វិទូ​គឺ​ជា​ចម្លើយ​តប​មក​ខ្ញុំ​វិញ​យ៉ាង​ច្បាស់​ទៅ​ហើយ​ មុន​ពេល​ដែល​ខ្ញុំ​ឮ​ពាក្យ​តប​របស់​គេ​ទៅ​ទៀត។ ទ្រាំលែង​បាន​! ខ្ញុំ​ងក់​ក្បាល​ ទាំង​ក្រោក​វឹង​ពី​កៅអី​ ។
​ទម្លាយ​ទ្វារ​មើល​តែ​ម្ដង​ទៅ​ឲ្យ​វា​អស់​សង្ស័យ(ខ្ញុំនិយាយទាំងកំរោល)
​ខ្ញុំ​ចាក​ចេញ​ពី​ការិយាល័យ​ដើរ​សំដៅ​ទៅ​រក​បន្ទប់ឯកសារ​ដោយ​ក្ដី​ក្រេវក្រោធ​តឹង​ណែន​ពេញ​ដើម​ទ្រូង​។ នាយ​វិទូ​ក៏​ដើរ​មក​តាម​ដែរ​ ហាក់​បី​ដូច​ជា​មិន​អើពើ​នឹង​អារម្មណ៍​មួហ្មង​របស់​ខ្ញុំ​ទាល់​តែ​សោះ។
​ខ្ញុំ​យារ​ជើង​ធាក់​ទ្វារ​ម៉ាំង​ៗ រហូត​ទាល់​តែ​របូត​គន្លឹះ​សោ ។ប៉ូលិស​វិទូ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ មិន​ទាន់​ឈាន​ចូល​ទៅ​ក្នុង​បន្ទប់​ឯកសារ​នៅ​ឡើយ​ទេ ខ្ញុំ​ច្រត់​ចង្កេះ​ដោយ​អស់​កម្លាំង​កាយ កម្លាំង​ចិត្ត​ល្វើយ…។
អញ្ជើញ​ពិនិត្យ​តាម​ចិត្ត​ចុះ
​មុនពេល​នាយ​ប៉ូលិស​ដ៏​គួរឲ្យ​ធុ​ញឈាន​សន្សឹមៗ​ចូល​ទៅ​កាន់​បន្ទប់​ធ្វើ​ការ​របស់​ម៉ាណា​ ដែល​ងងឹត​ឈឹង​ដោយ​មាន​តែ​ពន្លឺ​ដ៏​ខ្សោយ​ជះ​ពី​ខាង​ក្រៅ​តិចៗនោះ គេឆ្លៀតងាកមកលួងលោមខ្ញុំ៖
សុំទោសដែលរំខាន!
ភ្លាម​នោះ​​សូរស័ព្ទ​ខ្សឹកខ្សួល​យ៉ាង​ខ្សោយ​មួយ​ ដែល​លាន់​ចេញ​ពី​មាត់​ទ្វារ​បន្ទប់​ផ្សាយ​ធ្វើអោយ​នាយ​វិទូ​បែរ​ជា​បញ្ឈប់​ជំហាន​វិញ។
​ខ្ញុំ​ងាក​ទៅ​រក​ម្ចាស់​សំឡេង​ដែល​កំពុង​យំ​ខ្សឹកខ្សួល​ដោយ​ស្គាល់​ច្បាស់​លាស់​ទៅ​ហើយ​ថា នោះ​ជា​សំឡេង​របស់​នាង​ទុំ… ខ្ញុំ​គំហក​ឲ្យ​ក្មេង​ស្រី នោះ ព្រោះ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​មួហ្មង​បាន។
​ឈប់​យំ​ យំ​ស្អី​នាង​ទុំ? រួច​ការងារហើយម៉េចមិន​ទៅ​ផ្ទះទៅ?
​នាង​ទុំ​យំ​អណ្ដើក​អណ្ដក​ដើរ​មក​រក​ខ្ញុំ ទាំង​លើក​ដៃ​សំពះ ៖
​លោក​នាយក! ខ្ញុំ​សូម​ទោស​ បើ​កុំ​តែ​ខ្ញុំ​ ក៏​បង​វីន​ មិន​ស្លាប់​ដែរ!
