តើត្រូវធ្វើដូចម្ដេច ដើម្បីឱ្យការសិក្សាជាក្រុមមានប្រសិទ្ធភាព? bookboon.com
តីតសិស្សពូកែភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL) លោក ទេព លីវីណា បានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួនពីរបៀបធ្វើការងារជាក្រុមសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឱ្យទទួលបានលទ្ធផលល្អទៅលើការសិក្សារបស់ខ្លួន។ គន្លឹះសំខាន់ៗទាំងនោះត្រូវបានសរសេរពន្យល់នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា« របៀបក្នុងការក្លាយជាសិស្សរៀនពូកែនៅមហាវិទ្យាល័យ (HOW TO BECOME AN OUSTANDING COLLEGE STUDENT)»។
មនុស្សជាច្រើនដែលធ្វើការជាលក្ខណៈបុគ្គលទៅលើកិច្ចការមួយ មិនធានាថា វាមានគុណភាពសម្រាប់កិច្ចការងារទាំងនោះទេ ប្រសិនបើបុគ្គលនោះមិនមានការគ្រប់គ្រងនិងរៀបចំឱ្យបានត្រឹមត្រូវ។ ដូច្នេះដើម្បីជួយឱ្យការធ្វើការងារជាក្រុមមានប្រសិទ្ធិភាពល្អនិងស៊ីសង្វាក់គ្នា លោក ទេព លីវីណា បានផ្ដល់ជូននូវគោលការណ៍ណែនាំមួយចំនួនសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សា យកមកអនុវត្ត៖
ការជ្រើសរើសកន្លែងធ្វើការងារជាក្រុម (Environmentally-friendly venue) ៖ ត្រូវជ្រើសរើសទីតាំងដែលមានផាសុកភាពល្អ សម្រាប់កន្លែងប្រជុំ ឬកន្លែងសិក្សាជាក្រុម ។ ការជ្រើសរើសទីតាំងធ្វើឱ្យសមាជិកនៅក្នុងក្រុមមានភាពកក់ក្ដៅទៅលើទីកន្លែង រួមបញ្ចូល អាកាសធាតុ កៅអីសិក្សា ពន្លឺ ក្លិន សំឡេង និងទិដ្ឋភាពផ្នែករូបរាយកាយផ្សេងទៀត។
កំណត់របៀបវារៈឱ្យបានច្បាស់និងត្រឹមត្រូវ (Clear and proper agenda)៖ ត្រូវប្រាកដថា សមាជិកក្រុមដឹងយ៉ាងច្បាស់ថា អ្វីដែលពួកគេកំពុងធ្វើអំឡុងពេលកិច្ចប្រជុំនេះ ពីព្រោះការប្រជុំមានរយៈពេលខ្លី។ ការកំណត់របៀបវារៈនេះវាមានសារៈសំខាន់ខ្លាំងណាស់ ធ្វើសមាជិកក្រុមស្ថិតនៅក្នុងអ្វីដែលគេកំពុងធ្វើ ដោយមិនចំណាយពេលវេលាកន្លងទៅអត់ប្រយោជន៍។
បទបញ្ជាផ្ទៃក្នុង (Internal Rule)៖ ទោះបីសមាជិកក្រុមមិនបានធ្វើវាឱ្យដូចទៅហ្នឹច្បាប់ដែលមានលក្ខណៈដាច់ខាត ប៉ុន្តែបទបញ្ជាផ្ទៃក្នុងត្រូវតែបង្កើតឡើង និងទទួលស្គាល់ដោយសមាជិកក្រុមទាំងអស់។ បទបញ្ជាផ្ទៃក្នុងនេះត្រូវបានការពារសមាជិកក្រុម និងធ្វើឱ្យការងារក្រុមប្រព្រឹត្តិទៅបានល្អប្រសើរ ពុំមានការរំខានការងារដូចជា ការនិយាយទូរស័ព្ទអំឡុងពេលប្រជុំជាដើម។
មានសម្ភារៈសិក្សាគ្រប់គ្រាន់ (Enough study material)៖ ត្រូវឱ្យច្បាស់ថា សមាជិកក្រុមបានយកសម្ភារៈសិក្សាផ្ទាល់ខ្លួនទៅកន្លែងប្រជុំ។ អ្នកត្រូវប្រាកដថា សម្ភារៈសិក្សាគឺតែងតែសមស្របក្នុងការប្រើប្រាស់នៅពេលប្រជុំ។ ដូច្នេះត្រូវរំលឹកនិងបញ្ជាក់បន្ថែមទៅសមាជិកក្រុមរបស់អ្នកថា ពួកគេត្រូវតែយកឯកសារនិងសម្ភារៈសិក្សារបស់ខ្លួនមកជាមួយដោយពួកគេមិនចំណាយពេលវេលាត្រលប់ក្រោយទៅយក ឬខ្ចីពីអ្នកដទៃ។
ការកំណត់ភារកិច្ចនិងការទទួលខុសត្រូវផ្សេងគ្នា ( Distinct role and responsibility for each member) ៖ រកការងារណាដែលងាយស្រួលសម្រាប់សមាជិកក្រុមនីមួយ។ ក្នុងការសន្សំពេលវេលា គ្រប់សមាជិកក្រុមទាំងអស់ត្រូវតែធ្វើការងារផ្សេងគ្នាដែលអាចត្រូវបានប្រមូលផ្ដុំគ្នាហើយអាចសម្រេចជាសមិទ្ធផលចុងក្រោយ។
ការកត់ត្រាទុក (Record)៖ ខួរក្បាលរបស់មនុស្សអាចចង់ចាំពាក្យដែលយើងនិយាយបានត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។ ដូច្នេះការសរសេរទុកជាឯកសារ ឬរបាយការណ៍ផ្សេងៗគឺវាមានសារៈសំខាន់ណាស់ សម្រាប់ទុកឱ្យយើងយកទៅជជែកពិភាក្សានៅកិច្ចប្រជុំក្រោយទៀត។កាន់តែល្អទៅទៀតនោះ នៅក្នុងការប្រជុំក្រុម យើងក៏ប្រើម៉ាស៊ីនថតសំឡេង ដើម្បីរក្សាទុកសម្រាប់កិច្ចប្រជុំនៅពេលក្រោយទៀតដែរ៕
0 comments:
Post a Comment