​ខ្ញុំ​រឹត​ច្របូក​ច្របល់​ចិត្ត​ខ្លាំង​លើស​ដើម ខ្ញុំ​ដឹង​ថា​ ក្មេង​នេះ​មិន​ទាន់​ដឹង​រឿង​ម៉ាណា​ពុល​ស្លាប់​នៅ​ឡើយ ទេ។
​តាម​មើល​នាង​ភ័យ​ដោយឃើញ​ខ្ញុំ​ធាក់​ទ្វារ​បន្ទប់​ម៉ាណា​នេះ​ទើប​យំ​ដូច្នេះ​ ព្រោះ​កន្លង​មក​ខ្ញុំ​មិន​ដែល​មាន​អាកប្បកិរិយា​បែប​មួហ្មង​ ចំពោះ​បុគ្គលិក​ណា​ម្នាក់​នោះ​ឡើយ។
​ខ្ញុំ​ទម្លាក់​សំឡេង​ពោល​ទៅ​កាន់​នាង​សា​ជា​ថ្មី ៖

​អាវីន​ស្លាប់​មាន​ទាក់ទង​អី​នឹង​នាង?មិន​ចាំ​បាច់​សូមទោស​ទេ ទៅ​ផ្ទះ​ទៅ!​ ​
​ក្មេង​លើក​ទឹក​តែ​នៅ​តែ​គ្រវី​ក្បាល​ចចេស​ តប​មក​ខ្ញុំ​វិញ ៖​
​មក​ពី​ខ្ញុំ ខ្ញុំ​ធ្វើ​ឲ្យ​ទុស្សេ​ខ្សែ​ភ្លើង​ ភ្លើង​ដាច់​បាន​ជា​គេ​ចូល​ទៅ​សម្លាប់​បង​វីន​បាន។​
​ខ្ញុំ​ពោល​សួរ​ទៀត​ទាំង​អារម្មណ៍​ធុញ
​ឯង​ធ្វើ​ទុស្សេ​​ខ្សែ​ភ្លើង​អ្ហេស?​
​ក្មេង​ស្រី​ទុំ​មិន​ទាន់​បាន​តប​វិញ​ផង នាយ​ប៉ូលិស​វិទូ​ងាក​មក​សួរ​យ៉ាង​រហ័ស៖
​ឯង​ធ្វើ​អ្វី​បាន​ជា​ទុស្សេ​ខ្សែភ្លើង?​
​នាង​ទុំ​បញ្ចេញ​អាការ​ភិតភ័យ​ចំពោះ​សំណួរ​របស់​វិទូ​ តែ​នាង​នៅ​តែ​សម្ដែង​ភាព​ស្មោះ​ត្រង់​​         ៖
​ពេល​លោក​នាយក​ កំពុង​ប្រជុំ​ ពូ​ថូនី​ទូរស័ព្ទ​ទៅ​ខាង​ក្រោម​ ឲ្យ​ខ្ញុំ​ឆុង​កាហ្វេ​ឲ្យ​ ពេល​ខ្ញុំ​ដោត​ភ្លើង​ដាំ​ទឹក​ ក៏​ទុស្សេ​រលត់​ភ្លើង​តែ​ម្ដង​ទៅ ខ្ញុំ ខ្ញុំ​ស្ដាយ​ក្រោយ​ណាស់ បើ​កុំ​តែ​អីចឹង បង​វីន​ក៏​មិន​ស្លាប់​ដែរ។
​ខ្ញុំ​ទើប​តែ​ចាប់​អារម្មណ៍​ថា ត្រចៀក​កំពុង​ស្ដាប់​លឺ​សូ​សន្ធឹក​ម៉ាស៊ីន​ភ្លើង​ដែល​ត្រូវ​បញ្ឆេះ​តាំង​ពី​ពេល​ណា​មក​ក៏​មិន​ដឹង​ បាន​ន័យ​ថា តាំង​ពី​ព្រឹក​មក​ម្ល៉េះ ខ្សែ​ភ្លើង​ដែល​ត្រូវ​បាន​នាង​ទុំ​ ធ្វើ​ឲ្យ​ទុស្សេ​មិន​ទាន់​មាន​អ្នក​ណា​ជួសជុល​វិញ​នៅ​ឡើយ​ទេ។​
ខ្ញុំ​ដក​ដង្ហើម​ធំ ងាក​ទៅ​រក​នាយ​វិទូ​វិញ ខ្ញុំ ឃើញ​ក្រសែ​ភ្នែក​នាយ​ប៉ូលិស​រូប​នេះ​កំពុង​សម្លឹង​ទៅ​រក​នាង​ទុំ​ភ្លឹះៗ ខ្ញុំ​ពោល​សួរ៖​
​លោក​ចង់​ពិនិត្យ​ឃ្លាំងមែន​ទេ? សូម​អញ្ជើញ​ចុះ!
​វិទូ​សម្លឹង​មុខ​ខ្ញុំ​បន្តិច​រួច​ទើប​ដែរ​ទៅ​បន្ទប់នោះសា​រជា​ថ្មី គេ​លូក​ដៃ​រាវ​រក​ចុច​ភ្លើង​បំភ្លឺ​ផ្ទៃ​បន្ទប់។
​ពន្លឺ​ភ្លើង​អគ្គិសនី​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​បន្ទប់​ឯកសារ​ដែល​ជា​អនុស្សាវរីយ៍​ច្រើន​រៀបចំ​ទុកដាក់​ដោយដៃ​បុគ្គលិក​ស្រី​ទាំងពីរ​របស់ខ្ញុំ។
​ខ្ញុំ​ឈរ​សម្លឹង​ទីកន្លែង​ដែល​ធ្វើ​ឲ្យ​ចិត្ត​ប្រែ​ទៅ​ជា​ស្រងេះស្រងោច​រក​ស្មាន​មិន​ត្រូវ។ ​ ​ប៉ូលិស​វ័យ​ក្មេង​ បក​ដៃ​ហៅ​កូនចៅ​គេ​អោយ​យក​សម្ភារៈ​ចូល​ទៅ​តាម ដោយ​កាយ​វិការ​ហាក់​គ្មាន​ក្រែង​រអែង​ចិត្ត​អ្នក​ណា​ឡើយ។
ខ្ញុំ​មិន​ចង់​ខ្វល់​ទៀត ក៏​ពោល​ទៅ​កាន់​គេ​ ៖
​លោក​​ឆែកឆេរ​តាម​សម្រួល​ទៅ ខ្ញុំមានការងារផ្សេងខ្លះបន្ទាន់​អត់​បាន​កំដរ​ទេ!
​ខ្ញុំ​ចាកចេញ​សំដៅ​ទៅ​ជាន់​ខាង​ក្រោម​ដើម្បី រក​មើល​ស្ថានភាព​ខ្សែភ្លើង​ថា តើ​អាច​ជួសជុល​បាន​ដោយ​ខ្លួន​ឯង​ដែរ​រឺអត់។
“ថូនីប្រហែលយ៉ាប់ចិត្តពេកមិនទាន់មកវិញដឹង?គេមិនចេះអានខ្មែរផង​គេដឹងរឿងម៉ាណាស្លាប់រឺនៅ”ខ្ញុំដណ្តឹងសួរក្នុងចិត្ត។
មកដល់ជាន់ខាងក្រោមខ្ញុំដើរកា់វាងតាមរបៀងបន្ទប់អាហារដែលកាលពីល្ងាចមិញខ្ញុំ​បាន​នៅម្តងរួចហើយ។សំឡេងនិយាយគ្នាខ្សឹបខ្សៀវរវងនាងទុំនិងសន្តិសុខហើរមកប៉ះសោតា​ខ្ញុំ។
DJ​ ម៉ាណា​ស្លាប់​ហើយ ឯង​ដឹង​អត់​ទុំ?
ខ្ញុំ​ងាក​សម្លឹង​ទៅអ្នកទំាងពីរ​តាមប្រលោះ​ស្លាបព្រិល​ដែលនៅ​អមដំណើរ​ឆ្លងកាត់​របស់ខ្ញុំ។ពេល​នាងទុំបើកភ្នែកធំៗសន្តិសុខបន្តរ៉ាវ៖
កាសែតចុះព្រឹកមិញប៉ិនណាហ្នី!អូ​ភ្លេច​!ឯងអត់ចេះអានអក្សរ!
សន្តិសុខ​ប្រកប​ដោយ​ទឹកមុខ​ភ័យព្រួយ​និយាយ​ដោយ​ដង្ហើមធំ៖
ហ៊ឹម!​គាត់​ស្លាប់​ហើយ!​នៅ​អូឈើ​ទាល​កាល​ពី​យប់មិញ!គាត់​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន!
នាង​ទុំ​លើក​ដៃ​ខ្ទប់​មាត់។
ឯង​ដឹង​ទេ​ទុំ​? មុន​មាន​រឿង​ខ្ញុំ​ឃើញ​គាត់​មុខ​ស្លេក​ៗ​បួន​ប្រាំ​ថ្ងៃ​ហើយ!គាត់​ប្លែក​ណាស់​មួយ​រយៈ​នេះ ពី​មុន​ពេល​ថ្ងៃ​គាត់​ហូបបាយ​ជុំ​គេ​ឯង​នៅ​កន្លែង​ធ្វើការ តែ​ក្រោយ​មក​គាត់​ស្រាប់​តែ​ឆ្កុយ​ៗ​តែ​ឯង។មាន​ម្ដង​នោះ ខ្ញុំ​ជួយ​អូស​ម៉ូតូ​អោយ​គាត់​គាត់​សួរ​ខ្ញុំ​ថា​ស្គាល់​ឡាន​ណា​ជិះ ហួស​ពី​នេះ​ទៅ​កំពង់ចាម​តែ​ម្តង​អត់?​គាត់​ថា គាត់​ចង់​ឈប់!
នាង​ទុំ​សួរវិញ៖
បង​ម៉ាណា​ចង់​ឈប់​ធ្វើការ​នៅ​ទីនេះ​អ្ហី​បង?
អើ!​ហើយ​គាត់​ថា​គាត់​អត់​សប្បាយ​ចិត្ត និង​អត់​ទម្លាប់​នៅ​សមុទ្រ​ទេ!
នារី​លើក​ទឹក​និយាយ​បន្ទរ​ទំាង​រលីងរលោង៖
គាត់​អត់​សប្បាយ​ចិត្ត​មែន!កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ គាត់​ស្ដី​អោយ​ខ្ញុំ!តែ​ខ្ញុំ​អត់​ខឹង​គាត់​ទេ​ព្រោះ​គាត់​ដូចជា​មាន​ទុក្ខ ព្រួយ​ច្រើន​ណាស់!ថ្ងៃ​ខ្លះ​គាត់​ចេញ​ពី​បន្ទប់​ទឹក​មក ហើម​ភ្នែក​ដូច​ទៅ​ពួន​យំ​អញ្ចឹង!ខ្ញុំ​មិន​ស្មាន​ថា​គាត់​សម្លាប់​ខ្លួន​ចឹង​ទេ!​
សន្តិសុខ​ផឹក ក្អឹក​រួច​ឆ្លើយ​តប​វិញ៖
ឯង​ដឹង​អ្ហេ៎!ម្សិលមិញ​បងវីន​ស្លាប់​វេន​អាសាល​វា​យាម ខ្ញុំ​ក៏​រួច​ខ្លួន​ទៅ!កុំ​អី​ត្រូវ​ប៉ូលីស​ហៅ​ទៅ​សួរ​មិនទាន់​បាន​ចេញ​មក​វិញ​ផង!
ខ្ញុំ​បោះ​ជំហាន​ចាកចេញ​ទៅ​ដោយ​លែង​នឹកនា​ចង់​ស្ដាប់​ការ​សន្ទនា​រវាង​ពួកគេ​ទៀត។
ប៉ុន្តែ​សំឡេង​ដ៏​ស្វាហាប់​​របស់​ម៉ាណាកាល​ពី​ប៉ុន្មាន​ខែមុន​នេះ​លាន់​ដោយ​រួសរាយ​សារជាថ្មី​ហាក់​នៅ​ចំពោះ​មុខ​ខ្ញុំ”បង​សុទ្ធ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កំពង់សោម​ជាមួយ​បង ឯង!ទាល់Investmentបង​ឯង​ជោគជ័យ​បាន​ខ្ញុំ​ត្រឡប់​ម៉ោ​ភ្នំពេញ​វិញ”​។
រូបថត​របស់​ពួកយើង​ទាំង៥​នៅមុខ​បន្ទប់ទទួលភ្ញៀវ​​លេចឡើង​នៅ​ចំពោះ​មុ​ខ​ខ្ញុំ។ខ្ញុំ​សម្លឹង​ឆវិវីន​ដែល​ញញឹម​ប្រិមប្រិយ​និង​បន្ទាប់​មក​ម៉ាណា​ដែល​ញញឹម​ដោយ​ស្រគត់ស្រគំ។
“បង សុទ្ធ​ខ្ញុំ​អាឡេកហ្សី​សព្វ​គ្រប់​ជាមួយ​ខ្យល់​សមុទ្រ គ្រឿង​សមុទ្រ!ខ្ញុំគិតថា មិន អាច​ចូលរួម​ជាមួយ​ពួក យើង​នៅ​កំពង់សោម​ទេ!ទោះ​យ៉ាងណា​ខ្ញុំគិត​ថាបងឯង​នឹង​ជោគជ័យ!”
តែ​ប៉ុន្មាន​ថ្ងៃក្រោយ​មក នាង​បាន​ប្ដូរ​ចិត្ត​។ប្រហែល​ជា​ម៉ានិដេត​មាន​ចំណែក​ក្នុង ការ​បញ្ចុះបញ្ចូល​នាង។
“បងសុទ្ធ!នេះPlan, Let’s Rock the sea”!(សំឡេង​នាង​លាន់​រងំ​ក្នុង​សោតា ខ្ញុំ)
ថ្ងៃ នោះ​ម៉ាណា​ប្រគល់​Planមក អោយ​ខ្ញុំ​ដោយ ញញឹម។វា​ជា​គំរោងការណ៍​ដែល​ធ្វើ​អោយ​យុវវ័យ​ដែន​សមុទ្រ​ងាកមក​ស្គាល់​ពួក​យើង​ក្នុង​រវាង​ពេល​តែ​ជាង​មួយខែ។នឹក​ដល់​ត្រង់​នេះ បបូរ​មាត់​ខ្ញុំ​ញញឹម តែ​ទឹកភ្នែក​ខ្ញុំ​បាន​ធ្លាក់​ស្រក់។វា​ជា​ដំណក់​ទឹកភ្នែក​ដំបូង​បង្អស់​ដែល​ខ្ញុំ អាច​យំ ចេញ​បន្ទាប់​ពី​ហេតុការណ៍​ដ៏​អកុសល​បាន​កើត​ឡើង​ផ្ទួនៗ​គ្នា​ចំពោះ​ពួកយើង។ហើយ​ដំណក់​បន្តបន្ទាប់​ទៀត​បាន​ស្រក់​ចេញ​មក​អម​ជាមួយ​សំនួរ​ថាហេតុ​អ្វី​​​​បាន​​ជា​​​បុគ្គលិក​​ខ្ញុំ​​ដល់​​ទៅ​​២នាក់ ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​យ៉ាង​ដូច្នេះ​ឆវីវីន​ត្រូវ​គេ​រឹត​ក​សម្លាប់​មិន​ទាន់​រក​មុខ​អ្នក​ដៃ​ដល់​ឃើញ​ផង ម៉ាណា​ត្រូវ​បាត់​បង់​ជីវិត​ទៀត​ទៅ​ហើយ នាង​នៅ​ក្មេង​ណាស់ ហេតុអ្វី​ដល់​ថ្នាក់​សម្លាប់​ខ្លួន​?
​នាង​មាន​បញ្ហា​អ្វី​ដែល​ថា​មិន​អាច​ដោះ​ស្រាយ​ចេញ​ ដោយ​ប្រើ​ដង្ហើម​មនុស្ស ឬ​មួយ​ថា?
​ខ្ញុំ​នឹក​ដល់​សម្ដី​វិទូ​មុន​ពេល​ដឹង​ថា​ម៉ាណា​ស្លាប់​ វិទូ​ធ្លាប់​សង្ស័យ​ថា ម៉ាណា​ជា​អ្នក​សម្លាប់​ឆវីវីន​ ព្រោះ​ឆវីវីន​ជិត​រៀប​ការ​ជាមួយ​ម៉ានិតដេត។ ឆវីវីន​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ម៉ាណា និង​ម៉ានិត​ដេត ត្រូវ​ផ្ដាច់​ពាក្យ​ពី​គ្នា​ក្នុង​នាម​ជា​គូ​ដណ្ដឹង។
​ចុងក្រោយបង្អស់​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ​បានសន្និដ្ឋានថា​ម៉ាណា​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​រឹត​ក​សម្លាប់​ដោយ​គ្មាន​បន្សល់​ស្លាក​ស្នាម​ ប្រតាយ​ប្រតប់​ ហើយ​នាង​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ស្គាល់​លេខ​សម្ងាត់​បើក​សោ​បន្ទប់​ផ្សាយ។
​ឬ​មួយ​ក៏… នាង​ពិត​ជា​បាន​សម្លាប់​មិត្តភ័ក្ដិ​ បន្ទាប់​មក​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ផ្លូវ​ច្បាប់​ ទើប​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​… ដោយ​គ្មាន​តម្លៃ​បែប​នេះ?
​ជា​មនុស្ស​ប្រុស​ម្នាក់ ខ្ញុំ​មិន​ចង់​យំ​ដាច់ខាត  ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។​ខ្ញុំ​លើក​កន្សែង​ជូត ទឹកភ្នែក​ហើយ​រត់​ត្របាញ់​ជើង​ត្រឡប់​ឡើង​ទៅ​លើ​វិញ។
មក​ដល់​មុខ​បន្ទប់​ឯកសារ​ខ្ញុំ​បញ្ឈប់​ជើង​នៅ ពីក្រោយ​ខ្នង​ប៉ូលិស​វិទូ​ដែល​កំពុង​រុករើ​ឯកសារ​នៅ​ឡើយ។គេ​ងាក​ដោយ​ងឿងឆ្ងល់​សម្លឹង​មក​រក​ទឹកមុខ​ហត់គឃូស​របស់ខ្ញុំ។
គេញញឹម កូនចៅ​ទាំងពីរ​របស់​គេ​មិន ឃើញ​នៅ​ទេ សម្ភារៈ​មុន​នេះ​ក៏​មិន​ឃើញ​នៅ​ដែរ។ ខ្ញុំ​ដើរ​ចូល​ទៅ​រក​គេ ហើយ​និយាយ​តិចៗ​តែ​ច្បាស់​ៗ​នៅ​ចំពោះ​មុខ​គេ៖
លោក​ប៉ូលិស!ស្ដាប់!!!ខ្ញុំ​ត្រូវការ​យុត្តិធម៌​អោយ​អាវីន​និង​ម៉ាណា!ខ្ញុំ ត្រូវ​ស្វែង​រក ការពិត​នៅ ពី​ក្រោយ​មរណភាព​របស់​មិត្ត​ទាំងពីរ​របស់​ខ្ញុំ!
វិទូ​ជ្រួញចិញ្ចើម​បន្តិច​ចំពោះ​អកប្បកិរិយា​ផ្លាស់ប្តូរ​​ទាំងអស់​​របស់​ខ្ញុំ​ប៉ុន្តែគេនៅមិនទាន់និយាយអ្វីនៅឡើយ។
ខ្ញុំ​និយាយ​បន្ថែម៖
ប៉ូលិស​ជា​ក្តី​សង្ឃឹម​ចុងក្រោយ​របស់​ខ្ញុំ!ពួកគេ​ស្លាប់​ហើយ ហោច​ណាស់​ខ្ញុំ ត្រូវការ​ស្វែងរក​យុត្តិធម៌​មួយ​អោយ​ពួកគេ! ខ្ញុំ​មាន​កាតព្វកិច្ច​ការពារ​កេរ្តិ៍ឈ្មោះ​ពួកគេ!ពួក​យើង​អត់​កាប់​សម្លាប់​គ្នា​ដាច់ខាត!លោក​ត្រូវ​រក​ឃាតករ​ពិត​មក​អោយ ខ្ញុំ!ម៉ាណា​អត់​សម្លាប់​អាវីន​ទេ!
វិទូញញឹម​គេ​តប​មក​វិញ​នូវ​ឃ្លា​ដំបូង​បង្អស់៖
ហើយ​នាង​ក៏​អត់​សម្លាប់ខ្លួនដែរលោកនាយវិសុទ្ធ!
គេ​លូក​ពី​ក្នុង​ហោប៉ៅ​ហើយ​ហុច​ក្រដាស​ជូត​ទឹកភ្នែក​មក​អោយ ខ្ញុំ។ខ្ញុំ​ទើប​តែ​ដឹង​ថា​ខ្លួនឯង​កំពុង​យំ​បន្ត​។ខ្ញុំ​ផ្អែក​ខ្លួន​នៅនឹង​ជញ្ជាំង​ហើយ​ជូត​ទឹកភ្នែក។
​​សំឡេង​វិចិត្រ​លាន់​តប​មក​វិញ​ខ្ទរ​បន្ទប់៖
​ហេតុអី​ថានា​ង​ម៉ាណាមិនមែនសម្លាប់ខ្លួន និងមិនបាន​​សម្លាប់​ឆវីវីន?
​​ខ្ញុំ​ងើប​មុខ​សម្លឹង​វិចិត្រ​ដែល​កំពុង​ដើរ​ចូល​មក​មួយ​ៗ​ក្នុង​បន្ទប់រួមជាមួយ​ម៉ានិតដេតដែលមាន​​មុខ​ខ្មៅ​ប៉ែ។
​វិចិត្រ​លើក​រូប​មួយ​សន្លឹក​ហុច​មក​ចំពោះ​មុខ​ខ្ញុំ ខ្ញុំ​សម្លឹង​ទៅ​រូប​ថត​រួច ទើប​លើក​យក​មក​ពិនិត្យ​ទាំង​ក្ដុកក្ដួល។ សន្លឹក​រូប​ថត​ដែល​ទោះ​បី​ជា​ត្រូវ​គេ​គូស​ខ្វែង​ក្រវេមក្រវាម​ដោយ​ប៊ិច​ពណ៌​ក្រហម​ច្រើន​ឆ្នូត​បិទ​បាំង​ពី​លើ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ចំណាំ​បាន​ថា​ ជា​រូប​ថ​ត​របស់​ឆវីវីន​ប្រាកដ​ណាស់។
​សំឡេង​ប្អូន​ជីដូនមួយ​ខ្ញុំ​ លាន់​ឡើង​សារ​ជា​ថ្មី៖
​សន្លឹក​រូប​ថត​នេះ ប៉ូលិស​នៅ​មូលដ្ឋាន​ផ្ទះ​ម៉ាណា បាន​បង្ហាញ​ខ្ញុំ… គេ​អះអាង​ថា​បាន​រក​ឃើញ​ក្នុង​ផ្ទះ​នាង!
​ខ្ញុំ​សម្លឹង​សន្លឹក​រូប​ថត​ក្នុង​ដៃ​ទាំង​អារម្មណ៍​ធ្ងន់​កណ្ដុក ស្នាម​ឆូត​ពណ៌​ក្រហម​ ដែល​គួស​ខ្វែង​លើ​សន្លឹក​រូប​ថត​ គឺ​ជា​ភស្តុតាង​យ៉ាង​ជាក់​ច្បាស់​ដែល​បង្ហាញ​ថា​ម៉ាណា​បាន​ចង់​អាឃាត​ឆវីវីន​ពិត​ប្រាកដ​ណាស់​ដូច្នេះ​ការ​ប្រមើល​មើល​របស់​វិទូ​នៅផ្ទះម៉ានិដេត​ដែល​ថា​ម៉ាណា​ជា​ឃាតក​ធ្វើ​ឃាត​ឆវីវីន​​នោះ​ច្បាស់​លាស់​១០០ភាគ​រយ​ហើយ។
​វិទូ​ទទួល​យក​សន្លឹក​រូបថត​មក​ពិនិត្យ។
ចុះ​អ្នក​ទាំង បី​បាន​ឃើញ​អា​នេះ​អត់?(វិទូ​ហុច​មួយ​សន្លឹក​ផ្សេង​មក​អោយ​ខ្ញុំ)
ខ្ញុំ​​ជា​​​អ្នក​​លូក​ដៃ​​ទទួល​​លិខិត​​មក​​ពិនិត្យ​​មើល​​មុន​គេ ព្រោះ​​ឈរ​ជិត​​វិទូ​ជាង​អ្នក​ឯ​ទៀត​ ខ្ញុំ​មើល​លិខិត​ដែល​មាន​អត្ថន័យ​លា​ឈប់​ពី​ការងារ​របស់​ម៉ាណា​ទាំង​ក្ដុកក្ដួល​ក្នុង​ចិត្ត​ អ្វី​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​គឺ​កាល​បរិច្ឆេទ​ក្នុង​លិខិត​ ពិត​ជា​សរសេរ​ថ្ងៃ​នេះ​មែន ។
វិទូ​និយាយ​មួយៗ៖
លោក​នាយក​វិសុទ្ធ!មិត្ត​របស់​លោក​រឺបុគ្គលឹក​របស់​លោក​មិនបាន​សម្លាប់​ខ្លួនទេ!​នា​ង​ត្រូវគេធ្វើ​​ឃាត​!ម្ដាយមីង​នាង​កាល​ពី​យប់មិញ​បាន​និយាយ​មុន​បញ្ជូន​សព​ទៅ​ថា នាង​បាន​ទូរសព្ទ័​ប្រាប់​គាត់​ថា​នឹង​ត្រឡប់​ទៅវិញ​ចុងខែ​នេះ ពិសេស​នាង​ថា​នាង​ឈប់​ធ្វើការ​ហើយ!
ខ្ញុំ យល់ថា​វិបត្តិ​ជាមួយ​ម៉ានិតដេត​អាច​ជា​ហេតុផល​ដែល​ធ្វើ​អោយ​នាង​សម្រេច​ចិត្ត ចាកចេញ។ពាក្យ​ចម្លើយ​បស់​ម៉ានិតដេត​និង​សំដី​នាង​ទុំ​ដែល​ថា​ឃើញឆវិវីន​និង​ម៉ានិដេត​ឈ្លោះ គ្នា​កាល​ប៉ុន្មាន​ថ្ងៃ​មុន និង​ពាក្យ​សន្តិសុខ​ដែល​ជួយ​អូស ម៉ូតូ​ហើយ ថា​នាង​បាន​ប្រាប់ គេ​ពី​បំណង​លា​ឈប់​ដែរ នោះ​ហាក់​ដូចជា​ស៊ីចង្វាក់​គ្នា​អត់​មាន​ខុសគេ។​ម៉ាណា​អាច ថា​ទើបតែ ដឹង​ការពិត​រវាង​ម៉ានិតដេត​និង​ឆវិវីន​ក្នុង​រវាង​ពេល​ចុង ក្រោយនេះ​ទើប​នាង​សម្រេចចិត្ត​ចាកចេញ។បើ​អញ្ចឹង​មាន​ហេតុផល​អ្វី ដែល​នាង​ត្រូវ​សម្លាប់​ខ្លួន?
ខ្ញុំ​ងើប​មើល​មុខ​វិទូ រួច​ងាក​មក​រក​​វិចិត្រ​ហាក់​បី​ដូច​ជា​ចង់​សួរ​ថា គេ​គិត​យ៉ាង​ណា​ចំពោះ​រឿង​នេះ។
​វិចិត្រ​បន្លឺ​មួយៗ​ទៅ​រក​វិទូ ៖
លិខិត​លា​ឈប់​មួយ​មិន​អាច​បញ្ជាក់​ថា “នាង​មិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​” បាន​ទេ! ឯ​ការ​អះអាង​របស់​ម្ដាយ​មីង​របស់​នាង​ក៏​មិន​ត្រូវ​យក​មក​វិភាគ​ក្នុង​រឿង​នេះ​ដែរ ឧបមា​ថា​ នាង​រៀប​គម្រោង​សម្លាប់​ឆវីវីន​បំបាត់​គំនុំ ទន្ទឹម​នោះ​នាង​ក៏​រៀប​ចំ​ជើង​ព្រួល​លា​ឈប់​ពី​ការងារ​ វិល​ទៅ​កំពុង​ចាម​វិញ​ ប៉ុន្តែ​ល្ងាច​មិញ​នាង​សម្លាប់​មនុស្ស​ហើយ​ មាន​ការ​ភិតភ័យ​តាំង​អារម្មណ៍​លែង​បាន​ ក៏​ដាច់​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​ឯង​ទៅ ដើម្បី​គេច​វេះ​ពី​ទណ្ឌកម្ម​តាម​ច្បាប់ រឿង​នេះ​ធម្មតា​សោះ​ យើង​មាន​សន្លឹក​រូប​ថត​នេះ​ជា​ភស្តុតាង​ស្រាប់​។
វិទូ​ងក់​ក្បាល​ផ្ងក់ៗ​ហាក់​ទទួល​ថា គេ​មិន​បដិសេធ​យោបល់​វិចិត្រ​ទេ ប៉ុន្តែ​ទន្ទឹម​នោះ​គេ​លូក​ដៃ​ទាញ​សន្លឹក​រូប​ថត​ពី​វិចិត្រ​។​វិទូ លើ​សន្លឹក​រូប​ថត​បង្ហាញ​យើង​បន្ត​ពី​វិចិត្រ​ ម្រាម​ដៃ​គេ​ចង្អុល​ត្រង់​គំនូស​ខ្វែង​ក្រវេមក្រវាម​លើ​សន្លឹម​រូប​ថត​ទាំង​ពោល​មួយៗ ៖
សូម​សម្លឹង​គំនូស​ក្រវេមក្រវាម​នេះ​ឲ្យ​ច្បាស់​ហើយ​ចូល​រួម​ពិចារណា​ទាំង​អស់​គ្នា​ផង។
​ខ្ញុំ​មិន​គិត​ថា វិទូ​កំពុង​ចង់​និយាយ​ពី​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​គេ​ងាក​មក​រក​ខ្ញុំ ដោយ​និយាយ​បន្ត៖
​ល្ងាច​ម្សិលមិញ​​​​​ពេល​ឆែកឆេរ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ថា របាយការណ៍​ការងារ​គ្រប់​តុ​ដែល​នៅ​ទី​នេះ មាន​ប្រើ​ប៊ិច​ពណ៌​ក្រហម​ និង​ខៀវ លើក​លែង​តែ​នាង​ម៉ាណា នាង​បែរ​ជា​ប្រើ​ពណ៌​បៃ​តង​ជំនួស​ឲ្យ​ប៊ិច​ពណ៌​ក្រហម​នៅ​គ្រប់​សន្លឹក​របាយការណ៍…
ខ្ញុំក្រឡឹងគ្រាប់ភ្នែកសញ្ជឹងគិត ត្រូវហើយ​ម៉ាណា​នាង​ស្អប់​ពណ៌​ក្រហម​ណាស់​ ​ព្រោះ​កាល​ពី​នាង​នៅ​តូច​ប៉ា​របស់​នាង​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ នាង​ក៏​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ សាក​សព​ប៉ា​របស់​នាង​បាន​ជោកជាំ​ទៅ​ដោយ​ឈាម​ក្រហម​ច្រាល​ នាង​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង ហេតុ​នេះ​នាង​ស្អប់​ និង​អគតិ​ចំពោះ​ពណ៌​ក្រហម​ណាស់ នាង​មិន​ដែល​ប្រើ​អ្វី​ពណ៌​ក្រហម​ទេ​ សូម្បី​តែ​ប៊ិច​ក៏​ដោយ​ ដូច្នេះ​របាយការណ៍​គឺ​នាង​តែង​ជ្រើសរើស​ប៊ិច​ពណ៌​ខៀវ ហើយ​ចំណុច​ណា​សំខាន់​ គឺ​ប្រើ​ប៊ិច​ពណ៌​បៃ​តង​ជំនួស​ប៊ិច​ក្រហម។ នៅ​ទី​នេះ អ្នក​ណា​ក៏​ដឹង​ពី​បញ្ហា​ចម្លែក​១​នេះ​របស់​នាង​ដែរ!
ខ្ញុំ​ភ្ញាក់​ក្រញាង​ស្វាង​ចែស​ពី​ភាព​សង្ស័យ​ ខ្ញុំ​មើល​ទៅ​ស្នាម​ប៊ិច​ក្រហម​ ដែល​ខ្វែង​ក្រវេមក្រវាម​លើ​សន្លឹក​រូប​ថតខ្ញុំដឹងពីគំនិតវិទូ ហើយភ្លាត់មាត់ដោយមិនដឹងខ្លួន៖
​អ្នក​គូស​ខ្វែង​ក្រហម​លើ​រូប​ថត​ឆវីវីន​មិន​មែន​ជា​ម៉ាណា​ដាច់​ខាត!
​ខ្ញុំ​ងាក​ទៅ​រក​វិចិត្រ​ប្អូន​ជីដូន​មួយ​ខ្ញុំ​ ពន្លឺ​នៃ​ក្ដី​ភ្ញាក់​ផ្អើល​លាយ​ឡំ​ដោយ​ក្ដី​សង្ស័យ​កំពុង​អណ្ដែត​មក​លើ​ផ្ទៃ​មុខ​គេ​ ខ្ញុំ​មិន​ទាន់​ឮ​គេ​ពោល​ថា យ៉ាង​ណា​ទៀត​ផង​ ស្រាប់​តែ​ឮ​ម៉ានិត​ដេត​ដែលស្ងៀមស្ងាត់​​ពោល​សួរ​វិញ៖
​អីចឹង​រូប​ថត​នេះ​អ្នក​ណា​ជា​អ្នក​គូស​កម្ទេច?
វិទូ​ងក់​ក្បាល​ព្រម​ទាំង​តប​ភ្លាម៖
​​សួរ​បាន​ល្អ​ណាស់ តើ​អ្នក​ណា​ជា​អ្នក​គូស​រូប​នេះ ហើយ​ហេតុអ្វី​បែរ​ជា​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្ទះ​ម៉ាណា? មុន​នឹក​រក​ចម្លើយ​ឲ្យ​សំណួរ​នេះ យើង​គិត​ទាំង​អស់​គ្នា​ទៅ​មើល​ ក្នុង​មួយ​វិនាទី​ដំបូង​ដែល​សមត្ថកិច្ច​នៅ​ផ្ទះ​ម៉ាណា​ប្រាប់​ថា​រូប​ថត​១​សន្លឹក​នេះ រក​ឃើញ​ក្នុង​ផ្ទះ​នាង… រូបថតនេះធ្វើអោយ​ម្នាក់ៗ​​គិត​ថា ម៉ាណា​មាន​គំនុំ​ចំពោះ​ឆវីវីន​ជ្រៅ​ជាង​មហាសមុទ្រ​ ហើយ​គេ​នាំ​គ្នា​យល់​ថា​ នាង​សម្លាប់​ឆវីវីន​ដោយ​ស្មាន​ថា​ នាង​សម្លាប់​មនុស្ស​រួច​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ក៏​សម្លាប់​ខ្លួន​គេច​ពី​ការ​ទទួល​ទោស​ អីចឹង​យើង​អាច​និយាយ​បាន​ទេ​ថា អ្នក​ដែល​គូស​រូប​ថត​នេះ​​ក្រវេមក្រវាម​ រួច​យក​ទៅ​ដាក់​ចោល​ក្នុង​ផ្ទះ​ម៉ាណា​ឲ្យ​ប៉ូលិស​រក​ឃើញ គឺ​វា​មាន​បំណង​ពិត​ប្រាកដ​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់​ម៉ាណា​ថា ជា​អ្នក​សម្លាប់​ឆវីវីន!​
​វិចិត្រ​លាន់​មាត់​ពោលវិញ​​លឿន​ជាង​ការ​គិត​របស់​ខ្ញុំ​ទៅ​ទៀត ៖
​គេ​ចោទ​ប្រកាន់​ម៉ាណា​ដើម្បី​អ្វី? បាន​ប្រយោជន៍​អ្វី​ដែល​ធ្វើ​អីចឹង? លើក​លែង​តែ…
​វិទូ​ងក់​ក្បាល​ផ្ងក់ៗ គេ​បន្ត​បញ្ចប់​ប្រយោគ​របស់​វិចិត្រ​ ៖
​លើក​លែង​តែ​គេ​នោះ គឺ​ជា​ឃាតក​ពិត​ប្រាកដ​ដែល​សម្លាប់​ឆវីវីន !

Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment